តម្កល់ទោស អតីតប្រធានអង្គរក្ស លោកឧកញ៉ា ថោង សារ៉ាត់ ឈ្មោះ សៀង វាសនា ជាប់គុក អស់មួយជីវិត ពាក់ព័ន្ធបទល្មើស ឃាតកម្មគិតទុកជាមុន បាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ
ភ្នំពេញ៖ តុលាការកំពូលកាលពីព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានប្រកាសសាលដីកា និងសម្រេចតម្កល់ទោស អតីតប្រធានអង្គរក្ស លោកឧកញ៉ា ថោង សារ៉ាត់ ឈ្មោះ សៀង វាសនា ជាប់គុកកំណត់អស់ជីវិត ដដែលជាប់ពាក់ព័ន្ធនឹងបទល្មើស ឃាតកម្មគិតទុកជាមុន ដោយបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ ប្រព្រឹត្ត នៅមុខហាង លក់ផ្លែឈើ ឡោតិចសេង ក្នុងសង្កាត់ ទួលស្វាយព្រៃទី ២ខណ្ឌចំការមន រាជធានីភ្នំពេញ អំឡុងឆ្នាំ២០១៤ ។
លោក យូរ ឧត្តរា ជាប្រធានចៅក្រមជំនុំជម្រះ នៃតុលាការកំពូល បានអោយដឹងថា នៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ ទណ្ឌិត ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ ៤៨ឆ្នាំ មុខរបរ មុខពេលចាប់ខ្លួន ជាយោធា និងអង្គរក្សឧកញ៉ា ថោង សារ៉ាត់ ត្រូវបានជាប់ចោទពីបទៈ ឃាតកម្មគិតទុកជាមុន។
គួររំលឹកថា នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ បានផ្តន្ទាទោស ជនជាប់ចោទ ទី១- ឈ្មោះ ថោង សារ៉ាត់ មានងារ ជាឧកញ៉ា, ទី២- ឈ្មោះ សៀង វាសនា , ទី៣- ឈ្មោះ កួយចាន់ថុល, ទី៤-ឈ្មោះ មាស សម្បត្តិ ហៅទូច, និងទី៥- ឈ្មោះ ឃុន ចិត្រា ដាក់គុកក្នុងម្នាក់ៗ កំណត់ អស់មួយជីវិត ក្រោមការចោទប្រកាន់ ពីបទ «ផ្ដើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន« តាមមាត្រា២៨ , មាត្រា២០០ នៃក្រមព្រហ្មទណ្ឌ «អំពើឃាតកម្មគិតទុកជាមុន» តាមបញ្ញត្តិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន តាមបញ្ញត្តិមាត្រា២៩ មាត្រា២០០ នៃក្រមព្រហ្មទណ្ឌ។
តុលាការរាជធានី ក៏បានបង្គាប់ឱ្យពួកគេ ត្រូវរួមគ្នា សងជម្ងឺចិត្ត ចំនួន ១០លានដុល្លារអាមេរិក ទៅភរិយារបស់ជនរងគ្រោះ ដែលត្រូវជាភាគី ដើមបណ្ដឹង នៅក្នុងរឿងក្តីនេះ។
តែពួកគេបានប្តឹងឧទ្ទរណ៍។
សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែ វិច្ឆិកា ឆ្នាំ២០២០ បានសម្រេចដោះលែង ជនជាប់ចោទចំនួន៤នាក់ មានឈ្មោះ ថោង សារ៉ាត់, ឈ្មោះ កួយ ចាន់ថុល, ឈ្មោះ មាស សម្បត្តិ ហៅ ទូច និង -ឈ្មោះ ឃុន ចិត្រា ពីពន្ធនាគារ ជាបណ្តោះអាសន្ន ។
តែតម្កល់ទោស និងរក្សាឃុំខ្លួនជនជាប់ចោទឈ្មោះ សៀង វាសនា នៅក្នុងពន្ធនាគារ ដដែល។
ឈ្មោះ សៀង វាសនា ក៏បានបន្តប្តឹងសារទុក្ខ មកកាន់តុលាការកំពូល។
នាពេលសវនាការ កាលពីថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២២ ឈ្មោះ សៀង វាសនា បានឆ្លើយបដិសេធយ៉ាង ដាច់អហង្កការ ចំពោះការចោទប្រកាន់ និង កាត់ទោសរូបគាត់ ដាក់គុកអស់មួយជីវិត អំពីសំណាក់ តុលាការថ្នាក់ក្រោម។
ឈ្មោះ សៀង វាសនា បាននិយាយរូបគាត់ មិនបានបាញ់សម្លាប់ជនរងគ្រោះទេ ហើយគាត់និយាយថា «ធ្វើបែបនេះធ្វើអី បើមនុស្សមិនដែលស្គាល់គ្នាផង»។
ឈ្មោះ សៀង វាសនា បានសំណូមពរ ដល់តុលាការកំពូល មេត្តាជួយរកយុត្តិធម៌ រកការពិត ដោយសម្រេចទម្លាក់បទចោទប្រកាន់ រូបលោក និងដោះលែងរូបលោកអោយមានសេរីភាពវិញ៕