ខែមករាឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលសម្រាប់ថវិកាជាតិ បាន២៨៨លានដុល្លារ
ភ្នំពេញ៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ឲ្យដឹងថា ក្នុងខែមករា ឆ្នាំ២០២២ ចំណូលពន្ធដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ២៨៨.២៣លានដុល្លារ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២១ ឃើញថាកើនឡើងប្រមាណជា ៧១.០៣ លានដុល្លារ ស្មើនឹង៣២.៧០%។
ការបញ្ជាក់របស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
បើតាមអគ្គនាយកដ្ឋានពន្ធដារ ក្នុងខែមករា ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ ៥ ប្រភេទ មានកំណើនឡើងគួរឱ្យកត់សម្គាល់ធៀបនឹងខែមករា ឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូលមានចំនួន ១៨៧.២១ ប៊ីលានរៀល (កើនឡើង ១៣.៥៦ ប៊ីលានរៀល ស្មើនឹង ៧.៨១%), អាករលើតម្លៃបន្ថែមមានចំនួន ២៨៤.៣៧ ប៊ីលានរៀល (កើនឡើង ៥៨.៨២ ប៊ីលានរៀល ស្មើនឹង ២៦.០៨%), អាករពិសេសមានចំនួន ១០៧.៤៨ ប៊ីលានរៀល (កើនឡើង ៣០.៣៨ ប៊ីលានរៀល ស្មើនឹង ៣៩.៤០%), ពន្ធលើប្រាក់បៀវត្សមានចំនួន ១១០.២១ ប៊ីលានរៀល (កើនឡើង ១៩.០២ ប៊ីលានរៀល ស្មើនឹង ២០.៨៦%), និង ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលនទ្រព្យចំនួន ៩០.០៣ប៊ីលានរៀល (កើនឡើង ៣៦.៤៦ ប៊ីលានរៀល ស្មើនឹង ៦៨,០៧%)។
សម្រាប់ឆ្នាំ២០២២នេះ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្តការគ្រប់គ្រងប្រមូលចំណូលពន្ធបានគ្រប់តាមផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ចំនួន ១១ ៤១៩.១៣ ប៊ីលានរៀល (ប្រមាណ ២ ៨១៩.៥៤ លានដុល្លារ) អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តពង្រឹងការអនុវត្តនូវវិធានការគោលនយោបាយ និងរដ្ឋបាលសារពើពន្ធ ដែលរួមមានវិធានការសំខាន់ៗដូចខាងក្រោម៖
* បន្តយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តអនុសាសន៍របស់ អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាទិសដៅសម្រាប់អនុវត្តបន្តសម្រាប់ឆ្នាំ ២០២២ របស់អគ្គនាយកដ្ឋានពន្ធដារ កាលពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំឆ្នាំ២០២១ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២
* ពង្រឹងការអនុវត្តការប្រមូលបំណុលពន្ធ និងវិធានការតឹងទារបំណុលពន្ធ ជាពិសេសបំណុលពន្ធធំៗដែលមានសក្តានុពលដោយកំណត់ជាបំណុលអាទិភាព និងសហគ្រាសស្ថិត ក្នុងវិស័យដែលមិនបានរងផលប៉ះពាល់ ដោយសារការរីករាតត្បាតនៃជំងឺកូវីដ-១៩
* ពង្រឹងការងារគ្រប់គ្រងនិងតាមដានលើការលិខិតប្រកាសពន្ធរបស់សហគ្រាស ដោយមានវិធានកាចំពោះសហគ្រាសដែលមិនដាក់លិខិតប្រកាស
* បន្តពង្រឹងការគ្រប់គ្រងសហគ្រាសស្នើសុំផ្អាកបណ្តោះអាសន្ន ឬស្នើសុំបើកដំណើរការឡើងវិញ ដោយមានវិធានការចុះពិនិត្យដល់ទីតាំងសហគ្រាសផ្ទាល់ តាមដានការដាក់លិខិតប្រកាស និងពង្រឹងការធ្វើសវនកម្មលើលិខិតស្នាម
* បន្តពង្រឹងនិងយកចិត្តទុកដាក់ចំពោះការស្នើសុំបិទសហគ្រាស និងការធ្វើសវនកម្មសម្រាប់សហគ្រាសស្នើសុំបិទ
* ពង្រឹងការគ្រប់គ្រងប្រមូលចំណូលពន្ធលើប្រាក់ចំណូលសម្រាប់ឆ្នាំ២០២១ តាមរយៈការបន្តរៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាល ស្តីពីពន្ធលើប្រាក់ចំណូល និងការដាក់លិខិតប្រកាសពន្ធតាមអនឡាញ (E-Filing) ដល់អ្នកជាប់ពន្ធឱ្យបានត្រឹមត្រូវនិងទាន់ពេលវេលា
* បន្តពង្រឹងការងារចុះបញ្ជីពន្ធដារ និងការធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស
* បន្តផ្សព្វផ្សាយនិងពង្រឹងការអនុវត្តវិធានវិក្កយបត្រ ក្នុងចំណោមអ្នកជាប់ពន្ធ ដើម្បីធានាបាននូវប្រសិទ្ធភាពនិងតម្លាភាពក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ-អាករនានា
* បន្តការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសារពើពន្ធថ្មី ដោយចាប់ផ្ដើមបើកការពិភាក្សាកម្រិតក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំមានភាពគ្រប់ជ្រុងជ្រោយ និងប្រទាក់ក្រឡា ព្រមទាំងឆ្លើយតបទៅនឹងការរីកចម្រើននៃសេដ្ឋកិច្ចជាតិ ធានាភាពច្បាស់លាស់ ប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព នីត្យានុកូលភាព និងសង្គតិភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ
* បន្តពង្រឹងការអនុវត្តកាតព្វកិច្ចដំឡើងឧបករណ៍វាស់ចំណុះស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុលរបស់សហគ្រាសផលិតក្នុងស្រុក (Flowmeter) អនុលោមតាមប្រកាសលេខ ០១០ សហវ.ប្រក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធានាបាននូវតម្លាភាពនិងការប្រកួតប្រជែងស្មើភាពនៅក្នុង ព្រះរាជាណាចក្រកម្ពុជា
* រៀបចំយន្តការកំណត់អត្តសញ្ញាណអចលនទ្រព្យ (Property ID) ដើម្បីបញ្ជាក់ថាអចលនទ្រព្យនីមួយៗបានបង់ពន្ធរួចរាល់ ចៀសវាងការលក់ដូរអចលនទ្រព្យដោយមិនបានបង់ពន្ធ
* បន្តពង្រឹងការផ្សព្វផ្សាយច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារ កំណែទម្រង់ និងទំនើបកម្មរដ្ឋបាលសារពើពន្ធ និងបន្តពង្រឹងការផ្តល់សេវាជូនអ្នកជាប់ពន្ធ តាមរយៈការរៀបចំកម្មវិធីរៀនអំពីពន្ធដារតាមអនឡាញ (Tax Education) កិច្ចប្រជុំ សិក្ខាសាលា វិបស្សនា គេហទំព័រ ទំព័រទំនាក់ទំនងសង្គម និងការផ្សាយផ្ទាល់តាមអនទ្បាញ ជាពិសេសការរៀបចំកម្មវិធី “ពន្ធដារកម្ពុជា” ដោយមានការជួបជជែកជាមួយអ្នកជាប់ពន្ធផ្ទាល់តាមប្រព័ន្ធបណ្ដាញសង្គម GDT Facebook Live, សេវាឆ្លើយតបតាមប្រព័ន្ធទូរស័ព្ទ Call Center 1277, កម្មវិធី GDT Live Chat ជាដើម
* បន្តការងារកែទម្រង់ធនធានមនុស្ស និងបន្តពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធនិងការគ្រប់គ្រងប្រមូលចំណូលពន្ធ
* បន្តអនុវត្តវិធានការចាំបាច់នានាដូចមានកំណត់ក្នុងសារាចរណែនាំស្តីពីការអនុវត្តច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ ២០២២ និងបន្តអនុវត្តដោយការយកចិត្តទុកដាក់នូវយុទ្ធសាស្រ្តកៀរគរចំណូល ឆ្នាំ២០១៩-២០២៣។
ក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់ជាន់ថ្នាក់នៅតាមអង្គភាពក្រោមចំណុះអគ្គនាយកដ្ឋានពន្ធដារ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការខិតខំប្រឹងប្រែងប្រមូលចំណូល ដែលទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ហើយនេះ គឺជាជោគជ័យនិងជាសមិទ្ធផលរួមរបស់អគ្គនាយកដ្ឋានពន្ធដារទាំងមូល៕