ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា ទទូចឱ្យអ្នករាយការណ៍ ពិសេស ត្រូវបំពេញការងារ ដោយផ្អែក លើមូលដ្ឋាននៃអង្គហេតុពិត និងគណនេយ្យភាព និងមិនត្រូវធ្វើ នយោបាយូបនីកម្មទ្បើយ
ហ្សឺណែវ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធចោលទាំងស្រុងចំពោះ ការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសចំនួន៤រូប ដែលបង្កឱ្យមានការភ័ន្តច្រទ្បំ គ្មានទំនួលខុសត្រូវ និងពុំផ្អែកលើមូលដ្ឋាន នៃអង្គហេតុពិត ពាក់ព័ន្ធនឹងវិធានសុខាភិបាល និងវិធានការផ្លូវច្បាប់ អនុវត្តចំពោះការធ្វើកូដកម្មខុសច្បាប់ ដែលបានអូសបន្លាយជាច្រើនខែ។
ជុំវិញករណីនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានរំលេចនូវតថភាពសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
ទី១៖ ពិធីសារបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នៅកម្ពុជា គឺអនុលោមយ៉ាងពេញលេញស្របតាមច្បាប់ជាតិនិងអន្តរជាតិ ពីព្រោះវិធានការទាំងនេះបម្រើដល់ប្រយោជន៍សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងដើម្បីការពារសុខភាពសាធារណៈ ក៏ដូចជាសិទ្ធិនិងសេរីភាពរបស់អ្នកដទៃ។ ការអនុវត្តសិទ្ធិទាំងអស់សុទ្ធតែមានដែនកំណត់។ អាជ្ញាធរកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍វិជ្ជាជីវៈ និងមិនធ្វើនយោបាយូបនីកម្មលើការឆ្លើយតបទៅនឹងបញ្ហាសុខភាពសាធារណៈ មិនដូចក្រុមមួយចំនួនដែលប្រើប្រាស់ សិទ្ធិមនុស្សជាអាវុធ វាយប្រហារនោះទ្បើយ។
ទី២៖ ការចោទប្រកាន់ថា «ក្រុមបាតុកររាប់រយនាក់ នៅតែមិនទាន់ដឹងលទ្ធផល ធ្វើតេស្ដសំណាករបស់ខ្លួន ឬមិនដឹងច្បាស់ថា តើពេលណាពួកគេនឹងត្រូវបានអនុញ្ញាតឱ្យឈប់ធ្វើចត្តាទ្បីស័ក» គឺពិតជាបង្ហាញយ៉ាងច្បាស់ថា អ្នកកាន់អាណត្តិពិសេសអស់ទាំងនោះ ពឹងផ្អែកទាំងស្រុងទៅលើប្រភពព័ត៌មានតែមួយជ្រុង និងពុំបានផ្ទៀងផ្ទាត់ត្រឹមត្រូវ នោះទេ។ ទង្វើបែបនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើ «ក្រមសីលធម៌សម្រាប់អ្នកកាន់ អាណត្តិនីតិវិធីពិសេស»។ អ្នកកាន់អាណត្តិពិសេសអាចបញ្ជូនភស្តុតាង រឹងមាំមកកាន់អាជ្ញាធរកម្ពុជា ដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់ ដោយស្របតាមនីតិវិធីជាធរមាន។ សេចក្តីណែនាំជាលាយលក្ខណ៍អក្សរ របស់អាជ្ញាធរកម្ពុជាត្រូវបានប្រកាស ជម្រាបជូនសាធារណៈជន យ៉ាងទូលំទូលាយ និងច្បាស់លាស់រួចហើយ។
ទី៣៖ ការអះអាងថា កូដកម្មនោះស្របច្បាប់ គឺជាការយល់ខុសទាំងស្រុង។ កម្មករនិយោជិតនិងសហជីពមានសិទ្ធិធ្វើកូដកម្ម ក៏ប៉ុន្តែត្រូវបំពេញលក្ខខណ្ឌចាំបាច់នានា មុនកូដកម្មនោះអាចធ្វើ ឡើងដោយស្របច្បាប់បាន។ គណៈកម្មាធិការទទួលបន្ទុក សេរីភាពនៃការបង្កើតសមាគម របស់អង្គការអន្តរជាតិខាងការងារ បានបញ្ជាក់ថា ភាពស្របច្បាប់នៃការធ្វើកូដកម្ គឺត្រូវប្រកាសដោយស្ថាប័នឯករាជ្យ(ក្រៅពីដ្ឋាភិបាល)ជាមុនសិន។ ការពិតគឺថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសប្រាប់រួចមកហើយថា កូដកម្មទាំងនោះពុំស្របច្បាប់ទ្បើយ។ ទោះបីជាបែបនេះក្តី អាជ្ញាធរកម្ពុជាក៏បានរក្សាភាពអត់ធ្មត់ជាទីបំផុត និងបានអំពាវនាវជាច្រើនលើកច្រើនសារ ស្នើសុំកូដករទាំងនោះឱ្យងាក មករកការចរចាដោយ សន្តិវិធី ត្រង់ទៅត្រង់មក និងបញ្ឈប់ការធ្វើបាតុកម្ម ខុសច្បាប់របស់ខ្លួន ដែលអូសបន្លាយពេលជាច្រើនខែ និងគំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ព្រមទាំងសុខភាពសាធារណៈ។
ទី៤៖ ការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេស ពាក់ព័ន្ធនឹងលទ្ធផលតេស្ត រកមេរោគកូវីដ-១៩ បង្កការភ័ន្តច្រទ្បំ។ ការពិតនោះគឺ យ៉ាងហោចណាស់បាតុករចំនួន៥៨ នាក់ បានធ្វើតេស្តរកឃើញវិជ្ជមាន ចាប់តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ មកម្ល៉េះ។ ប្រការនេះបង្ហាញថា ការធ្វើតេស្តរុករកនេះ គឺបានទាន់ពេលវេលា ស្របច្បាប់ និងចាំបាច់។ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាពេលថ្មីៗនេះបានថ្លែងថា «វាកាន់តែសំខាន់ជាងពេលណាៗទាំងអស់ ដែលឥឡូវនេះយើងទាំងអស់គ្នាត្រូវចូលរួមកាត់បន្ថយការចម្លងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ពីការឆ្លងចូលក្នុងសហគមន៍ ដើម្បីយើងអាចការពារប្រព័ន្ធសុខាភិបាល របស់យើងពីរលកបោក បក់ករណីឆ្លងដែលពិបាកទប់ទល់ និងដើម្បីបញ្ជៀសពីការបិទប្រទេស ដ៏តឹងរ៉ឹងណាមួយ។ ឥទ្បូវនេះ មិនមែនជាពេលដែលយើងត្រូវ ដករបាំងការពារនេះ នៅកម្ពុជាឡើយ»។
ទី៥៖ អាជ្ញាធរកម្ពុជាពុំធ្លាប់ដាក់កំហិតណា មួយលើការធ្វើកូដកម្មដែល ស្របតាមច្បាប់ការងារនោះទ្បើយ។ ប្រសិនបើ ទីកន្លែងសាធារណៈត្រូវ បានប្រើប្រាស់សម្រាប់ការប្រមូលផ្តុំ ទង្វើនេះក្លាយជាបាតុកម្ម ដែលត្រូវអនុវត្តឱ្យបាន ស្របតាមច្បាប់ស្តីពី ការធ្វើបាតុកម្មដោយសន្តិវិធី។ ដូចប្រទេសប្រជាធិបតេយ្យដទៃទៀតដែរ កម្ពុជាបានបម្រុងទុកជាពិសេស ទីលានសម្រាប់ពលរដ្ឋដែល មានបំណងចង់សម្ដែងមតិរបស់ខ្លួន។ ប្រការនេះគឺដើម្បីធានានូវនិរន្តរភាព នៃសេរីភាពក្នុងការជួបជុំដោយសន្តិវិធី។
ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា បានបញ្ជាក់បន្ថែមថា បុគ្គលតាំងខ្លួនជាអ្នកជំនាញ សិទ្ធិមនុស្សខាងលើ ដែលពុំមែនជាបុគ្គលិក របស់អង្គការសហប្រជាជាតិ ប៉ុន្តែធ្វើការក្នុងសមាសភាពផ្ទាល់ខ្លួន តែងតែទាមទារថា អ្វីៗគួរត្រូវបានអនុវត្ត ផ្អែកលើទ្រឹស្តីសិទ្ធិមនុស្សរបស់ខ្លួន។ ក៏ប៉ុន្តែ តើពួកគាត់ហ៊ានអះអាងថា នឹងទទួលខុសត្រូវដែរឬទេ ប្រសិនបើការពិសោធន៍ទស្សនៈ ទាំងនោះរបស់ពួកគេបរាជ័យនោះ? វាជាការចាំបាច់ណាស់ដែល អ្នករាយការណ៍ពិសេសខាងលើ ត្រូវបំពេញការងារ ដោយគោរពភាពដោយឡែកនៃប្រទេសនិមួយៗ និងដោយផ្អែកលើមូលដ្ឋាន នៃអង្គហេតុពិត និងគណនេយ្យភាព ព្រមទាំងមិនត្រូវធ្វើ នយោបាយូបនីកម្មឡើយ៕