គណៈកម្មការរដ្ឋសភា និងក្រសួងអប់រំ ជួបពិភាក្សាគ្នា ស្តីពីវឌ្ឍនភាពនៃការ អនុវត្តផែនការយុទ្ធសាស្ត្រវិស័យអប់រំ ក្នុងនិងក្រោយបរិបទជំងឺកូវីដ-១៩
ភ្នំពេញ÷ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្ម ការទី៧) ដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានគណៈ កម្មការ បានជួបប្រជុំជាមួយក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិភាក្សាគ្នាស្តីពី “វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធ សាស្ត្រវិស័យអប់រំ ក្នុងនិងក្រោយបរិបទជំងឺកូវីដ-១៩”នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិមានរដ្ឋសភា។
លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងដោយសង្ខេបពីការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា និងយុទ្ធសាស្រ្តនៃការឆ្លើយតបរបស់វិស័យអប់រំនៅក្នុងបរិបទថ្មី (កូវីដ-១៩) តាមរយៈការផ្តល់អាទិភាពដល់សកម្មភាពចំនួន ៥ ដែលក្នុងនោះរួមមាន៖ ១.ការដាក់ ចេញនូវកម្មវិធីកំណែទម្រង់សាលារៀន ២.ការអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី ៣.ការលើកកម្ពស់កម្មវិធី អំណាន និងគណិតវិទ្យានៅកម្រិតដំបូង ៤.ការកៀរគរការចូលរួមពីគ្រប់ប្រភព និងអ្នកពាក់ព័ន្ធ ដើម្បីរៀបចំការអប់រំតាមបែបឌីជីថល និង៥.ការលើកកម្ពស់ឌីជីថល សម្រាប់ សតវត្សទី២១ តាមរយៈការជំរុញការសិក្សារបស់សិស្ស។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុនបាន បន្តថា បើទោះជាក្រសួងបាន និងកំពុងជួបប្រទះនូវឧបសគ្គជាច្រើនក៏ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការតាំងចិត្តក្នុងការឈានឆ្ពោះទៅកាន់ដំណាក់កាលទីបីនៃផែនការកំណែទម្រង់ ដែលសកម្មភាពអាទិភាពទាំងនោះរួមមាន៖ ការពង្រឹងការគ្រប់ គ្រងធនធានមនុស្ស និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ការដាក់ឱ្យអនុវត្តនូវរង្វាយតម្លៃការងារប្រចាំឆ្នាំ ការបង្កើតឱកាស និងអនុវត្តគន្លងអាជីពក្នុងវិស័យអប់រំ ការគ្រប់គ្រងផ្តោតលើលទ្ធផល ការ បង្កើតក្រុមជំនាញចុះជួយ និងគាំទ្រដល់សាលារៀន និងកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ។
ក្នុងកិច្ចប្រជុំជាមួយក្រសួងអប់រំ យុវជន និងកីឡា នោះដែរលោក ហ៊ុន ម៉ានី ប្រធានគណៈកម្ម ការទី៧ បានធ្វើការកត់សម្គាល់ពីការវិវត្តនៃវិស័យអប់រំនៅកម្ពុជា ក្នុងបរិបទកូវីដ-១៩ និងវិធានការនានាជាច្រើនដែលក្រសួងអប់រំ យុវជន និងកីឡា បានដាក់ ចេញជាបន្តបន្ទាប់ ទាន់ពេលវេលាប្រកប ដោយការគិតគូរខ្ពស់ ដោយម្ខាងដើម្បីធានាដល់សុខុមាលភាពរបស់សិស្ស និងបុគ្គលិកអប់រំ និងម្ខាងទៀតធានាដល់និរន្តរភាពនៃការ សិក្សារបស់សិស្សគ្រប់កម្រិតទូទាំងប្រទេស។
លោកបានបន្តថា ជាងនេះទៀត«ខណៈមានការប្រឈមនឹងស្ថានភាពវិវត្តិថ្មីមិនធ្លាប់ជួបប្រទះពីមុន ក្រសួងបានគិតគូរ ប្រើប្រាស់ កែច្នៃអ្វីដែលមានក្នុងដៃ អស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីបម្រើជាប្រយោជន៍ក្នុងការឆ្លើយតបនឹងតម្រូវការជាក់ស្តែងជាបន្តបន្ទាប់ក្នុងវិស័យអប់រំកម្ពុជា»។
ជាមួយនឹងការសាទរនូវភាពជោគជ័យរបស់ក្រសួងអប់រំ យុវជន និងកីឡា លោក ហ៊ុន ម៉ានី ក៏បានបង្ហាញការគាំទ្រចំពោះការធ្វើកំណែទម្រង់នៃវិស័យអប់រំ ក្រោមការ ដឹកនាំរបស់ លោក បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន និងបានធ្វើការវាយ តម្លៃថាកំណែទម្រង់នេះ មិនត្រឹមជាការកែទម្រង់ទន្និន័យ ភាពយុតិ្តធម៌នៃការប្រឡងនេះទេ តែវាជាការផ្លាស់ប្តូរឥរិយាបទ និងផ្នត់គំនិតធំណាស់សម្រាប់សង្គមជាតិ ដោយផ្តោតទៅលើការពឹងលើសមត្ថភាពរបស់ខ្លួនរៀងៗខ្លួន ដើម្បីសម្រេចបាននូវលទ្ធផល ពោលគឺអ្នកចេះ គឺជាប់៕ សំរិត