ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សូត្រ ប៊ុនធីមានសង្ឃឹមឈ្នះ ឯ លី ភាស្រពិចស្រពិលនៅឡើយ

117

​ភ្នំពេញ:ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវរដូវកាលទី៧លើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី១៥កញ្ញានឹងមានការប្រកួតចំនួន២គូទៀត ។

​លី ភាក្លិបសំរោងកោងកីឡាខេត្តបាត់ដំបងត្រូវជួបជាមួយអ្នកប្រដាល់ថៃផាត ងិនថង(Phat Ngenthong)ដែលជាអ្នកប្រដាល់មិនស្រួល បង្ក្រាបនោះឡើយ ។ លី ភាមិនសូវលេចមុខលេចមាត់នោះ ឡើយគេធ្លាប់បង្ហាញមុខប្រកួតជាមួយអ្នកប្រដាល់ថៃនៅសង្វៀន អាស៊ីអាគ្នេយ៍ម្ដងតែគេជួបបរាជ័យ ។

​ចំពោះផាត ងិនថងគេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់ ដោយមានឈ្នះមានចាញ់ ។ អ្នកប្រដាល់ថៃរូបនេះមិនស្រួលបង្ក្រាបនោះ ឡើយទោះបីគេមិនសូវប្រើកែងក៏ពិតមែន តែតែកណ្ដាប់ដៃ ជង្គង់ និងស្នៀតទាត់របស់គេល្អមិនតែប៉ុណ្ណោះ ការវ៉ៃចេញរបស់គេចំគោលដៅល្អណាស់ ។

​អ្នកប្រដាល់ទាំង២រូបនេះពុំធ្លាប់ជួបប្រកួតគ្នាពីមុនមកនោះឡើយ ។ សម្រាប់ការជួបគ្នានេះទាំងសងខាងសុទ្ធ តែត្រូវការឈ្នះដូចគ្នាដូច្នេះពួកគេសុទ្ធតែត្រៀម ខ្លួនបានល្អជាមុនហើយតែរឿងចាញ់ ឬ ឈ្នះមិនអាចទាយមុនបាននោះឡើយ ។

​លី ភាមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៤ដង និង ចាញ់១១ ដង ។ ចំពោះអ្នកប្រដាល់ថៃផាត ងិនថងវិញនោះគេមានប្រវត្តិប្រកួតចំនួន៧៩ដង ឈ្នះ៦៨ដង ចាញ់១១ ដង ។ចាំមើលរវាងលី ភា និង ផាត ងិនថងនរណាជួបសំណាងល្អ ?

​ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរសូត្រ ប៊ុនធីក្លិបបក្សីស្លាបដែកត្រូវជួបជាមួយ អ្នកប្រដាល់ថៃឈ្មោះផាត ថាណា(Phat Thana) ។

​អ្នកប្រដាល់ទាំង២រូបនេះក៏ពុំធ្លាប់ជួបប្រកួតគ្នាពីមុនមកដែរ ។សម្រាប់សូត្រ ប៊ុនធីទោះបីភាពអំណត់របស់គេមិនសូវខ្លាំងក៏ពិតមែនតែកែង និង ជង្គង់របស់គេអស្ចារ្យណាស់ ។គេតែងតែប្រើជង្គង់ និង កែងជាអាវុធដើម្បីផ្ដួលគូ
ប្រកួតបានញឹកញាប់ណាស់ ។អ្នកប្រដាល់កម្ពុជារូបនេះចិត្តមិនសូវធំប៉ុន្មានឡើយ គឺបើគេមានប្រៀបលើគូប្រកួតគេនឹងវាយផ្ដួលភ្លាមៗតែម្ដង តែបើគូប្រកួតខ្លាំងជាង ឬ ការប្រកួតស្ថិតក្នុងភាពតឹងតែងនោះគេវ៉ៃចេញលែងរួចតែម្ដង ។

​ចំពោះផាត ថាណាទោះបីគេធ្លាប់មកប្រកួតនៅស្រុកខ្មែរក៏ពិត មែនតែអ្នកប្រដាល់រូបនេះមិនសូវទាក់ចិត្តអ្នកទស្សនានោះទេ ។ ចិត្តគេមិនសូវធំ ឯ ភាពក្លាហានក៏មិនសូវមានតែកលល្បិចរបស់គេមិនអន់ឡើយ ។

​សូត្រ ប៊ុនធីមានប្រវត្តិប្រកួតចំនួន១១០ដង ឈ្នះ៨៦ដង ចាញ់២០ដង ស្មើពិន្ទុ៤ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន២០ដងដែរ ។ចំពោះផាត ថាណាវិញគេមានប្រវត្តិប្រកួតចំនួន៥៧ដង ឈ្នះ៥០ដង និងចាញ់៧ដង ។គេជឿថាសូត្រ ប៊ុនធីទំនងជាមានឱកាសឈ្នះច្រើនជាង ៕

អត្ថបទដែលជាប់ទាក់ទង