ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីអ៊ុយក្រែន នឹងផ្ដល់មេដាយវីរបុរសជាតិនៃប្រទេសអ៊ុយក្រែន ដល់ឆ្មាំ ការពារព្រំដែនទាំង ១៣នាក់ ដែលបានពលីជីវិត ដើម្បីការពារកោះ Zmiinyi ដោយមិនព្រមទម្លាក់អាវុធ ចុះចាញ់នាវាចម្បាំងរុស្ស៊ីមួយគ្រឿង នៅក្នុងតំបន់សមុទ្រខ្មៅ

48

 

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថាលោកនឹងផ្ដល់ «មេដាយវីរបុរសជាតិនៃប្រទេសអ៊ុយក្រែន» ដល់ឆ្មាំ ការពារព្រំដែនទាំង ១៣នាក់ ដែលបានពលីជីវិតដើម្បីការពារកោះពស់ ឬកោះ Zmiinyi ដោយមិនព្រមទម្លាក់អាវុធ ចុះចាញ់នាវាចម្បាំងរុស្ស៊ីមួយគ្រឿង នៅក្នុងតំបន់សមុទ្រខ្មៅ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Business insider នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថាមួយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លោក Zelensky បានបញ្ជាក់ដូច្នេះថា «នៅលើកោះហ្ស៊ីមីនយី (Zmiinyi), ឆ្មាំការពារព្រំដែនរបស់ យើងទាំងអស់បានការពារកោះនេះរហូតដល់ទីបញ្ចប់ ដោយពួកគេបានស្លាប់ក្នុងនាមជាវីរបុរស…ហើយខ្ញុំនឹងផ្ដល់មេដាយវីរបុរសរបស់អ៊ុយក្រែន ដល់ពួកគេ»។

គួរបញ្ជាក់ថា កោះពស់ ឬ Zmiinyi ត្រូវបានគេរាយការណ៍ថាបានធ្លាក់ចូលដៃរបស់កងទ័ពរុស្ស៊ី។ យ៉ាងហោចណាស់ កងទ័ពអ៊ុយក្រែន ១៣៧នាក់ ត្រូវបានសម្លាប់ និង៣១៦នាក់ទៀតរងរបួស នៅក្នុងប្រតិបត្តិការឈ្លានពានថ្ងៃដំបូងរបស់រុស្ស៊ី៕

អត្ថបទដែលជាប់ទាក់ទង