ប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវពង្រឹងវិស័យ ហិរញ្ញវត្ថុរបស់ខ្លួន ឱ្យបានឆាប់រហ័ស
វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងថា ប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវពង្រឹងវិស័យហិរញ្ញវត្ថុរបស់ខ្លួន ឱ្យបានឆាប់រហ័ស ដោយលើកឡើងថា ហានិភ័យកំពុងកើនឡើងរួម ជាមួយនឹងអតិផរណា អត្រាការប្រាក់ និងកង្វះតម្លាភាពទាក់ទង នឹងបំណុលសាធារណៈ និងឯកជន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ធនាគារពិភពលោកលើកឡើង ពីក្តីបារម្ភជាយូរមកហើយរបស់ខ្លួន នេះអំពីកង្វះតម្លាភាព នៃការផ្តល់កម្ចីរបស់ប្រទេសចិន និងកម្ចីមានទ្រព្យបញ្ចាំនៅ ក្នុងវិស័យបំណុលសាធារណៈ ប៉ុន្តែក៏បានលើកឡើងផងដែរ អំពីការកើនឡើងហានិភ័យក្នុងវិស័យបំណុល ឯកជនផងដែរនៅក្នុងរបាយការណ៍ អភិវឌ្ឍន៍ពិភពលោក (WDR) របស់ខ្លួន។
លោកស្រី Carmen Reinhart ប្រធានសេដ្ឋវិទូរបស់ធនាគារពិភពលោក បានប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រក្នុងបទសម្ភាសមួយថា ការអង្កេតរបស់ធនាគារពិភពលោក បានបង្ហាញថា ៤៦ភាគរយនៃអាជីវកម្មធុនតូច និងធុនមធ្យមក្នុងប្រទេស កំពុងអភិវឌ្ឍន៍ រំពឹងថានឹងមិនអាចសង បំណុលបានឡើងក្នុង រយៈពេល ៦ខែ ប៉ុន្តែតួលេខនេះ កើនឡើងខ្ពស់រហូតដល់ ២ដងនៅក្នុងប្រទេសមួយចំនួន។
លោកស្រី Reinhart ថ្លែងថា លោកស្រីកំពុងតាមដានយ៉ាងយក ចិត្តទុកដាក់លើការវិវឌ្ឍនៃវិស័យ បំណុលឯកជន នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ធំៗដូចជា ឥណ្ឌា អាហ្រ្វិកខាងត្បូង ហ្វីលីពីន និងកេនយ៉ា ជាទីដែលជាង ៦៥ភាគរយនៃក្រុមហ៊ុនធុនតូច និងធុមមធ្យមរំពឹងថានឹងបង់សងបំណុលយឺត។
លោកស្រីថ្លែងថា ចំពោះបំណុលសាធារណៈ ប្រទេសតួកគីដែលចំណាត់ ថ្នាក់បំណុលរបស់ប្រទេសនេះត្រូវបានទម្លាក់មកនៅត្រឹម BB- ដោយក្រុមហ៊ុនវាយតម្លៃ ចំណាត់ថ្នាក់បំណុល Fitch កាលពីសប្តាហ៍មុន បានស្ថិតនៅក្នុងវិបត្តិរយៈ ពេលប៉ុន្មានឆ្នាំមកហើយ ហើយអាចកើតមាន លទ្ធផលអាក្រក់ណាមួយ។
លោកស្រីបន្ថែមថា ការគាំទ្រផ្នែកសារពើពន្ធ និងរូបិយវត្ថុទ្រង់ទ្រាយធំ គួបផ្សំនឹងការពន្យាពេលសង កម្ចីធនាគារ និងគោលនយោបាយមិនទារ បំណុលបែបចិត្តសប្បុរស បានកាត់បន្ថយវិបត្តិសេដ្ឋកិច្ចដែល ជំរុញដោយការរាតត្បាតជំងឺកូវីដ-១៩ ប៉ុន្តែផលអាក្រក់នៅពេលនេះ គឺកើតមានលទ្ធផលត្រលប់ ចំពោះគ្រួសារ និងក្រុមហ៊ុន។
លោកស្រី Reinhart មានប្រសាសន៍ថា៖ «មានតម្រូវការខ្លាំងឱ្យមានតម្លាភាព កាន់តែប្រសើរចំពោះបំណុល វិស័យសាធារណៈ»។
ចំណែកកម្ចីមិនដំណើរការនៅតែមាន កម្រិតទាបជាងអ្វីដែលជា ក្តីបារម្ភនៅពេលចាប់ផ្តើម ការរាតត្បាតជំងឺ ប៉ុន្តែលោកស្រី Reinhart បានថ្លែងថា គោលនយោបាយ មិនទារបំណុល និងស្តង់ដារគណនេយ្យដែលត្រូវបាន បន្ធូរបន្ថយអាចកំពុងបង្កើតឱ្យមាន «បញ្ហាកម្ចីមិនដំណើរការ បែបលាក់មុខ»។
ដោយក្រើនរំឭកអំពីភាពពេញចិត្តនឹងសុខភាព ហិរញ្ញវត្ថុរបស់គ្រួសារ និងក្រុមហ៊ុន លោកស្រីបន្ថែមថា៖ «អ្វីដែលអ្នកទទួល បាននៅចុងបញ្ចប់ មិនមែនជាអ្វីដែលអ្នកមើលឃើញទេ ប៉ុន្តែជាអ្វីដែលអ្នកមើលមិនឃើញ។ ខ្ញុំខ្លាចថា ក្នុងប្រទេសជាច្រើន យើងសូម្បីតែមិនដឹងខ្លួនថា យើងកំពុងស្ថិតក្នុងដំណាក់ កាលនេះផង»។
របាយការណ៍របស់ធនាគារពិភពលោកនេះ បានជំរុញឱ្យមានកិច្ចប្រឹងប្រែង បន្ថែមទៀតដើម្បីលើកកម្ពស់ តម្លាភាពចំពោះបំណុលសាធារណៈ គ្រប់គ្រងឱ្យមានប្រសិទ្ធភាព បន្ថែមទៀតទៅ លើកម្ចីដែលមានបញ្ហា រួមទាំងដំណោះស្រាយ ក្រៅតុលាការ ព្រមទាំងពន្លឿនការងារដោះស្រាយ បញ្ហាបំណុលសាធារណៈផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕