សម្តេចតេជោ ហ៊ុន សែន បានស្នើសុំអោយភាគីចិន ជួយផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ ដែលមាននៅកម្ពុជា
នៅព្រឹកថ្ងៃទី១១កញ្ញា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ ចូលរួមកិច្ចសន្ទនាតុមូល ជាមួយនាយកប្រតិបត្តិក្រុមហ៊ុនធំៗនៃប្រទេសចិន ដែលបានមកវិនិយោគ នៅកម្ពុជាចំនួន៦។ កិច្ចសន្ទនានេះក៏មានការចូលរួមពី លោក ឈិន ចូវ អនុប្រធាន នៃក្រុមប្រឹក្សាជម្រុញពាណិជ្ជកម្ម អន្តរជាតិ ចិន លោក ឈិន វូ អភិបាលតំបន់ស្វយ័តក្វាងស៊ី រួមទាំងតំណាងក្រុមហ៊ុន ព្រមទាំងមានអ្នកសារព័ត៌មានជាតិ អន្តរជាតិជាច្រើនរូបផងដែរ។
លោក ឈិន វូ អភិបាលតំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី ក៏ដូចជាប្រជាជនចិន បានចាត់ទុក សម្តេចតេជោ គឺជាមិត្តចាស់និងជាមិត្តដ៏ល្អទុក ចិត្តបានរបស់ប្រទេស និងប្រជាជនចិន។ សម្តេចតេជោ គឺជាមេដឹកនាំអាស៊ានមួយរូប ដែលមានវត្តមានអញ្ជើញមក ចូលរួមពិព័រណ៌ចិន-អាស៊ាន និងវេទិកាធុរកិច្ចចិន-អាស៊ាន ច្រើនជាងគេនៅទីក្រុងណាននីង។
សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍និងអបអរសាទរ ចំពោះកិច្ចសន្ទនា តុមូលជាមួយ នាយកប្រតិបត្តិក្រុមហ៊ុន ក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេស ជំរុញការវិនិយោគពីប្រទេសចិន ទៅកាន់កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ គឺកម្ពុជាមានស្ថិរភាពនយោបាយ ដែលជាកត្តាកំណត់ ឲ្យមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងទទួលបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ គឺប្រមាណ ៧,៦% ចន្លោះឆ្នាំ ១៩៩៤-២០១៥ ដែលជាប់ចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមប្រទេសដែលមាន សេដ្ឋកិច្ចរីកចម្រើនលឿន នៅលើពិភពលោក។ នៅឆ្នាំ ២០១៧ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាទទួលបាន ៧% ហើយរំពឹងថា កំណើតសេដ្ឋកិច្ចនឹងខ្ពស់ជាង ៧% នៅឆ្នាំ ២០១៨ នេះ។ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី ៦ នៃរដ្ឋសភា កម្ពុជានៅតែបន្តធានា ឲ្យបាននូវស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ធានាបាននូវបរិយាកាសធុរកិច្ច និងវិនិយោគដ៏ល្អប្រសើរ សម្រាប់វិនិយោគិនបរទេស ជាពិសេស វិនិយោគិនពីប្រទេសចិន។ ដោយឡែកពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិន ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ដោយបានកើនឡើងដល់ ៥,៨ ប៊ីលានដុល្លារអាមេរិក តាមស្ថិតិឆ្នាំ ២០១៧ គឺកើនឡើងប្រមាណ ២២% ធៀបនឹងឆ្នាំកន្លងទៅ។ សម្រាប់ការវិនិយោគពីប្រទេសចិន មានការកើនឡើងគួរឲ្យកត់សម្គាល់ រយៈពេលបីឆ្នាំកន្លងទៅនេះ ដោយបានកើនឡើងពីប្រមាណ ៩០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០១៦ ដល់ ១,៦ ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ ២០១៧ និងក្នុងរយៈពេល ៧ ខែដើមឆ្នាំ ២០១៨ នេះបានកើនដល់ ២,៨ ប៊ីលានដុល្លារអាមេរិក។ អ្នកទេសចរចិនទៅទស្សនាកម្ពុជាវិញ បានកើនឡើងដល់ ១,៣ លាននាក់ ហើយមានក្រុមហ៊ុនអាកាសចរណ៏ចិនចំនួន ១៦ ក្រុមហ៊ុនកំពុងប្រតិបត្តិការហោះហើរត្រង់ ពីចិនទៅកម្ពុជា។ លើសពីនេះទៀត ដើម្បីឆ្លើយតបទៅនឹងកំណើន ទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៏រវាងប្រទេសទាំងពីរ ក្រុមហ៊ុនអាកាសចរណ៍ AirChina នឹងបើកជើងហោះហើរត្រង់ពីប៉េកាំងទៅភ្នំពេញ ដោយចាប់ផ្តើមនៅថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ។
កម្ពុជាមានសក្តានុពលវិនិយោគធំៗ លើវិស័យអាទិភាព ជាច្រើនរបស់រាជរដ្ឋាភិបាល ដូចជាវិស័យកសិកម្ម, កសិ-ឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ឧស្សាហកម្ម, ឧស្សាហកម្មនាំចេញ រ៉ែ និងថាមពល,ទេសចរណ៍ និងវិស័យហិរញ្ញវត្ថុជាដើម។ វិស័យអាទិភាព និងប្រកបដោយសក្តានុពលទាំងនេះ នៅមិនទាន់មានការអភិវឌ្ឍ ពេញលេញនៅឡើយ ដោយរង់ចាំការវិនិយោគដោយ ផ្ទាល់ពីវិនិយោគិនបរទេស ជាពិសេសវិនិយោគិន និងសហគ្រិនពីប្រទេសចិន។ ជាមួយនឹងបរិបទតំបន់ដែល កំពុងប្រែប្រួលយ៉ាងឆាប់រហ័ស និងបន្តកំណើនសេដ្ឋកិច្ចខ្ពស់រាជរដ្ឋាភិបាល តែងតែបុរេសកម្មក្នុងការកែទម្រង់, ការរៀបចំ និងការដាក់ចេញនូវផែនការ, គោលនយោបាយសេដ្ឋកិច្ច និងគោលនយោបាលវិនិយោគ, និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ជាក់ស្តែងរបស់វិស័យឯកជន, ជាពិសេសធ្វើយ៉ាងណា ជំរុញអោយភាពប្រកួតប្រជែង របស់កម្ពុជាកាន់តែល្អប្រសើរឡើង។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំអោយភាគីចិន ជួយផ្សព្វផ្សាយអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគ ដែលមាននៅកម្ពុជា និងជួយជំរុញឲ្យវិនិយោគិនដទៃៗទៀត មកវិនិយោគ នៅប្រទេសកម្ពុជាយើង៕