លោកហែម ដារិទ្ធិ ប្រកាសប្តូរស្មៀន សង្កាត់ចោមចៅទី១ ដែលធ្វើការមិនចុះសម្រុងគ្នាជាមួយ ចៅសង្កាត់និងក្រុមប្រឹក្សាសង្កាត់
ភ្នំពេញ៖លោក លន់ សុភ័ក្រ្ត មន្រ្តីក្របខ័ណ្ឌលេខាធិការដ្ឋបាល ថ្នាក់លេខ៧ ជាស្មៀនសង្កាត់ចោមចៅទី១ ត្រូវបាន សាលារាជធានីភ្នំពេញ ចេញសេចក្តីសំរេច ផ្ទេរភារកិច្ច ឱ្យមកបំរើការងារ ជាមន្រ្តីនៅសាលារាជធានីភ្នំពេញ ដោយរង់ចាំការសំរេចពីក្រសួងមហាផ្ទៃ និងជំនួសដោយ លោក សូ ភ័ក្រ្តលំពង្ស មន្រ្តីក្របខ័ណ្ឌលេខាធិការរដ្ឋបាល ថ្នាក់លេខ៦ ដែលបច្ចុប្បន្ន ជាអនុប្រធានការិយាល័យ លេខាធិការក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ មកទទួលមុខងារថ្មី ជាស្មៀនសង្កាត់ចោមចៅទី១ និងរង់ចាំសេចក្តីសំរេចពីក្រសួងមហាផ្ទៃ ។
ពិធីប្រកាសផ្លាស់ប្តូរ មន្រ្តីស្មៀនសង្កាត់ចោមចៅទី១នេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលាសង្កាត់ចោមចៅទី១ ក្រោមវត្តមាន លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ប៉ុន្តែមិនមានវត្តមាន លោក លន់ សុភ័ក្រ្ត ស្មៀនចាស់ ដែលត្រូវផ្លាស់ចេញមកចូលរួមទេ ។ ការផ្លាស់ប្តូរស្មៀនសង្កាត់ចោមចៅទី១នេះ ត្រូវបានមន្រ្តីសង្កាត់ខ្លះ និយាយោថា មកពីស្មៀនចាស់នោះ ធ្វើការមិនចុះសម្រុងគ្នាជាមួយចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ ។
ក្នុងឱកាសផ្លាស់ប្តូរស្មៀនសង្កាត់នេះ លោក ហែម ដារិទ្ធិ បានលើកឡើងពីកត្តា សាមគ្គីភាពផ្ទៃក្នុងរបស់មូលដ្ឋាន ពិសសពាក់ព័ន្ធនិងផលប្រយោជន៍ផ្ទាល់ខ្លួន ដែលចំណុចនេះជាកត្តាចំបង នាំដល់ការបែកបាក់សាមគ្គីភាព និង រាំស្ទះការងារ ។ លោកអភិបាលខណ្ឌ មានប្រសាសន៍ថា ស្មៀន និងចៅសង្កាត់ ដូចជា ដៃស្តាំនិងដៃឆ្វេង ត្រូវពឹងពាក់គ្នា នៅជាមួយគ្នា និងរួមសុខទុក្ខជាមួយគ្នា ម្នាក់ៗមិនអាចអាងតួនាទី ហើយជិះសេះលែងដៃតែរៀងខ្លួននោះទេ ។បើរបៀបនេះ ប្រព័ន្ធការងារពិតជាមិនអាចដើរទៅមុខបានឡើយ ។ កន្លងមក មានរឿងរាវជាច្រើន កើតចេញពីចៅសង្កាត់ និងស្មៀន រហូតដល់រដ្ឋបាលខណ្ឌធ្វើការដោះស្រាយ សម្របសម្រួលគ្នា តែអ្វីដែលកាន់តែពិបាកត្រូវតែមានការដោះស្រាយ ទើបរកភាពប្រសើឡើងបាន ។
លោកអភិបាលខណ្ឌ បានផ្តាំផ្ញើរដល់ ស្មៀនថ្មី ត្រូវខិតខំបំពេញការងារឱ្យបានល្អ ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋ និងមានទំនាក់ទំនងល្អ ជាមួយមន្រ្តីថ្នាក់លើ ថ្នាក់ក្រោម ជាមួយក្រុមប្រឹក្សាសង្កាត់ ជាមួយប៉ុស្តិ៍ ពិសេសជាមួយមេភូមិទាំងអស់ ស្គាល់គ្នាឱ្យបានច្បាស់ ទាំងមនុស្ស និងលេខទូរស័ព្ទ និងធ្វើការជាមួយគ្នាឱ្យបានល្អ បំរើប្រជាពលរដ្ឋ ផ្តល់សេវាសាធារណៈ ឱ្យបានត្រឹមត្រូវ លឿន រហ័ស តម្លាភាព និងភាពស្មោះត្រង់ ។ ក្នុងករណីមានបញ្ហាណាមួយដែលមិនច្បាស់ សូមសួរនាំមន្រ្តីមុនៗ ដែលធ្លាប់មានបទពិសោធន៍ច្រើនក្នុងកិច្ចការមូលដ្ឋាន ។ យើងត្រូវដឹកថា មន្រ្តីចាស់ៗ ទោះបីកំរិតវប្បធ៌មគាត់ទាប់ តែគាត់ជាឃ្លាំងចំណេះដឹង ចំណេះធ្វើ ដែលមានបទពិសោធន៍ច្រើនឆ្នាំ គឺមិនអាចមើលរំលងពួកគាត់បានឡើយ ៕