ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសមីយ៉ាន់ម៉ា នឹងអាចចំណាយពេលពី៥ទៅ១០ឆ្នាំ ទើបមានពន្លឺសន្តិភាព

127

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ប្រទេសមីយ៉ាន់ម៉ា នឹងអាចចំណាយពេល ពី៥ទៅ១០ឆ្នាំ ទើបមានពន្លឺសន្តិភាព ប្រសិនបើស្ថានភាពដូចបច្ចុប្បន្ន នៅតែបន្ត ហើយគ្មានដំណោះស្រាយ ប៉ុន្តែទោះជាយ៉ាងនេះ ក្តីសម្តេចបានប្តេជ្ញាថា នឹងមិនបោះបង់ចោលការ ខិតខំជួយមីយ៉ាន់ម៉ានោះទេ។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានចំនួន៧កន្លែង នៅក្រចេះ និងព្រៃវែង នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ចាំមើលទៅ ខ្ញុំវ៉ៃក្រឡាទុកឱ្យ ៥ឆ្នាំទៀត ប្រសិនបើធ្វើរបៀបនេះ ៥ឆ្នាំទៅ១០ឆ្នាំឡើងលើ ចាំមើលទៅប្រសិនបន្តធ្វើដំណើរការបែបនេះ ប៉ុន្តែខ្ញុំនិយាយក្នុងនាមកម្ពុជា មិនមែនក្នុងនាមប្រធានអាស៊ានទេ សូមកុំចងភ្ជាប់ខ្ញុំជាមួយប្រធានអាស៊ាន ប៉ុន្តែចក្ខុវិស័យរបស់ ហ៊ុន សែន ច្បាស់ណាស់ប្រសិនបើបន្តបែបនេះតទៅទៀត ៥ទៅ១០ឆ្នាំទៀតប្រហែលជាមិនទាន់ឃើញពន្លឺសន្តិភាពនៅមីយ៉ាន់ម៉ាទេ»

មីយ៉ាន់ម៉ា កំពុងជួបនូវវិបត្តិនយោបាយក្នុងប្រទេស ចាប់តាំងពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីក្រុមយោធា បានចាប់ខ្លួនលោកស្រី អោងសាន ស៊ូជី ដាក់ពន្ធនាគារ ក្រោយការបោះឆ្នោត។ វិបត្តិនេះបានអូសបន្លាយប្រមាណមួយឆ្នាំមកហើយ ហើយបង្កជាអំពើហិង្សា និងការផ្ទុះអាវុធជាបន្តបន្ទាប់។

កាលពីខែមករាកន្លងទៅ ឆ្លើយតបនឹងដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន, មេដឹកនាំយោធារបស់មីយ៉ាន់ម៉ា លោក អោង មីង ឡាំង បានយល់ព្រមពន្យារ ពេលបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំ២០២២ ព្រមទាំងធានាសម្របសម្រួល ឱ្យប្រេសិតពិសេសប្រធានអាស៊ាន អាចចូលជួបជជែកជាមួយភាគីជម្លោះនៅក្នុងមីយ៉ាន់ម៉ា និងជួយសម្របសម្រួលដល់ ការផ្តល់ជំនួយទៅកាន់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា គ្រប់ភាគីទាំងអស់ផងដែរ។ ប៉ុន្តែក្រោយមកទៀត មីយ៉ាន់ម៉ានៅតែមានការផ្ទុះអាវុធ ដោយមិនអាចបញ្ឈប់អំពើហិង្សាបាន។

អ្នកវិភាគ និងមជ្ឈដ្ឋានមួយចំនួនបានរិះគន់ចំពោះ ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ខណៈប្រទេសខ្លះទៀតបង្ហាញការគាំទ្រ។ ក្នុងអត្ថបទវិភាគរបស់ខ្លួន សារព័ត៌មាន Aljazeera បានរិះគន់ថា ទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា យុទ្ធសាស្ត្រ ការទូត ដ៏ ប្រថុយប្រថាន ដែលប្រៀបប្រដូចជា Cowboy Diplomacy។

ក្នុងពិធីដដែលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មចំពោះការរិះគន់សម្តេចថា អ្នកទូតប្រថុយប្រថានផងដែរ។ សម្តេចបានទាមទារឱ្យអ្នក ដែលរិះគន់នោះពន្យល់អ្វីទៅដែលហៅថា ការទូតប្រថុយប្រថាន (cowboy diplomacy)។

សម្តេចបានថ្លែងថា «ពេលដែលខ្ញុំទៅដល់ណៃពិដោរ តើសភាពការណ៍បាន ប្រែប្រួលហើយឬនៅ? ខ្ញុំចេញពីណៃពិដោរ តើសភាពការណ៍ប្រែប្រួលហើយឬនៅ? គឺអត់ទេ នៅតែអញ្ចឹង»។ សម្តេចបន្តថា៖ «តើវាងាប់ឬអី? តើមានមនុស្សប៉ុន្មាននាក់ ងាប់ដោយសារទស្សនកិច្ចរបស់ខ្ញុំ។ ផ្ទុយទៅវិញដំណើរស្វែងរកសន្តិភាព មិនមែនទៅព្រឹកមកវិញបានផលល្ងាចនោះទេ»

សម្តេចតេជោ ក៏បានលើកឡើងទាក់ទងអំពីករណី បុគ្គលមួយចំនួនរិះគន់ ទៅលើការអត្ថាធិប្បាយ លោកស្រីប្រេសិតពិសេសអង្គការសហប្រជាជាតិ ដែលលើកឡើងអំពីការបែងចែក អំណាចដល់ក្រុមយោធា។ សម្តេចថ្លែងថា៖ «អញ្ចឹងមានន័យថា អ្នកនោះកំពុងព្យាយាមក ម្ចាត់ចោលទាំងស្រុង នូវកម្លាំងកងទ័ពមីយ៉ាន់ម៉ា តែម្តង អញ្ចឹងតើនេះជាចំណុចបង្រួបបង្រួមជាតិ»

សម្តេចបានបន្តថា៖ «សូម្បីតែប្រេសិត ពិសេសអគ្គលេខាធិការអង្គការ សហប្រជាជាតិនិយាយប៉ុណ្ណឹង អ្នកឯងចាប់ផ្តើមវ៉ៃទៅហើយ អញ្ចឹងប្រធានអាស៊ាន ក៏អត់ធ្វើអីកើត ប្រេសិតពិសេស អគ្គលេខាធិការអង្គការសហប្រជាជាតិក៏ធ្វើអីអត់កើត អញ្ចឹងទេមានតែនៅមីយ៉ាន់ម៉ា បន្តមានមនុស្សស្លាប់តែប៉ុណ្ណោះ ស្លាប់ដោយបាញ់គ្នា ស្លាប់ដោយអត់បាយ ដែលក្លាយទៅ ជាវិបត្តិមនុស្សធម៌ នៅពេលខាងមុខ»

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រសិនបើសម្តេចនៅស្ងៀមគេនឹងរិះគន់ថា សម្តេចមិនសកម្ម។ ទោះជាយ៉ាងណាសម្តេចបញ្ជាក់ថា «មិនប្រាកដថា ប្រទេសអ្នកក្រចក្ខុវិស័យ ទន់ខ្សោយទេណា ហើយក៏មិនប្រាកដថាប្រទេសអ្នកមាន ចក្ខុវិស័យពូកែនោះទេ»

អត្ថបទដែលជាប់ទាក់ទង