ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុងព្រះសីហនុ៖ចិនបង្ករបញ្ហាសន្តិសុខបញ្ជូនអង្គភាពខ្លាសំខាន់ៗចំនួន៤ របស់ក្រសួងមហាផ្ទៃ ចុះទៅខេត្តព្រះសីហនុ ជួយបង្ក្រាបបទល្មើស

193


ភ្នំពេញ៖ ក្រោយមានជនជាតិចិនបង្ករការអុកឡុកបង្កបញ្ហាអសន្តិសុខ នៅក្នុងក្រុងព្រះសីហនុ ឈានដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាដល់អង្គភាពសំខាន់ៗចំនួន៤ របស់ក្រសួងមហាផ្ទៃ ឲ្យបង្កើតក្រុមប្រតិបត្តិការ ចុះទៅខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីស្រាវជ្រាវ និងជួយបង្ក្រាបបទល្មើស បន្ទាប់ពីលេចឡើងនូវសកម្មភាពមិនប្រក្រតីមួយចំនួន។

មន្ត្រីបានឱ្យដឹងថា៖អង្គភាពចំនួន៤នោះរួមមាន៖ អគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រុមអ្នកច្បាប់របស់ក្រសួងមហាផ្ទៃផងដែរ។

ទោះបីជសយ៉ាងណាក៏ដោយ បទល្មើសជាបន្តបន្ទាប់ ជាពិសេសពាក់ព័ន្ ធជាមួយជនជាតិចិន ក៏ត្រូវបានកម្លាំងនគរបាល និងកម្លាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងបង្ក្រាប រហូតមានចាប់ខ្លួនជនល្មើស បានជាច្រើនផងដែរ។

ការដាក់បញ្ជារបស់សម្តេចឧបនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញ ជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន អគ្គនាយក អគ្គាធិការ និងបំពាក់ឋានន្ដរស័ក្ដិ ជូននាយនគរបាលជាតិជាន់ខ្ពស់ ក្រសួងមហាផ្ទៃ។

ក្នុងនោះសម្ដេចក្រឡាហោម បានថ្លែងថា នៅខេត្តព្រះសីហនុ កំពុងតែមានសកម្មភាពជួញដូរ ការអភិវឌ្ឍ ហើយក៏មានភ្ញៀវទេសចរណ៍ ច្រើននៅទីនោះដែរ ដែលមកយ៉ាងគំហុកគួរឲ្យកត់សម្គាល់។ រយៈពេលខ្លីចុងក្រោយនេះ ភ្ញៀវទេសចរបានសម្រុកទៅលេង ខេត្តព្រះសីហនុយ៉ាងច្រើន ជាពិសេសជនបរទេស ក្នុងនោះជនជាតិចិនតែម្តង។

សម្ដេច ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ធម្មតាទេថាជនជាតិណាក៏ដោយ ជាតិសាសន៍ណាក៏ដោយ វាតែងតែមានអ្នកល្អ អ្នកអាក្រក់ ហើយក្នុងពេលដែលស្ថានភាពនៅទីនោះ មិនទាន់បានរៀបចំស្រួល ឲ្យបានសមស្របនៅឡើយទេ អញ្ចឹងបង្កើតនូវបញ្ហាមួយចំនួន ដូចជាបទល្មើសសម្លាប់ ការប្រើប្រាស់គ្រឿងញៀន បញ្ហាបរិស្ថានអនាម័យ។ យើងដឹងហើយថា ទឹកសមុទ្រដែលជាទីពេញនិយមរបស់ប្រជាពលរដ្ឋកម្ពុជាយើង ក៏ដូចជាភ្ញៀវអន្តរជាតិ ប្រសិនបើយើងមិនបានយកចិត្តទុកដាក់ ឲ្យបានគ្រប់ជ្រុងជ្រោយទេ វាអាចធ្វើឲ្យទឹកសមុទ្រក្លាយជា សមុទ្រដល់ប្រើមិនកើត។ នេះជាការបារម្ភរបស់យើង»។

បើតាមសម្តេចរដ្ឋមន្ត្រី ក្នុងតួនាទីរបស់ក្រសួងមហាផ្ទៃ សម្តេចបានចាត់ស្នើឲ្យមានក្រុមចុះអង្កេតម្តងហើយ ដើម្បីចុះស្រាវជ្រាវ នៅខេត្តព្រះសីហនុនេះ។ ជាមួយគ្នានេះ ក៏មានការអំពាវនាវពីអន្តរក្រសួង ដោយស្នើទៅប្រមុខរាជរដ្ឋាភិបាល ហើយប្រមុខរាជរដ្ឋាភិបាលក៏បានឯកភាព ប្រគល់ភារកិច្ច ឲ្យក្រសួង-ស្ថាប័ននីមួយៗ ធ្វើតាមតួនាទីភារកិច្ច របស់ខ្លួនផងដែរ។​

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមថា «ប៉ុន្តែសម្រាប់ក្រសួងមហាផ្ទៃ ដែលមានការទទួលខុសត្រូវច្រើន អញ្ចឹងស្នើថា យើងនឹងរៀបចំក្រុមការងារខ្លាមួយ ដើម្បីទៅគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលក្នុងនោះ ខ្ញុំគិតថាមានអគ្គនាយកដ្ឋាន៤ ដែលដើរតួ អគ្គរដ្ឋបាល អគ្គនគរបាល អន្តោប្រវេសន៍ ហើយនិងក្រុមអ្នកច្បាប់។ រៀបចំជាក្រុមមួយហៅថាក្រុមប្រតិបត្តិការ ឬក៏ក្រុមគាំទ្រ។ ប៉ុន្តែមិនមែនថាក្រុមគាំទ្រទៅធ្វើជំនួសរដ្ឋបាល ខេត្តព្រះសីហនុទេ ក៏ប៉ុន្តែទៅគាំទ្រជួយដោះស្រាយ នូវបញ្ហាទាំងឡាយណា ដែលខេត្តមិនមានលទ្ធភាព រាល់ទាំងការបង្ក្រាបបទល្មើស ទៅនោះផង»។

គួរបញ្ជាក់ថា នៅក្រុង-ខេត្តព្រះសីហនុ បទល្មើសចុងក្រោយដែលបានកើតឡើង ហើយត្រូវបានកម្លាំងនគរបាលបង្ក្រាបទាន់ពេលវេលានោះ គឺការចាប់បង្ខាំងជនជាតិចិនធ្វើទារុណកម្ម ដែលបង្កដោយជនជាតិចិនគ្នាឯង។ ក្នុងនោះកម្លាំងនគរបាលបានរំដោះជនរងគ្រោះប្រុសស្រី២នាក់ និងចាប់ជនល្មើសចំនួន៤នាក់ ជាជនជាតិចិន៕

អត្ថបទដែលជាប់ទាក់ទង