ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលជំនួបពិភាក្សា ការងាររវាងសម្ដេចតេជោ ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា

255

 

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Ismail Sabri Yaakob) នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីក្នុងឱកាស ដែលឯកឧត្តមអញ្ជើញបំពេញ ទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃ។

នៅក្នុងជំនួបទ្វេភាគីនេះ សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានពិភាក្សាគ្នាស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីនិងបានផ្លាស់ប្ដូរទស្សនៈជុំវិញបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួមក្នុងស្មារតីមិត្តភាពយូរអង្វែងសាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក ។ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអបអរសាទរចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីដែល ទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ និងបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវការរីកចម្រើនយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ក្នុងការអភិវឌ្ឍន៍ជាតិ។

ថ្នាក់ដឹកនាំទាំងពីរក៏បានសម្ដែងនូវក្តីរីករាយដែលប្រទេសទាំងពីរអាចគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩បានយ៉ាងល្អ តាមរយៈយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ ដ៏មានប្រសិទ្ធភាព។ ប្រទេសទាំងពីរបានកោតសរសើរគ្នាទៅវិញទៅមកអំពីការប្ដេជ្ញាជំនះបានលើជំងឺរាតត្បាតកូវីដ-១៩ និងផលប៉ះពាល់នានាមកលើសេដ្ឋកិច្ច។ អត្រាខ្ពស់នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ប្រទេសទាំងពីរ នឹងត្រួសត្រាយផ្លូវសម្រាប់ការងើបឡើងវិញបានឆាប់រហ័សលើគ្រប់វិស័យ។ ភាគីទាំងពីរក៏បានគូសបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចវិជ្ជមានក្នុងឆ្នាំ ២០២១ ដោយម៉ាឡេស៊ីទទួលបាន ៣,៥% និងកម្ពុជាទទួលបាន៣% នឹងត្រូវព្យាករណ៍ថានឹងមានភាពល្អប្រសើរជាងនេះទៅទៀតសម្រាប់ឆ្នាំ ២០២២។ រាជរដ្ឋាភិបាលកម្ពុជាបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ស្ថានទូតម៉ាឡេស៊ីនៅភ្នំពេញ ក្រុមហ៊ុន និងសហគមន៍ម៉ាឡេស៊ីនៅកម្ពុជាដែល បានផ្ដល់ជំនួយសប្បុរសធម៌ រួមចំណែក ក្នុងការប្រយុទ្ធប្រឆាំងការរាគក្បាលជំងឺកូវីដ-១៩នៅកម្ពុជា។ រដ្ឋាភិបាលម៉ាឡេស៊ីក៏បានសម្តែងនូវការអរគុណចំពោះជំនួយសប្បុរសធម៌ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ប្រជាជនម៉ាឡេស៊ីនៅកម្ពុជាក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានសំដែងនូវការពេញចិត្តចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធចំណងមិត្តភាពរឹងមាំ និងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមកជាច្រើនវិស័យ រវាងកម្ពុជា និងម៉ាឡេស៊ីក្នុងរយៈពេល៦ទសវត្សរ៍កន្លះចុងក្រោយនេះ។ ប្រជាជាតិទាំងពីរ នឹងបង្កើនទំនាក់ទំនងគ្រប់ កម្រិតព្រមទាំងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឲ្យកាន់តែជិតស្និទ្ធ ដើម្បីឲ្យមានការយោគយល់គ្នា និងមិត្តភាពកាន់តែស៊ីជម្រៅបន្ថែមទៀត។ ថ្នាក់ដឹកនាំទាំងពីរក៏បាន ឯកភាពបន្តជំរុញបន្ថែមទៀតនូវវិស័យពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ សុខាភិបាល ទេសចរណ៍ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក្នុងគោលបំណងជំរុញស្ដារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩។ ដើម្បីសម្រេចគោលបំណងនេះ នាយករដ្ឋមន្ត្រីទាំងពីរក៏បានឯកភាពគ្នាក្នុងការពិនិត្យលទ្ធភាពបង្កើតឲ្យមានភាពជាដៃគូ និងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងព្រះសីហនុ និងទីក្រុងសៀមរាប ជាមួយទីក្រុងនានានៅ ប្រទេសម៉ាឡេស៊ីផងដែរ។ ថ្នាក់ដឹកនាំទាំងពីរបានប្ដេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្សការងារសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង ដើម្បីសម្រេចបាននូវការរីកចម្រើនប្រកបដោយសុខមាលភាពរយៈពេលវែង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់ផលប្រយោជន៍ នៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានលើកទឹកចិត្តដល់ធុរជន និងវិនិយោគិនឲ្យស្វែងរក កាលានុវត្តភាពបន្ថែមទៀតអំពីឱកាសអាជីវកម្ម និងវិនិយោគនៅប្រទេសទាំងពីរ ដោយប្រទេសទាំងពីមានកិច្ចព្រមព្រៀងស្ដីអំពីការចៀសវាងយកពន្ធត្រួតគ្នា និងការបង្ការការគេចពន្ធទាក់ទងនឹង ការយកពន្ធលើប្រាក់ចំណូលរវាងប្រទេសទាំងពីរ ដែលបានចូលជាធរមានកាលពីថ្ងៃទី១ មករា ឆ្នាំ២០២១ និងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ដែលផ្ដល់នូវក្របខ័ណ្ឌច្បាប់ដែលបើកចំហ មានតម្លាភាព អាចព្យាករណ៍បាន និងមានប្រសិទ្ធភាពជាង មុនសម្រាប់ការវិនិយោគ។

ប្រទេស ម៉ាឡេស៊ីបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកកិច្ចសហការផ្នែក ធុរកិច្ចលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍បច្ចេកវិទ្យាហិរញ្ញវត្ថុ និងសន្តិសុខតាម ប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា។ភាគីទាំងពីរបាន ផ្ដល់អាទិភាពដល់ការពង្រឹងសហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មបង្កើតថ្មី និងរំលឹកឡើងវិញអំពីកិច្ចព្រមព្រៀងរវាង MRANTI (ពីមុនត្រូវបានគេស្គាល់ថា MaGIC Malaysia) និងមជ្ឈមណ្ឌល Impact Hub ភ្នំពេញ (Impact Hub Phnom Penh) ដើម្បីលើកកម្ពស់អាជីវកម្មបង្កើតថ្មី និងការបណ្ដាក់ទុនរកស៊ីរបស់ សហគ្រិនវ័យក្មេងនៅក្នុងប្រទេសទាំងពីរ។ ម៉ាឡេស៊ីនឹងបន្តផ្ដល់ឱកាសដល់ មន្ត្រីរាជការកម្ពុជាចូលរួមក្នុងវគ្គបណ្ដុះបណ្ដាល និងកសាងសមត្ថភាពតាមរយៈ កម្មវិធីកិច្ចសហប្រតិបត្តិការ បច្ចេកទេសម៉ាឡេស៊ី(MTCP) និងកម្មវិធីកិច្ចសហប្រតិបត្តិការ ការពារជាតិម៉ាឡេស៊ី(MDCP)។

ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានបញ្ជាក់ អំពីការគាំទ្រពេញលេញដល់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក្រោមប្រធានបទ: អាស៊ានរួមគ្នាធ្វើដោះស្រាយ​បញ្ហាប្រឈមទាំងអស់គ្នា។ ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពគ្នា បន្តធ្វើការងារយ៉ាងជិតស្និតក្នុងការពង្រឹង សហគមន៍អាស៊ាន និងដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិក្នុងក្របខណ្ឌអាស៊ាន និងយន្តការពហុភាគីនានា ក្នុងគោលដៅរួមសំដៅថែរក្សាមជ្ឈភាពអាស៊ាន ការរួបរួមគ្នារក្សាសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។ ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្ដូរទស្សនៈ ដោយត្រង់ទៅត្រង់មក លើបញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាផលប្រយោជន៍ និងក្តីកង្វល់ រួមដូចជាបញ្ហាមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង និងការប្រកួតប្រជែងភូមិសាស្ត្រ នយោបាយ ក្នុងចំណោមប្រទេសមហាអំណាច។ នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានគូសបញ្ជាក់អំពីសារសំខាន់ ចាំបាច់ ក្នុងការធានានូវការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ ចំណុចរបស់ប្រមុខដឹកនាំអាស៊ានប្រកប ដោយប្រសិទ្ធភាពនិងទាន់ពេលវេលា។

ម៉ាឡេស៊ីបានសំដែងនូវការគាំទ្រយ៉ាងពេញ ទំហឹងចំពោះការងាររបស់ប្រេសិតពិសេស របស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា និងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចលើកដំបូង របស់ប្រេសិតពិសេសទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ថ្នាក់ដឹកនាំទាំងពីរបានបញ្ជាក់ សាជាថ្មីអំពីការអនុវត្តឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ បណ្ដាភាគីនៅសមុទ្រចិនខាងត្បូង (DOC) នឹងបញ្ចប់ឲ្យបានឆាប់នូវក្រមប្រតិបត្តិ(COC) នៅសមុទ្រចិនខាងត្បូង ដែលមានប្រសិទ្ធភាព និងខ្លឹមសារស្របជាមួយនឹងច្បាប់អន្តរជាតិរួមមាន អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ តាមពេលវេលាដែលមានការឯកភាពគ្នា។

ថ្នាក់ដឹកនាំទាំងពីរក៏បានលើកទឹកចិត្តជំរុញ កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអាស៊ាន និងបណ្ដាប្រទេសដៃគូក្រៅតំបន់ក្នុង ក្របខ័ណ្ឌនៃទស្សនទានអាស៊ានស្ដីពីឥណ្ឌូប៉ាស៊ីហ្វិក។ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានលើកឡើង អំពីបញ្ហាជនបាត់បង់ ទីលំនៅជនភៀសខ្លួន មកពីរដ្ឋរ៉ាក់ខាញ រួមទាំងជនជាតិរ៉ូហ៊ីងយ៉ា ជាមួយនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ និងបានបញ្ជាក់សាជាថ្មីនូវសារៈសំខាន់នៃការដោះស្រាយ មូលហេតុជាឫសគល់ នៃជម្លោះ និងការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេដោយ ស្ម័គ្រចិត្តមានសុវត្ថិភាព និងភាពថ្លៃថ្នូរ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានអញ្ជើញ សម្ដេចតេជោទៅបំពេញ ទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ី ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។ ហើយសម្ដេចតេជោក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅនិងទទួលយកនូវការអញ្ជើញ ទៅបំពេញទស្សនកិច្ចនៅ ប្រទេសម៉ាឡេស៊ី ដោយក្តីរីករាយ នាពេលវេលាសមស្របណាមួយ នាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង