ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងទ័ពរុស្ស៉ី នឹងប្រឹងក្រសោប យកទីក្រុងកៀវ នៅយប់នេះ

167

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី (Volodymyr Zelenskyy) បានថ្លែងនៅពេលរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ (ម៉ោង នៅទីក្រុងកៀវ) នេះថា កងទ័ពរុស្ស៊ីនឹងប្រឹងក្រសោបយករដ្ឋធានីកៀវ នៅអំឡុងយប់នេះហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងការថ្លែងតាមខ្សែវីដេអូទៅកាន់ប្រជាជាតិ, លោក Zelenskyy បានលើកឡើងថា ខ្ញុំត្រូវតែនិយាយដោយបើកចំហ។ យប់នេះនឹងពិបាកជាងពេលថ្ងៃ។ ទីក្រុងជាច្រើននៃប្រទេសរបស់យើង កំពុងរងការវាយប្រហារ។ ការយកចិត្តទុកជាពិសេសមានលើកៀវ យើងមិនអាចបាត់បង់រដ្ឋធានីនោះទេ

លោក Zelenskyy បានថ្លែងទាំងយប់ ដោយមានមន្ត្រីរដ្ឋាភិបាលសំខាន់ៗរបស់លោក អមនៅពីក្រោយទៀតថា ខ្ញុំសូមផ្តាំទៅកាន់អ្នកការពាររបស់យើង ទាំងប្រុសទាំងស្រីនៅគ្រប់ទិសទី៖ យប់នេះ សត្រូវនឹងប្រើកម្លាំងទាំងអស់ដែលវាមាន ដើម្បីវាយកម្ទេចប្រព័ន្ធការពាររបស់យើង តាមរបៀបដ៏សាហាវ ឃោរឃៅ និងអមនុស្សធម៌។ យប់នេះ ពួកគេនឹងព្យាយាមសម្រុកចូលកៀវហើយ

លោក Zelenskyy ក៏បានបង្ហើបផងដែរថា កាលពីថ្ងៃសុក្រ លោកបានជួបពិភាក្សាជាមួយ បណ្តាមេដឹកនាំលោកខាងលិចមួយចំនួន ក្នុងនោះមានដូចជា ប្រធានាធិបតីបារាំង, អធិការបតីអាល្លឺម៉ង់ និងប្រធានាធិបតីអាមេរិកជាដើម ហើយពួកគេបានព្រមព្រៀងផ្តល់ជំនួយបន្ថែម ការគាំទ្របន្ថែម និងការគាំទ្រចាំបាច់ផ្សេងៗទៀត សម្រាប់ប្រទេសអ៊ុយក្រែន៕

អត្ថបទដែលជាប់ទាក់ទង