ឯកឧត្តម គួច ចំរើន អនុញ្ញាតឱ្យ ប្រធានផ្នែកកុងស៊ុលចិន ប្រចាំខេត្តព្រះសីហនុ ចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងដោះស្រាយ បញ្ហាប្រឈមមួយចំនួននៅក្នុងខេត្តព្រះសីហនុ
ព្រះសីហនុ៖ ព្រឹកថ្ងៃអាទិត្យ ទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យលោក ហ៊ូ វៃ (HU WEI) ប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ចូលជួបសំដែងការគួរសម ពិភាក្សាការងារ និងដោះស្រាយបញ្ហាប្រឈមមួយចំនួននៅក្នុងខេត្តព្រះសីហនុ។
លោក ហ៊ូ វៃ (HU WEI) ប្រធានផ្នែកកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ថ្លែងអំណរគុណ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដែលអនុញ្ញាតិឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ និងដោះស្រាយបញ្ហាប្រឈមនានា ក្នុងកិច្ចសហប្រតិបត្តិការដៃគូរយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ ដែលមានអ្នកវិនិយោគ និងអ្នកទេសចរចិន បានមកធ្វើការវិនិយោគ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ វាបានផ្តល់ឱកាសការងារ ជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងមានទំនាក់ទំនងល្អ ពិសេសផ្នែកពាណិជ្ជកម្ម កាន់តែល្អប្រសើរថែមទៀត។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជម្រាបជូន ពីកិច្ចសហប្រតិបត្តិការទំនាក់ទំនងមិត្តភាព អន្តរជាតិ រវាងខេត្តព្រះសីហនុ និងសាធារណរដ្ឋប្រជាមានិតចិន បានបង្កើតទំនាក់ទំនងជា ខេត្តក្រុងចំនួន១៨ ក្នុងនោះខេត្តក្រុងចំនួន១៤ បានបង្កើតជាសម្ព័ន្ធភាពជាខេត្តក្រុងបងប្អូន ដោយឡែកនៅខេត្តក្រុងចំនួន៤ទៀត កំពុងធ្វើការទំនាក់ទំនងជិតស្និទ្ធ ដើម្បីឈានទៅដល់ការចុះហត្ថលេខាផ្លូវការ សម្រាប់សម្ព័ន្ធភាពបងប្អូននាពេលខាងមុខ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា រយៈពេលពីរឆ្នាំដែលកម្ពុជា ក៏ដូចខេត្តព្រះសីហនុ ជួបប្រទះផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩។ ក្នុងនោះខេត្តព្រះសីហនុ បានទទួលការគាំទ្រពីមិត្តចិន ដែលបានផ្ដល់ជាសម្ភារៈ ឧបករណ៍ និងថវិកាចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈបុគ្គល និងតាមសមាគមខេត្តជាំងស៊ូ ជាបន្តបន្ទាប់ សកម្មភាពទាំងនេះគឺបានបង្ហាញ ពីទឹកចិត្តជួយគ្នាក្នុងគ្រាលំបាក និងសូមអរគុណដល់ ថ្នាក់ដឹកនាំចិន អ្នកទេសចរ និងអ្នកវិនិយោគចិនដែល ជួយអភិវឌ្ឍនៅខេត្តព្រះសីហនុ៕