សម្តេចក្រឡាហោម បដិសេធស្នងការនគរបាលរាជធានីភ្នំពេញ មិនមែនជាប្អូនបង្កើតរបស់សម្តេចទេ
ភ្នំពេញ៖ ក្នុងពេលដែលលោក ស ថេត ត្រូវបានប្រកាសចូលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ មានមជ្ឈដ្ឋាន និងអ្នកសារព័ត៌មានជាច្រើន បានផ្សព្វផ្សាយថា ស្នងការនគរបាលរាជធានីភ្នំពេញថ្មី ជាប្អូនបង្កើតរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ប៉ុន្តែបញ្ហានេះត្រូវបានសម្ដេចក្រឡាហោម ស ខេង បានធ្វើការបដិសេធថា លោកឧត្តមសេនីយ៍ឯក ស ថេត មិនមែនជាប្អូនបង្កើត របស់សម្ដេច ។ រីឯក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏សរសេរនិងខំមិនផងដែរថា ការដែលគេថា លោក ស ថេត ជាប្អូនរបស់សម្តេច ស ខេង នោះ ដោយសារគេបានដឹងឮយូរហើយ ហើយម្យ៉ាងទៀត គឺមាននាមត្រកូលដូចគ្នា។
លោក ស ថេត ជាស្នងការរងនគរបាលរាជធានីភ្នំពេញ ត្រូវបានប្រកាសចូលកាន់ តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញថ្មី កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ជំនួស លោក ជួន សុវណ្ណ អតីតស្នងការនគរបាលរាជធានីភ្នំពេញ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចក្រឡាហោម ស ខេង នៅថ្ងៃទី១២ កញ្ញា បានឲ្យដឹងថា មានអ្នកសារព័ត៌មានជាច្រើន បានចេញផ្សាយអំពីការផ្ទេរតំណែង និងការប្រគល់ភារកិច្ចជា ស្នងការនគរបាលរាជធានីភ្នំពេញជូន លោក ស ថេត ថា ជាប្អូនរបស់សម្តេច ។ សម្តេចក្រឡាហោម បានបញ្ជាក់ថា “ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានសារព័ត៌មាន ជាច្រើនបានផ្សព្វផ្សាយ ពីការផ្ទេរតំណែង និង ការប្រគល់ភារកិច្ចជាស្នងការនគរបាលរាជធានីភ្នំពេញ ជូន លោកឧត្តមសេនីយ៍ ស ថេត ។ អ្វីដែលខ្ញុំកត់សម្គាល់ និង ចង់បញ្ជាក់នៅពេលនេះគឺ សារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា លោកឧត្តមសេនីយ៍ ស ថេត គឺជាប្អូនបង្កើតរបស់ខ្ញុំ ។ ខ្ញុំមិនដឹងថាសារព័ត៌មានទាំងនោះបានប្រភពមកពីណាឬក៏សន្និដ្ឋានដោយគ្មានប្រភពនោះទេ ប៉ុន្តែខ្ញុំសូមគូសបញ្ជាក់ថា លោកឧត្តមសេនីយ៍ ស ថេត មិនមែនជាប្អូនបង្កើត របស់ខ្ញុំ ដូចដែលសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយនោះទេ “៕