អនុប្រធានទី១រដ្ឋសភា អញ្ជើញចូលរួមប្រជុំ ដើម្បីពិនិត្យពីវឌ្ឍនភាព នៃការអនុវត្តកិច្ចព្រមព្រៀង ហិរញ្ញប្បទានឥតសំណង រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម សម្រាប់គម្រោងសាងសង់ អគាររដ្ឋបាលថ្មីនៃរដ្ឋសភាកម្ពុជា
ភ្នំពេញ៖ នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យពីវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់គម្រោងសាងសង់អគាររដ្ឋបាលថ្មីនៃរដ្ឋសភាកម្ពុជា។
កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ឯកឧត្តម អស់លោក ជាប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការចំពោះកិច្ច និងគណៈកម្មការប្រតិបត្តិរបស់រដ្ឋសភាទទួលបន្ទុកអនុវត្តអនុស្សរណៈយោគយល់ស្តីពីជំនួយរបស់បក្សរដ្ឋ និងប្រជាជនវៀតណាមផ្តល់ជូនរដ្ឋ និងប្រជាជនកម្ពុជានូវសំណង់អគាររបស់រដ្ឋសភា។