ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការពារជាតិរុស្ស៉ី អះអាងថា កងទ័ពខ្លួនកម្ទេចគោលដៅ យោធារបស់អ៊ុយក្រែន បានចំនួនរាប់រយ និងដណ្តើមបានទីក្រុងមួយ នៅភាគខាងត្បូង

74

ម៉ូស្គូ៖ តំណាងក្រសួងការពារជាតិរុស្ស៉ី លោក អ៉ីហ្គ័រ កូណាសិនកូវ (Igor Konashenkov) នៅថ្ងៃសៅរ៍នេះ បានឱ្យដឹងថា កងកម្លាំងយោធារុស្ស៉ីបានកម្ទេចវត្ថុសរុបចំនួន៨២១ នៃបណ្តាញហេដ្ឋារចនាសម្ព័ន្ធយោធា នៅក្នុងប្រទេសអ៊ុយក្រែន ស្របពេលដែលប្រតិបត្តិការយោធាបាននិងកំពុងប្រព្រឹត្តនៅថ្ងៃទី៣។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

មន្រ្តីយោធារុស្ស៉ីរូបនេះបានរៀបរាប់ថា ក្នុងចំណោមវត្ថុទាំងនោះ រួមមាន ព្រលានយន្តហោះយោធាចំនួន ១៤កន្លែង, ប៉ុស្តិ៍បញ្ជាការនិងមជ្ឈមណ្ឌលទាក់ទង ១៩កន្លែង, ប្រព័ន្ធប្រឆាំងមីស៉ីល S-300 និង Osa ២៤គ្រឿង, ស្ថានីយរ៉ាដា ៤៨កន្លែង, យន្តហោះចម្បាំង ៧គ្រឿង, ឧទ្ធម្ភាគចក្រ ៧គ្រឿង, យន្តហោះដ្រូន ៩គ្រឿង, រថក្រោះនិងរថពាសដែក ៨៧គ្រឿង, ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត ២៨គ្រឿង, កាណូតចម្បាំង ៨គ្រឿង ព្រមទាំងបរិក្ខាយោធារាប់រយផ្សេងទៀត។

បើតាមលោក Konashenkov យោធារុស្ស៉ី បានប្រើប្រាស់មីស៉ីលគ្រូស រយៈចម្ងាយឆ្ងាយ វាយប្រហារចេញពីតាមផ្លូវអាកាស ផ្លូវសមុទ្រ និងផ្លូវគោក ទៅលើហេដ្ឋារចនាសម្ព័ន្ធ យោធារបស់អ៊ុយក្រែន។ ជាមួយគ្នានេះ កងទ័ពរុស្ស៉ី ក៏ដណ្តើមកាន់កាប់ បានទាំងស្រុង នូវទីក្រុងម៉េលីតូប៉ូល (Melitopol) ដែលនៅភាគខាងត្បូង ប្រទេសអ៊ុយក្រែនផងដែរ ខណៈការប្រយុទ្ធគ្នាកំពុងផ្ទុះឡើង នៅតាមទីក្រុងផ្សេងៗទៀត រួមមានទាំងរដ្ឋធានីកៀររបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា ក្រោយការព្រមានជាដដែលៗ ពីសហរដ្ឋអាមេរិក ទីបំផុតប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានសម្រេចបើក ប្រតិបត្តិការយោធា ទៅលើអ៊ុយក្រែន ដែលជាប្រទេសជិតខាងរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕

អត្ថបទដែលជាប់ទាក់ទង