ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីក្រុងព្រះសីហនុ ទទួលបានពានរង្វាន់ និរន្តរភាពបរិស្ថានទីក្រុងអាស៊ាន ខណៈរាជធានីភ្នំពេញ និងទីក្រុង២ទៀត ទទួលបានវិញ្ញាបនប័ត្រសម្រាប់ឆ្នាំ២០២១.!

64

ព្រះសីហនុ ៖ ទីក្រុងព្រះស៊ីហនុ ទទួលបានពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាន ខណៈរាជធានីភ្នំពេញបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាត ទីក្រុងសែនមនោរម្យបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ដីស្អាត និងទីក្រុងកែបបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ខ្យល់ស្អាត សម្រាប់ឆ្នាំ២០២១។
ពិធីប្រគល់ពានរង្វាន់ទីក្រុងនិរន្តភាពបរិស្ថានអាស៊ាន និងវិញ្ញាបនបត្រទទួលស្គាល់ដីស្អាត ទឹកស្អាត និងខ្យល់ស្អាត ដល់ទីក្រុងរបស់កម្ពុជានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

គួររំលឹកថា សម្រាប់កម្ពុជា រាជធានីភ្នំពេញបានទទួលពានរង្វាន់និរន្តរភាពបរិស្ថានទីក្រុងអាស៊ាននាឆ្នាំ២០០៨ និងឆ្នាំ២០១១ ទីក្រុងបាត់ដំបងបានទទួលនាឆ្នាំ២០១៣ ទីក្រុងកែបបានទទួលនាឆ្នាំ២០១៧ និងទីក្រុងព្រះស៊ីហនុបានទទួលនាឆ្នាំ២០២១។ ទន្ទឹមនោះ ទីក្រុងសៀមរាបបានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាតនាឆ្នាំ២០១៣ ទីក្រុងពោធិ៍សាត់បានទទួលវិញ្ញាបនប័ត្រទទួលស្គាល់ទឹកស្អាតនាឆ្នាំ២០១៧។

សម្រាប់គោលបំណងនៃការផ្តល់ពានរង្វាន់ និងវិញ្ញាបនប័ត្រទទួលស្គាល់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន ដើម្បីលើកកម្ពស់ការយល់ដឹងពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងបណ្តាប្រទេសអាស៊ាន ឈានទៅសម្រេចបានទីក្រុងស្អាត និងបៃតង។ ពានរង្វាន់ទាំងពីរនេះបញ្ជាក់ពីសារៈសំខាន់នៃការថែរក្សាខ្យល់ឱ្យបានស្អាត ដីស្អាត និងទឹកស្អាត ខណៈដែលទីក្រុងអាស៊ានត្រូវបន្តការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទាំងនេះគាំទ្របន្ថែមលើអាទិភាព នៃការពង្រឹងសមត្ថភាពក្នុងតំបន់ក្នុងការរៀបចំផែនការទីក្រុង និងការកសាងទីក្រុងដែលធន់នឹងអាកាសធាតុ។

នៅក្នុងក្របខណ្ឌនៃការផ្តល់ពានរង្វាន់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន បានរៀបចំរៀងរាល់៣ឆ្នាំម្តង ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៧ និងរៀងរាល់៤ឆ្នាំម្តង ក្រោយពីឆ្នាំ២០១៧ ហើយដែលការប្រគល់ពានរង្វាន់ និងនិងវិញ្ញាបនប័ត្រទទួលស្គាល់ទីក្រុងនិរន្តរភាពបរិស្ថានអាស៊ាន បានធ្វើនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ាន។
ដើម្បីជួយគាំទ្រ និងជំរុញការអនុវត្តយុទ្ធសាស្ត្រទីក្រុងនៃប្រទេសអាស៊ាន ប្រកបដោយភាពស្អាត និងបៃតង វិទ្យាស្ថានយុទ្ធសាស្រ្ដបរិស្ថានពិភពលោក (IGES) នៃប្រទេសជប៉ុន បានគាំទ្រជាថវិកា និងបច្ចេកទេសដល់កម្មវិធីទីក្រុងគំរូអាស៊ានចំនួន៤០ នៃបណ្តាប្រទេសអាស៊ាន ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៧ ដោយបែងចែកជា ៣ដំណាក់កាល។

ក្នុងដំណាក់កាលទី១ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១២ សម្រាប់កម្ពុជាមានរាជធានីភ្នំពេញ និងក្រុងសៀមរាបបានចូលរួមអនុវត្ត ក្នុងដំណាក់កាលទី២ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ មានរាជធានីភ្នំពេញ និងក្រុងពោធិ៍សាត់បានចូលរួមអនុវត្ត និងដំណាក់កាលទី៣ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ មានក្រុងពោធិ៍សាត់ និងក្រុងកែប បានចូលរួមអនុវត្ត។
បន្ទាប់ពីបញ្ចប់ដោយជោគជ័យនូវកម្មវិធីទីក្រុងគំរូអាស៊ាន កម្មវិធីទីក្រុងឈានមុខ អាស៊ានត្រូវបានដាក់ឱ្យអនុវត្ដចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ផងដែរ ហើយដែលមានទីក្រុងកែបបានទទួលកិត្តិយសជ្រើសរើសជាទីក្រុងឈានមុខអាស៊ាន ចំណែកទីក្រុងកំពត និងទីក្រុងពោធិ៍សាត់ ត្រូវបានជ្រើសរើសជាទីក្រុងគំរូអាស៊ាន។

សូមបញ្ជាក់ថា តាមរយៈការចូលរួមការអនុវត្តកម្មវិធីទីក្រុងគំរូអាស៊ាន និងកម្មវិធីទីក្រុងឈានមុខអាស៊ាន បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងពីអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាព លើការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ការគ្រប់គ្រងសំណល់រាវ ការទប់ស្កាត់ការបំពុលខ្យល់ ការធ្វើអនាម័យនៅតាមសាលារៀន ទីសាធារណៈ ធានាបានការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងទីប្រជុំជនក្រុង ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ឆ្នាំ២០១៦-២០៣០៕

អត្ថបទដែលជាប់ទាក់ទង