ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន ជូនកុមារ អាយុ៣ ឆ្នាំ ដល់ក្រោម ០៥ ឆ្នាំ បានដំណើរការហើយនៅថ្ងៃទី២៣កុម្ភៈនេះ ជាមួយនឹងកុមារយ៉ាងច្រើនកកកុញ
ភ្នំពេញ៖ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ដូសមូលដ្ឋាន ជូនកុមារ ដែលមានអាយុចាប់ពី ០៣ ឆ្នាំ ដល់ក្រោម ០៥ ឆ្នាំក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានដំណើរការហើយ នាព្រឹកថ្ងៃទី២៣កុម្ភៈនេះ ដោយមានអាណាព្យាបាល ឪពុក ម្តាយ ជីដូនជីតា នាំ កូន ចៅរបស់ពួកគាត់ ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ដូសមូលដ្ឋាននេះយ៉ាងច្រើនកកកុញ នៅតាមទីតាំងដែលបានរៀបចំដោយអាជ្ញាធររាជធានីភ្នំពេញ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៣ កុម្ភៈនេះ ដែលជាថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ដូសមូលដ្ឋាន ជូនកុមារដែលមានអាយុចាប់ពី ០៣ ឆ្នាំ ដល់ក្រោម ០៥ ឆ្នាំ នៅមន្ទីរពេទ្យបង្អែកចតុមុខនៅមន្ទីរពេទ្យបង្អែកដង្កោ មានអាណាព្យាបាល ឪពុក ម្តាយ ជីដូនជីតា បាននាំ កូន ចៅ ទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ដូសមូលដ្ឋាននេះយ៉ាងច្រើនកកកុញ។ ចំណែកនៅមន្ទីរពេទ្យបង្អែកច្បារអំពៅ មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងនិងនៅតាមមន្ទីរពេទ្យបង្អែកមួយចំនួនទៀត ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ដូសមូលដ្ឋាន ជូនកុមារដែលមានអាយុចាប់ពី ០៣ ឆ្នាំ ដល់ក្រោម ០៥ ឆ្នាំ នេះ បានដំណើរការព្រមៗគ្នា ជាមួយនឹងកុមារជាច្រើននាក់ទៅទទួលការចាក់វ៉ាក់សាំងនេះយ៉ាងកកកុញដូចគ្នាផងដែរ។
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ដូសមូលដ្ឋាន ជូនកុមារ ដែលមានអាយុចាប់ពី ០៣ ឆ្នាំ ដល់ក្រោម ០៥ ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ គឺអនុវត្តទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៨កុម្ភៈ ២០២២ ដោយក្នុងសេចក្តីនេះរដ្ឋបាលរាជធានីភ្នំពេញបានសម្រេចអោយដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ–១៩ ដូសមូលដ្ឋាន ជូនកុមារ ដែលមានអាយុចាប់ពី ០៣ ឆ្នាំដល់ក្រោម ០៥ ឆ្នាំ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ដូសទី១ ចាប់ផ្តើមពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២២ និងសម្រាប់ដូសទី២ ចាប់ផ្តើមពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ រៀងរាល់ម៉ោង ០៨:០០នាទីព្រឹក ដល់ម៉ោង ១៧០០នាទីរសៀល ដែលគម្លាតរវាងដូសទី១ និងដូសទី២ មានរយៈពេល២៨ថ្ងៃ នៅតាមទីតាំងដែលបានកំណត់ដោយរដ្ឋបាលរាជធានីភ្នំពេញនៅក្នុងខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញ៕