វិភាគ៖ ការដោះលែងលោកកឹមសុខា គិតទាំងទិដ្ឋភាពច្បាប់ មនោសញ្ចេតនា និងនយោបាយ!
ភ្នំពេញ៖លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ឃុំខ្លួនទាំងកណ្តាលអធ្រាត្រ កាលពីយប់ថ្ងៃទី០២ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ នៅផ្ទះរបស់លោក ស្ថិតនៅផ្ទះលេខ៩៧ ផ្លូវលេខ៣១៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកកឹមសុខា ត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិ ហើយត្រូវបានបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនប្រទេសវៀតណាម។គ្មានអ្វីថា ខ្មែរមិនអាចនិយាយគ្នា គ្មានអ្វីដែលថា ខ្មែរមិនអាចចរចាដោះស្រាយរវាងខ្មែរ និងខ្មែរនោះទេ ឲ្យតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជាធំ។
រហូតដល់យប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ លោកកឹមសុខា ត្រូវបានចៅក្រម សម្រេចដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ហើយនៅទៀបភ្លឺ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ត្រូវបានគេប្រកាសថា លោកកឹមសុខា ត្រូវបាននាំខ្លួន មកដល់ផ្ទះរបស់លោកក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញវិញហើយ។ក៏ប៉ុន្តែតាមដីការបស់ចៅក្រម អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ លោកកឹមសុខា ដែលត្រូវដោះលែងឲ្យនៅក្រៅឃុំនេះ ត្រូវបន្តជាប់ឃុំខ្លួនក្នុងផ្ទះរបស់លោក។ លោក គី ឬទ្ធី ចៅក្រមស៊ើបសួររបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ បានកំណត់ក្នុងដីកានូវព្រំដែនដែនរបស់លោកកឹមសុខា មិនឲ្យចេញផុតពីផ្លូវនៅជុំវិញផ្ទះរបស់លោកឡើយ។
ចៅក្រម ក៏បានកំណត់លក្ខខណ្ឌសម្រាប់លោកកឹមសុខា គឺមិនត្រូវចេញក្រៅរបងផ្ទះ មិនត្រូវជួបបុគ្គលមួយចំនួន ដូចជា អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងបុគ្គលដែលអាចពាក់ព័ន្ធនឹងសំណុំរឿង ជនបរទេស ជាពិសេសជនបរទេស ដែលអាចមានការពាក់ព័ន្ធនឹងសំណុំរឿង និងមិនត្រូវធ្វើសកម្មភាពជួបជុំក្នុងគោលដៅនយោបាយ ឬសក្មភាពនយោបាយផ្សេងទៀតទេ។យ៉ាងណាក៏ដោយ ចៅក្រម ក៏បានកំណត់ថា ក្នុងករណីចាំបាច់ ដោយសារហេតុផលសុខភាព ដែលលោកកឹមសុខា ត្រូវចាកចេញពីព្រំប្រទល់ដែនដីនេះ ( ផ្ទះរបស់លោក ) ត្រូវរាយការណ៍សុំការអនុញ្ញាតពីចៅក្រមស៊ើបសួរ ឬចៅក្រម ដែលមានសមត្ថកិច្ច។ជាការពិត ការដោះលែងលោកកឹមសុខាឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នាពេលនេះ ចៅក្រមបានសំអាងហេតុផលផ្លូវច្បាប់ត្រឹមត្រូវ ពោលគឺសំអាងហេតុថា “ដោយេហេតុផលសុខភាពរបស់ជនត្រូវចោទ និងដើម្បីធានាឲ្យជនត្រូវចោទមានវត្តមានចំពោះមុខតុលាការ និងដើម្បីជៀសវាងការរាំងស្ទះក្នុងនីតិវិធីស៊ើបសួរ គប្បីដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ តាមបញ្ញត្តិមាត្រា ២២៣ ២២៦ និងមាត្រា២៣០ ក្រុមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា”។
ជាមួយគ្នានោះ នៅព្រលប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចតេជោហ៊ុនសែន បានប្រាប់ក្រុមនិស្សិតខ្មែរ ដែលសិក្សា នៅក្រុងណាននីង ខេត្តក្វាស៊ីង ប្រទេសចិនថា ការដោះលែងលោក កឹម សុខា ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅថ្ងៃនេះ គឺដោយសារបញ្ហាសុខភាព។ ការនៅក្រៅឃុំរបស់លោក កឹម សុខា ក៏ស្ថិតនៅក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់តុលាការ។ លោក កឹម សុខា ក៏បានស្នើសុំអន្តរាគមន៍ពីស្ថាប័នក្រសួងមហាផ្ទៃ ក្នុងការការពារសុខសុវត្ថិភាពរូបលោក កឹម សុខា ក្នុងពេលជាប់ឃុំឃាំងនៅក្នុងផ្ទះ នាពេលនេះផងដែរ។ម្យ៉ាងទៀត ការដោះលែងលោកកឹមសុខា ចេញពីពន្ធនាគារនៅពេលនេះ បានធ្វើឡើងនៅមុនរដូវភ្ជុំបិណ្ឌ ដែលនឹងធ្វើឡើងនៅថ្ងៃទី៨-៩-១០ ខែតុលា ឆ្នាំ២០១៨។ ជាប្រពៃណី នៅរដូវបុណ្យភ្ជុំបិណ្ឌ តាមទម្លាប់ខ្មែរយើង តែងតែជួបជុំក្រុមគ្រួសារ សាច់ញត្តិ ដូច្នេះក្នុងរដូវបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ លោកកឹមសុខា អាចជួបជុំក្រុមគ្រួសារសាច់ញាត្តិ ពិសេសជួបម្តាយចាស់ជរា បានធ្វើបុណ្យធ្វើទានជួបជុំគ្នាផងដែរ។
ដោយឡែក ពាក់ព័ន្ធនឹងនយោបាយវិញ នៅពេលនេះ ការបោះឆ្នោតរួចរាល់ ហើយរដ្ឋសភាថ្មី និងរាជរដ្ឋាភិបាលថ្មី ក៏ត្រូវបានបង្កើតឡើង។ សម្តេចតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅបន្តដឹកនាំប្រទេស បន្តរក្សាសន្តិភាព និងការអភិវឌ្ឍន៍។ ក្នុងរយៈពេល ៥ឆ្នាំ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៦ គឺច្បាស់ណាស់ មិនមានឧបស័គប្រជែងអំណាចពីគណបក្សនយោបាយណាមួយទេ។រីឯលោកកឹមសុខា រួមទាំងថ្នាក់ដឹកនាំ អ្នកនយោបាយរបស់អតីតគណបក្សសង្គ្រោះជាតិ ១១៧ នាក់ផ្សេងទៀត ត្រូវបានជាប់បំរាម មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ ពោលគឺរហូតដល់ការបោះឆ្នោត ឆ្នាំ២០២៣ ទើបអតីតអ្នកនយោបាយទាំង ១១៨នាក់ រាប់ទាំងលោកកឹមសុខា មានសិទ្ធិក្នុងការធ្វើនយោបាយឡើងវិញ។
ម្យ៉ាងទៀត ការដោះលែងលោកកឹមសុខា ចេញពីពន្ធនាគារនាពេលនេះ ក៏ជាការបន្ធូរបន្ថយស្ថានការណ៍នយោបាយនៅកម្ពុជា បន្ទាប់ពីការដោះលែងអ្នកវិភាគសង្គមលោកគឹមសុខ សកម្មជនដីធ្លីអ្នកស្រីទេពវន្នី អ្នកកាសែតពីររូប អ្នកនយោបាយលោកសួនសេរីរដ្ឋា លោកអ៊ុំសំអាន ព្រមទាំងអតីតសកម្មជនថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ១៤រូប ដឹកនាំដោយលោកមាជសុវណ្ណារ៉ា ជាបន្តបន្ទាប់កាលពីចុងខែសីហា។ការដោះលែងចុងក្រោយលើលោកកឹមសុខានេះ ក៏ជាការចង់បានរបស់សហគមន៍អន្តរជាតិ ដូចជា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ជាដើម។សរុបមក គ្រប់ទិដ្ឋភាព គឺទាំងទិដ្ឋភាពច្បាប់ ទាំងមនោសញ្ចេតនា និងទាំងនយោបាយ សុទ្ធតែស្ថិតនៅក្នុងការដោះលែងលោកកឹមសុខា។ លោកកឹមសុខា ដែលជាអ្នកធ្វើនយោបាយតាំងពីឆ្នាំ១៩៩៣ ក្នុងគណបក្សលោកតាសឺនសាន បន្តទៅហ៊្វុនស៊ិនប៉ិច ចេញទៅធ្វើអង្គការសិទ្ធិមនុស្ស ហើយបង្កើតគណបក្សសិទ្ធិមនុស្ស និងចុងក្រោយ លោកកឹមសុខាបានទៅរួបរួមជាមួយលោកសមរង្ស៊ី ដើម្បីបង្កើតគណបក្សសង្គ្រោះជាតិ ធ្វើឡើងក្នុងបំណងដើម្បីប្រទេសកម្ពុជា ការអភិវឌ្ឍន៍ សុខសន្តិភាព សិទ្ធិសេរីភាព និងយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
ដូច្នេះអំណេះតទៅ គ្មានអ្វីថា ខ្មែរមិនអាចនិយាយគ្នា គ្មានអ្វីដែលថា ខ្មែរមិនអាចចរចាដោះស្រាយរវាងខ្មែរ និងខ្មែរនោះទេ ឲ្យតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាជាធំ។ ម្យ៉ាងទៀត នៅពេលនេះ អតីតគណបក្សសង្គ្រោះជាតិ ក៏បានរលាយទៅហើយ ហើយអ្នកនយោបាយ ជាអតីតថ្នាក់ដឹកនាំក្នុងគណបក្សប្រឆាំងទាំង ១១៨នាក់ រួមទាំងលោកកឹមសុខា ក៏មិនអាចធ្វើនយោបាយរយៈពេល ៥ឆ្នាំទៅទៀត។ ពោលគឺមិនមានអ្វីមកគំរាមកំហែងដល់ស្ថិរភាពនយោបាយ នៅកម្ពុជាទៀតនោះទេ៕