ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផល នៃដំណើរទស្សនកិច្ចផ្លូវការរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

256

 

ភ្នំពេញៈ តបតាមការអញ្ជើញរបស់លោកជំទាវ ANNALENA BAERBOCK រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ដែលជាទស្សនកិច្ចលើកទីមួយក្នុងរយៈពេល ២៥ ឆ្នាំ បន្ទាប់ពីការផ្លាស់ប្តូរដំណើរទស្សនកិច្ច ចុងក្រោយនៅក្នុងខែមករា ឆ្នាំ ១៩៩៧ ដើម្បីជំរុញទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ និងពង្រីកកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

ក្នុងឱកាសបំពេញទស្សនកិច្ចនេះ លោក ប្រាក់ សុខុន បានជួបពិភាក្សាការងារផ្លូវការជាមួយលោកជំទាវ ANNALENA BAERBOCK ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្ថានភាពនៅមីយ៉ាន់ម៉ា និងនៅអ៊ុយក្រែន និងការប្រែប្រួល អាកាសធាតុ ព្រមទំាងប្រធានបទផ្សេងៗជាច្រើនទៀត។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាលោក ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះ ទំនាក់ទំនងទ្វេភាគីប្រកបដោយគុណភាព ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈ ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ និងការចុះហត្ថលេខាថ្មីៗនេះ លើសេចក្តីថ្លែងការណ៍រួម ស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ កាលពីថ្ងៃទី២៦ ខែមករា កន្លងទៅ និងកិច្ចប្រជុំពិគ្រោះយោបល់លើកទីមួយ ដែលបានប្រព្រឹត្តទៅ នាថ្ងៃដដែលនៅរាជធានីភ្នំពេញ។

លោក ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយដែលអាល្លឺម៉ង់ តែងតែផ្តល់ ជូនកម្ពុជាជាបន្តបន្ទាប់ ចាប់តាំងពីពេលដែលកម្ពុជាកំពុងកសាងសន្តិភាពក្នុងឆ្នាំ១៩៩២ ដែលក្នុងនោះមានទឹកប្រាក់សរុប ៥៨០លានអឺរ៉ូ រួមទាំងការសន្យារបស់អាល្លឺម៉ង់ ផ្តល់ហិរញ្ញប្បទាន ឥតសំណងប្រមាណ ៥៣ លានអឺរ៉ូ ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការបច្ចេកទេស សម្រាប់រយៈពេល ២០២១-២០២២ និងហិរញ្ញប្បទានឥតសំណងប្រមាណ ១៤ លានអឺរ៉ូ ដើម្បីគំាទ្រដល់វិធានការ ឆ្លើយតបបន្ទាន់របស់រាជរដ្ឋាភិបាល ទៅនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លោក ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណ៩០% បានទទួលការចាក់វ៉ាក់សាំងនៅទូទាំងប្រទេស។ លោកជំទាវ ANNALENA BAERBOCK បានស្ងើចសរសើរចំពោះសមិទ្ធផលទាំងនេះ ហើយបានបង្ហាញពីឆន្ទៈរបស់អាល្លឺម៉ង់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីលុបបំបាត់ជំងឺរាតត្បាតនេះនៅទូទាំងពិភពលោក។
កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអាល្លឺម៉ង់ ដើម្បីប្រយុទ្ធប្រឆាំងនឹង បម្រែបម្រួលអាកាសធាតុ និងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់អាល្លឺម៉ង់ក្នុងការអភិវឌ្ឍ ផែនការយុទ្ធសាស្ត្រជាតិបន្សាំនឹងការប្រែប្រួលអាកាសធាតុ (National Adaptation Plan) ដោយសហការជាមួយទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ)។ កម្ពុជាប្តេជ្ញា បង្កើនថាមពលកកើតឡើងវិញដល់ ២៥% នៃប្រភពថាមពលរួមថ្នាក់ជាតិនៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានតុល្យភាព កាបូន ( Carbon Neutral) នៅឆ្នាំ ២០៥០ ។

រដ្ឋមន្ត្រីទំាងពីរបានផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិដែលផលប្រយោជន៍ក៏ដូចជាកង្វល់ នៅក្នុងតំបន់ទាំងពីរ ៖
 ចំពោះបញ្ហានៅមីយ៉ាន់ម៉ា ភាគីទាំងពីរបានឯកភាពគ្នាលើភាពចាំបាច់ក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ដើម្បីជួយឱ្យប្រទេសនេះវិលត្រឡប់មករកប្រក្រតីភាពឡើងវិញ។ ទាក់ទិននឹងបញ្ហានេះ លោកជំទាវ ANNALENA BAERBOCK រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានសម្តែងការគាំទ្រកម្ពុជា ជាប្រធានអាស៊ាន និងបេសកជនពិសេសនៃប្រធានអាស៊ាន ដែលមានគម្រោងធ្វើដំណើរទៅកាន់ប្រទេស មីយ៉ាន់ម៉ា ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច ពោលគឺក្នុងការស្វែងរកមូលដ្ឋាន រួមក្នុងការបញ្ចប់អំពើហិង្សា ការផ្តល់ជំនួយមនុស្សធម៌ និងការបង្កើតបរិយាកាសអំណោយផល ដើម្បីចាប់ផ្តើមការសន្ទនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។ លោកជំទាវរដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ បានបង្ហាញពីឆន្ទៈរបស់អាល្លឺម៉ង់ក្នុងការចូលរួម ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា។

ក្នុងអំឡុងពេលពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន លោកជំទាវ ANNALENA BAERBOCK បានសង្កត់ធ្ងន់អំពីសារសំខាន់នៃសាមគ្គីភាព និងភាពជាដៃគូរវាង G7 និងអាស៊ាន។ ភាគីទាំងពីរបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធានាបាននូវសន្តិភាពពិភពលោក និងការរក្សាបាននូវនីតិរដ្ឋក្នុងកិច្ចការអន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងវិបុលភាពរួមគ្នា។
រដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងការពេញចិត្តយ៉ាងខ្លាំង ចំពោះការផ្លាស់ប្តូរការគាំទ្រគ្នាទៅវិញទៅមក សម្រាប់បេក្ខភាពរបស់ខ្លួននៅក្នុងស្ថាប័នអន្តរជាតិ។
កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅ ក្នុងបរិយាកាសយ៉ាងល្អប្រសើរ ប្រកបដោយមិត្តភាពដ៏កក់ក្តៅ និងប្រកបដោយការយោគយល់ និងគាំទ្រគ្នាទៅវិញទៅមក៕

អត្ថបទដែលជាប់ទាក់ទង