រដ្ឋាភិបាលរដ្ឋ Texas ប្ដឹងក្រុមហ៊ុន Meta ទាក់ទងទៅនឹងការប្រើប្រាស់ប្រព័ន្ធ Face Recognition (សម្គាល់ មុខ )
ភ្នំពេញ ៖ អាជ្ញាធររដ្ឋ Texas សហរដ្ឋអាមេរិកបានប្ដឹងក្រុមហ៊ុន Meta ទាក់ទងទៅនឹងការប្រើប្រាស់ប្រព័ន្ធ Face Recognition ដោយចោទប្រកាន់ថា ប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកបានរំលោភលើច្បាប់ការពារឯកជនភាពរបស់រដ្ឋជាមួយនឹងបច្ចេកវិទ្យាសម្គាល់មុខ ដែលប្រមូលទិន្នន័យជីវមាត្ររបស់ប្រជាជននៅក្នុងរដ្ឋ Texas រាប់លាននាក់ដោយគ្មានការយល់ព្រមពីពួកគេ នេះបើតាមការផ្សព្វផ្សាយ របស់សារព័ត៌មាន the Wall Street Journal។ នេះបើតាមការផ្សាយព័ត៌មាន របស់នាយករដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
នៅក្នុងពាក្យបណ្ដឹងរដ្ឋាភិបាលក៏បានចោទប្រកាន់ Facebook ពីបទទាញយកព័ត៌មានជីវមាត្រពីរូបថត និងវីដេអូដែលអ្នកប្រើប្រាស់ បានបង្ហោះដោយគ្មានការយល់ព្រម បង្ហាញព័ត៌មានដល់អ្នកដទៃ និងខកខានក្នុងការបំផ្លាញវាក្នុងរយៈពេលដ៏សមរម្យមួយ។
កាលពីចុងឆ្នាំកន្លងទៅក្រុមហ៊ុន Meta បានប្រកាសថា នឹងបិទប្រព័ន្ធ Face Recognition របស់កម្មវិធីហ្វេសប៊ុកហើយសន្យាថា នឹងលុបចោលទិន្នន័យរបស់អ្នកប្រើប្រាស់ ដែលពួកគេបានប្រមូលដែលមានចំនួនប្រមាណមួយពាន់លាននាក់។ មុខងារសម្គាល់មុខត្រូវបានក្រុមហ៊ុន ដាក់បញ្ចូលទៅក្នុងកម្មវិធីហ្វេសប៊ុកកាលពីឆ្នាំ២០១១ ប៉ុន្តែក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនបានធ្វើការផ្លាស់ប្ដូរមួយ ចំនួនដែលអាចឱ្យអ្នកប្រើប្រាស់បិទប្រព័ន្ធ Face Recognition បាន។ បច្ចុប្បន្នមានអ្នកប្រើប្រាស់តែប្រមាណ ៣០ភាគរយដែលកំពុងតែប្រើមុខងារនេះ។
គួរបញ្ជាក់ផងដែរថា ប្រជាប្រិយភាពរបស់កម្មវិធីហ្វេសប៊ុក មានការថយចុះខ្លាំងក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះជាមួយនឹងក្មេងវ័យជំទង់។ ក្នុងឆ្នាំ២០១២ ៩៤% នៃក្មេងជំទង់មានគណនីហ្វេសប៊ុក ប៉ុន្តែចំនួននេះបានថយចុះនៅសល់តែ២៧%នៅក្នុងឆ្នាំ២០២១ ហើយពួកគេបានងាកមកប្រើ កម្មវិធីទំនាក់ទំនងសង្គមផ្សេងៗទៀតមានដូចជា Snapchat, Twitter, Instagram និង TikTok ជំនួសវិញ៕