អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា ច្រានចោលទាំងស្រុង នូវរបាយការណ៍ គ្មានមូលដ្ឋាន ដែលចោទប្រកាន់ថា «ចារកម្មកូរ៉េខាងជើង បានបើកដំណើរការ សណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា»
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានច្រានចោលទាំងស្រុងនូវរបាយការណ៍គ្មានមូលដ្ឋាន ដែលចោទប្រកាន់ថា «ចារកម្មកូរ៉េខាងជើងបានបើកដំណើរការសណ្ឋាគារ កាស៊ីណូ និងភ្នាក់ងារទេសចរណ៍នៅកម្ពុជា» ដែលត្រូវបានចុះផ្សាយក្នុង NK News កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២។
តាមសេចក្តីប្រកាសរបស់ក្រសួងសារបរទេស បាន បញ្ជាក់ឲ្យដឹងថា តាមការពិត កម្ពុជាបានអនុវត្តស្របតាមគ្រប់សេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) ទាំងអស់ ដោយបានបិទគ្រប់អាជីវកម្ម និងគណនីធនាគាររបស់ សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ (ស.ប.ប.ក) នៅក្នុងប្រទេសកម្ពុជា និងបានបញ្ឈប់ការផ្តល់ ប័ណ្ណការងារដល់កម្មករមកពី ស.ប.ប.ក ផងដែរ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ ២០២០ បានបញ្ជូនរបាយការណ៍ជាតិ របស់កម្ពុជា អំពីការអនុវត្តសេចក្ដីសម្រេចរបស់ UNSC ស្តីពីការដាក់ទណ្ឌកម្មលើ ស.ប.ប.ក ទៅកាន់ប្រធានគណៈកម្មាធិការ UNSC ដែលត្រូវបានបង្កើតឡើង អនុលោមតាមសេចក្ដីសម្រេចរបស់ UNSC លេខ ១៧១៨ (ឆ្នាំ ២០០៦) ។
អ្នកនាំពាក្យក្រសួងការបរទេសបានអះអាងថា កម្ពុជាតែងតែប្រកាន់ខ្ជាប់ នូវជំហរម៉ឺងម៉ាត់របស់ខ្លួន ចំពោះការគាំទ្រការមិនរីកសាយភាយ អាវុធមហាប្រល័យ ដើម្បីឆ្ពោះទៅរកការលុប បំបាត់ទាំងស្រុងនូវអាវុធទាំងនេះ និងគូសបញ្ជាក់ថា «ក្នុងនាមជាសមាជិកមួយរូប របស់អង្គការសហប្រជាជាតិដែល មានការទទួលខុសត្រូវ កម្ពុជាបានបំពេញទាំងស្រុង នូវកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានអនុវត្តយ៉ាងស្មោះត្រង់ នូវសេចក្ដីសម្រេចរបស់ UNSC ស្តីពីការដាក់ទណ្ឌកម្មលើ ស.ប.ប.ក»។
ក្រសួងការបរទេសបានបញ្ជាក់ថា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព នូវតម្រូវការនៃសេចក្ដី សម្រេចដាក់ទណ្ឌកម្មរបស់ UNSC លើ ស.ប.ប.ក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជូនដំណឹងយ៉ាងត្រឹមត្រូវ ដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ អំពីសេចក្ដីសម្រេចទាំងអស់របស់ UNSC ទាក់ទងនឹង ស.ប.ប.ក ដើម្បីចាត់វិធានការជាក់ស្តែង។
នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតក្រុមការងារ ចំពោះកិច្ចអន្តរក្រសួង ដើម្បីធ្វើការត្រួតពិនិត្យរាល់ឯកសារ និងការស៊ើបអង្កេតលើបណ្តាក្រុមហ៊ុន និងអាជីវកម្មរបស់ ស.ប.ប.ក។ ក្រុមការងារចំពោះកិច្ចអន្តរក្រសួង បានរៀបចំកិច្ចប្រជុំយ៉ាង ហោចណាស់ចំនួនប្រាំបួនដង ដែលបានធ្វើជា សហប្រធានដឹកនាំដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើការសម្រេច លើវិធានការជាក់ស្តែង ដើម្បីអនុវត្តស្របតាម ប្រភេទទណ្ឌកម្មផ្សេងៗ ដូចមានចែង ក្នុងសេចក្ដីសម្រេចរបស់ UNSC ។
បើតាមក្រសួងការបរទេស, ជាលទ្ធផល គណនីធនាគារចំនួនប្រាំពីរ នៅក្នុងស្ថាប័នហិរញ្ញវត្ថុពីរផ្សេងគ្នា ត្រូវបានបិទចាប់តាំងពីឆ្នាំ២០១៧មក។ កម្ពុជាបានបិទគ្រប់អាជីវកម្មរបស់ ស.ប.ប.ក ទាំងអស់ រួមទាំងភោជនីយដ្ឋាន និងសារមន្ទីរដែលធ្វើប្រតិបត្តិការនៅកម្ពុជា។ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩ ក្រសួងពាណិជ្ជកម្ម បានលុបឈ្មោះ ក្រុមហ៊ុន Glory Worldwide Glow Co. Ltd របស់ ស.ប.ប.ក ចេញពីបញ្ជីពាណិជ្ជកម្ម។ ក្រសួងពាណិជ្ជកម្ម បានស្រាវជ្រាវក្រុមហ៊ុននានាដែលបានចុះបញ្ជីក្នុងប្រព័ន្ធរបស់ខ្លួន និងបានរកឃើញក្រុមហ៊ុនចំនួន១២ រួមទាំងក្រុមហ៊ុន Mansudae New Tech Corporation Ltd. ផង ដែលបានជាប់ពាក់ព័ន្ធជាមួយ ស.ប.ប.ក។ ក្រុមហ៊ុនទាំងនេះត្រូវបានលុបឈ្មោះចេញពីបញ្ជី កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ។ ភោជនីយដ្ឋានចំនួនប្រាំបីត្រូវបានដកហូតអាជ្ញាប័ណ្ណ និងបិទទ្វារ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ។
ចាប់តាំងពីឆ្នាំ២០១៧មក កម្ពុជាបានបញ្ឈប់ទាំងស្រុង ការផ្តល់ប័ណ្ណការងារដល់ ពលករមកពី ស.ប.ប.ក។ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានសម្រេច មិនពន្យារទិដ្ឋាការដល់ ប្រជាជន ស.ប.ប.ក ដែលបានធ្វើការនៅ កម្ពុជាទៀតទេ៕