សណ្ដាប់ធ្នាប់លក់ដូរ លើកំណាត់ផ្លូវមួយចំនួននៅជុំវិញផ្សារដើមគរ មានលក្ខណៈល្អប្រសើរ ក្រោយពីអាជ្ញាធររាជធានីចុះត្រួតពិនិត្យ
ភ្នំពេញ៖ សណ្ដាប់ធ្នាប់នៃការលក់ដូររបស់បងប្អូនអាជីវករ នៅលើកំណាត់ផ្លូវមួយចំនួន ជុំវិញផ្សារដើមគរ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ឃើញថា មានលក្ខណៈល្អប្រសើរហើយ ពោលគឺក្រោយពីអាជ្ញាធររាជធានីភ្នំពេញបានចុះធ្វើការត្រួតពិនិត្យកាលពីប៉ុន្មានថ្ងៃមុននេះ ។
ការបង្កើតអោយមានសណ្តាប់ធ្នាប់ល្អប្រសើរនេះ គឺមិនអាចផ្តាច់បានពីការចូលរួមពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករបានឡើយ។
លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ខណៈដែលលោកដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្ដែងជាលើកទី២ នៅជុំវិញបរិវេនផ្សារដើមគរ ខណ្ឌទួលគោកកាលពីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះបានអោយដឹងថា ស្ថានភាពសណ្ដាប់ធ្នាប់លក់ដូរលើកំណាត់ផ្លូវព្រះមុនីរ៉េត ផ្លូវលេខ៣៣៦ ផ្លូវលេខ២៣១ ផ្លូវលេខ២៣៩ និងផ្លូវលេខ២៣៤ នៅវេលាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ ឃើញថា មានលក្ខណៈល្អប្រសើរច្រើន ដោយសារបងប្អូនប្រជាពលរដ្ឋ និងបងប្អូនអាជីវករ មានកិច្ចសហការល្អជាមួយកម្លាំងរបស់យើង។
លោកមាន ចាន់យ៉ាដា ក្នុងឱកាសនោះបានសូមបងប្អូនប្រជាពលរដ្ឋនិងអាជីវករ បន្តសហការជាមួយអាជ្ញាធរ ដើម្បីសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋទូទៅបានធ្វើដំណើរដោយរលូន។
គួរបញ្ជាក់ថា លោកមាន ចាន់យ៉ាដា ខណៈដែលលោកដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជាក់ស្ដែងនៃការលក់ដូរជុំវិញផ្សារដើមគរ និងផ្សារនាគមាស កាលពីព្រឹកថ្ងៃទី០៨ ខែកញ្ញា២០១៨កន្លងមកនេះ លោកបានបញ្ជាក់ហើយថា ការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ នៃការលក់ដូរជុំវិញផ្សារទាំង២នេះ គឺធ្វើឡើង តបនឹងការទទូចសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ និងការណែនាំជាគោលការណ៍យ៉ាងម៉ឺងម៉ាត់ ពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយធ្វើយ៉ាងណារៀបចំទីតាំងខាងលើឱ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរឡើងវិញ៕