ផ្លាស់ប្តូរមុខតំណែង ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ក្រោយមានរឿងអាស្រូវ អ្នកទោសហែកគុក
ស្ទឹងត្រែង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ក្រោមវត្តមានជាគណៈអធិបតីពីសំណាក់ ឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត។
ពិធីប្រកាសនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តមអគ្គនាយក អគ្គនាយករង ប្រធាន នាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធនាគារ និងគណៈប្រតិភូអមដំណើរ ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធាន មន្ទីរអង្គភាពមួយចំនួន រដ្ឋបាលក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធចូលរួមផងដែរ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃលេខ៤៨៨.ប្រ.ក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពីការប្រគល់ភារកិច្ច និងតែងតាំងមន្រ្តីពន្ធនាគារ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ប្រាជ្ញ សុភី អត្តលេខ ០៣៨៥ ឱ្យកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ដោយលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឈុន ដារ៉ា អត្តលេខ ០៣៣៣ អតីតប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ត្រូវផ្ទេរភារកិច្ចទៅឱ្យទៅបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ។
ដោយយោងតាមសេចក្តីប្រកាសរបស់ ក្រសួងមហាផ្ទៃបានឲ្យដឹងថាអគ្គនាយកដ្ឋានពន្ធនាគារ បានសម្រេចផ្លាស់ប្ដូរប្រធានអនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែងចំនួន៥នាក់ឲ្យទៅបំរើការងារថ្មីនៅអគ្គនាយកដ្ឋានពន្ធនាគារ។
យោងតាមសេចក្តីប្រកាសឲ្យដឹងថាទី១លោកឧត្តមអគ្គាអនុរក្សថ្នាក់លេខ២ ឈុន ដារ៉ាពីប្រធានពន្ធនាគារខេត្តស្ទឹងត្រែងអោយទៅបម្រើការងារថ្មីនៅអគ្គនាយកដ្ឋានពន្ធនាគារ។
ទី២.លោកឧត្តមអគ្គាអនុរក្សថ្នាក់លេខ៣ រស់សុធាអោយទៅបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ។
ទី៣.លោកវីរៈអគ្គាអនុរក្សថ្នាក់លេខ១ ជាសុជាតិពីអនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែងអោយទៅបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ។
ទី៤.លោកវីរៈអគ្គាអនុរក្សថ្នាក់លេខ១បុិន សំអូន ពីប្រធានការិយាល័យបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងមុខរបរពន្ធនាគារខេត្តស្ទឹងត្រែងឲ្យទៅបម្រើការនៅនៅអគ្គនាយកដ្ឋានពន្ធនាគារ ទី៥លោកអគ្គានុរក្សថ្នាក់លេខ១លាងសំអឿនពីប្រធានផ្នែកទិន្នន័យនិងបណ្ណសារនៃពន្ធនាគារខេត្តអោយទៅបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ។
រីឯការតែងតាំងមន្ត្រីពន្ធនាគារថ្មីចំនួន២រូបគឺលោកឧត្តមអគ្គានុរក្សថ្នាក់លេខ ៣ ប្រាជ្ញសុភីឲ្យកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង។លោកវរៈអគារនុរៈថ្នាក់លេខ១រិទ្ធឌីណាឲ្យកាន់តំណែងជាអនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែង។
ការផ្លាស់ប្ដូរមុខតំណែងតួនាទីខាងលើនេះ បន្ទាប់ពីមានករណីអ្នកទោសបទល្មើសឧក្រិដ្ឋជួញដូរគ្រឿងញៀននិងបទល្មើសផ្សេងទៀតបានរត់គេចពីក្នុងពន្ធធនាគារខេត្តស្ទឹងត្រែងកាលពីកន្លងទៅ ហើយក្រោយមកចាប់បានវិញទាំងអស់។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានលើកឡើងពីការដឹកនាំរបស់ប្រធាន អនុប្រធាន និងមន្ត្រីពន្ធនាគារខេត្តកន្លងមក បានយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចការងារ ពង្រឹងការគ្រប់គ្រង អភិវឌ្ឍន៍ហេដ្ឋរចនា សម្ព័ន្ធរូបវន្ត រួមទាំងការលើកកម្ពស់ការអប់រំកែប្រែ ស្តានីតិសម្បទា ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខរបដល់ជនជាប់ឃុំក្នងពន្ធនាគារហូតទទួលបានលទ្ធផលជាបន្តបន្ទាប់។
ជាមួយគ្នានេះ លោក ស្វាយ សំអ៊ាង បានបង្ហាញពីការសោកស្តាយចំពោះករណីអ្នកទោសកំពុងជាប់ឃុំបានធ្វើសកម្មភាពលួចទម្លាយជញ្ជាំងរបស់ពន្ធនាគារខេត្តរត់គេចខ្លួនបានមួយរយៈពេលខ្លីកន្លងទៅថ្មី២នេះ ប៉ុន្តែត្រូវស្រាវជ្រាវ រកឃើញនិងចាប់បានមកវិញ ក្រោមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចក្រឡាហោម ស ខេង ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ករណីនេះ ត្រូវចាត់ទុកជាមេរៀន និងបទពិសោធន៍ដែលប្រធាន អនុប្រធានពន្ធនាគារថ្មីទើបចូលកាន់មុខតំណែងត្រូវ ពង្រឹងការគ្រប់គ្រងពន្ធនាគារឲ្យបានម៉ឺងម៉ាត់ ហ្មត់ចត់ ច្បាស់លាស់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបានពីករណីឆក់ល្បែង ឬអសកម្មផ្សេងៗកើតមានឡើងជាថ្មី។
លោក ប៉ាវ ហមផាន បានលើកឡើងថា មន្ត្រីពន្ធនាគារទាំងអស់ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងជាមួយអង្គភាពនានា ជាពិសេសស្ថាប័នតុលាការ ត្រូវគោរពតួរនាទីរបស់ខ្លួន មិនត្រូវយកតួនាទីរបស់ខ្លួន ទៅប្រើប្រាស់ប្រាស់ចាកពីតួនាទី និងក្រមសីលធម៍មន្ត្រីពន្ធនាគារនោះឡើយ។
លោក ប៉ាវ ហមផាន បន្តថាប្រធាន អនុប្រធានពន្ធនាគារ ដែលទើបចូលកាន់មុខតំណែងថ្មីត្រូវបន្តការងារនៅសេសសល់ពីប្រធានអង្គភាពចាស់ ហើយត្រូវដឹកនាំអង្គភាព ឲ្យមានប្រសិទ្ធភាព និងសម្រេចបានជោគជ័យ ដោយអនុវត្តឲ្យបានម៉ត់ចត់ នូវគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត ជាធរមាន និងគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញឲ្យមានប្រសិទ្ធភាពខ្ពស់ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមបទវិន័យ ក្រមសីលធម៌ និងតួនាទី ភារកិច្ចនៅក្នុង អង្គភាពដោយធ្វើការពិភាក្សាជាសមូហភាព ឬជាក្រុម ដើម្បីរួមគ្នាដោះស្រាយបញ្ហាដែលកើតមានឡើង។
លោក ប្រាជ្ញ សុភី ដែលទើបចូលកាន់មុខតំណែងថ្មី បានប្តេជ្ញាគោរពរៀនសូត្រតាមគម្រូដឹកនាំរបស់អ្នកចាស់ ដោយខិតខំរិះរកបង្កើតគំនិតឆ្នៃប្រឌិតថ្មី ជួយអភិវឌ្ឍន៍អង្គភាព ឲ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីសម្រេចគោលដៅ យុទ្ធសាស្ត្រ របស់អគ្គនាយកដ្ឋានពន្ធនាគារ និងអនុវត្តតាមក្រមសីលធម៌ របស់មន្ត្រីពន្ធនាគារ ចូលរួមសហការសាមគ្គីភាពផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធ ដើម្បីធានាសន្តិសុខសុវត្ថិភាពការអប់រំស្ថានីតិសម្បទាជនជាប់ឃុំ។