ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន បានផ្ដល់ឱកាស ជូនវិនិយោគិនជប៉ុនលើកឡើងនូវ បញ្ហាប្រឈម និងសំណូមពរនានា ជូនភាគីរាជរដ្ឋាភិបាល

436

ភ្នំពេញ៖ ក្នុងស្មារតីរួមគ្នាធ្វើឱ្យប្រសើរឡើងនូវ បរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជា កិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កិច្ចប្រជុំលើកទី២៣នេះ បានផ្ដល់ឱកាសជូនវិនិយោគិនជប៉ុន លើកឡើងនូវ បញ្ហាប្រឈម និងសំណូមពរនានា ជូនភាគីរាជរដ្ឋាភិបាល។

នៅវេលារសៀល ថ្ងៃសុក្រ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី២៣ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA), អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO), សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC), និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា ដែលមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ សរុបចំនួនប្រមាណ ១៣០រូប។

កិច្ចប្រជុំទ្វេភាគីនេះ គឺជាផ្នែកមួយនៃយន្តការថែទាំ វិនិយោគដែលត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៩មក ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងព្រះ រាជាណាចក្រកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះ ហត្ថលេខាដោយ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមអតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អា ប (Shinzo Abe) កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។ ក្នុងស្មារតីរួមគ្នាធ្វើឱ្យប្រសើរឡើងនូវ បរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជា កិច្ចប្រជុំនេះបានផ្ដល់ឱកាសជូនវិនិយោគិនជប៉ុនលើកឡើងនូវ បញ្ហាប្រឈម និងសំណូមពរនានាជូនភាគីរាជរដ្ឋាភិបាល។

ប្រធានបទដែលត្រូវបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំលើកទី២៣នេះ រួមមាន៖ (១)-ការទូទាត់ ប្រាក់បំណាច់អតីតភាពការងារ (២)- ពន្ធកាត់ទុកលើប្រាក់បៀវត្ស និងការបង្វិលសងអាករតម្លៃបន្ថែម (៣)- ភ័ស្តុភារកម្ម (ការពន្លឿនដំណើរការនៅតាមច្រកព្រំដែនថៃ និងវៀតណាម) (៤)- ការកាត់បន្ថយ តម្លៃអគ្គីសនី និងការដាច់ចរន្តអគ្គិសនី) និង(៥)- ការនាំចូលរថយន្តដោយអ្នកដែលមិនបានទទួលសិទ្ធិ។

មានមតិបើកកិច្ចប្រជុំ ឯកឧត្តម សុខ ចិន្តាសោភា បានសម្តែងនូវក្តីសោកស្តាយជាខ្លាំងដោយ បានទទួលដំណឹងពីមរណភាពរបស់លោក កូជី កាន់ហ្សាគី (Koji Kanzaki) ដែលជាពលរដ្ឋជប៉ុនមួយរូបបានចំណាយពេលវេលាប្រមាណ៣៨ឆ្នាំនៃជីវិតដើម្បីពង្រឹងចំណងទាក់ទងរវាងជប៉ុននិងកម្ពុជា និង បានចូលរួមសាងសង់សាលារៀន មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា។

ឯកឧត្តមបានលើក ឡើងពីទំនាក់ទំនងដែលកាន់តែល្អប្រសើរ ដែលត្រូវបានសបញ្ជាក់តាមរយៈជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដូចជាជំនួបពិភាក្សាតាមទូរស័ព្ទរវាង សម្តេចតជោនាយករដ្ឋមន្ត្រី ជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី ជប៉ុន កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ និងជំនួបរវាង ឯកឧត្តម ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំជប៉ុន នៅក្នុង អំឡុងពេលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុននាសប្ដាហ៍នេះ។

ឯកឧត្តមបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅសាជាថ្មីដល់វិនិយោគិនជប៉ុនដែលបន្តផ្តល់ទំនុកចិត្តខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជាក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចគេជោនាយករដ្ឋមន្ត្រី ក្នុងការធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាកត្តាចាំបាច់ដើម្បីបង្កើតបរិស្ថានវិនិយោតដែលមានភាពអំណោយផល។

ឆ្លៀតឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានរំលេចពីច្បាប់ស្តីពីវិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលទើបត្រូវបានអនុម័តនិងប្រកាសឱ្យប្រើកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដែលបានកំពុង ក្លាយជាមូលដ្ឋានគតិយុត្តិដ៍រឹងមាំមួយទៀតរបស់កម្ពុជា សម្រាប់ទាក់ទាញការវិនិយោគនិងជួយជំរុញ ដល់ការស្តារសេដ្ឋកិច្ចក្រោយវិបត្តិនៃជំងឺកូវ័t-១៩។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូក៍បានថ្លែងអំណរគុណចំពោះ ការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់របស់អង្គការ JETRO និង ធនាគារមីណូណូ ដែលបាន សហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគថ្មីជូនវិនិយោគិនជប៉ុន ប្រកបដោយភាព ជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។

បន្ថែមលើនេះ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសកម្មភាពវិនិយោគរបស់វិនិយោគិនជប៉ុន ទាំងអស់ក្នុងវិស័យកម្មន្តសាលមិនមែនវាយនភណ្ឌដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួម ចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីខាមី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលកន្លងមកបានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការ សម្របសម្រួល និងផ្តល់នូវការឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះក្តីកង្វល់ និងសំណូមពររបស់ វិនិយោគិនជប៉ុន ដែលបានផ្តល់សេវាថែទាំយ៉ាងល្អប្រសើរនិងភាពកក់ក្តៅដល់វិនិយោគិនជប៉ុន។

ឯកឧត្តម បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នរដ្ឋរបស់កម្ពុជា និងអ្នក វិនិយោតជប៉ុន ដើម្បីឈានទៅរកភាពជោគជ័យក្នុងសកម្មភាពធុរកិច្ច និងវិនិយោគនៅកម្ពុជា ហើយ ដែលប្រការនេះនឹងដើរតួជាសាដ៍វិជ្ជមានសម្រាប់ទាក់ទាញវិនិយោតិនជប៉ុនមកបណ្តាក់ទុននៅកម្ពុជា បន្ថែមទៀត។

ឯកឧត្តមអគ្គរដ្ឋទូតបានបង្ហាញនូវការប្តេជ្ញាចិត្តក្នុងការបន្តចូលរួមសហការជាមួយរាជរដ្ឋា ភិបាលកម្ពុជាក្នុងកិច្ចជំរុញ និងទាក់ទាញវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជា ដើម្បីឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

គួរកត់សម្គាល់ថា គិតត្រឹមដំណាច់ខែមករា ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានស្វាគមន៍ និងចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនជប៉ុនចំនួន ១៤៧ម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ២,៩ប៊ីលានដុល្លារអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង