រុស្ស៉ីប្រកាសផ្អាកកិច្ចសហប្រតិបត្តិការ ជាមួយអឺរ៉ុប ជុំវិញការប្រើប្រាស់ មជ្ឈមណ្ឌលបង្ហោះយានអវកាស នៅតំបន់ French Guiana
ម៉ូស្គូ៖ នៅថ្ងៃសៅរ៍នេះ ទីភ្នាក់ងារអវកាសរុស្ស៉ី Roscosmos បានប្រកាសពីការផ្អាក កិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូនៅអឺរ៉ុប ស្តីពីការបាញ់បង្ហោះគ្រាប់រ៉ុក្កែត និងយានអវកាស នៅឯមជ្ឈមណ្ឌលអវកាសក្នុងតំបន់ រដ្ឋបាលហ្រ្វង់ហ្គីយ៉ាណា (French Guiana) របស់បារាំង ជាការឆ្លើយតបចំពោះការដាក់ទណ្ឌកម្ម របស់សហភាពអឺរ៉ុប លើប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Tass នៅថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។
លោក ឌីមេទ្រី រ៉ូហ្គោហ្ស៉ីន (Dmitry Rogozin) បានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនង Telegram យ៉ាងដូច្នេះថា «ជាការឆ្លើយតបទៅនឹង ការដាក់ទណ្ឌកម្មពីសំណាក់សហភាពអឺរ៉ុប មកលើបណ្តាសហគ្រាសរបស់ពួកយើង ទីភ្នាក់ងារ រ៉ូកូសម៉ូស (Roscosmos) សម្រេចចិត្តផ្អាកកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយក្រុមដៃគូអឺរ៉ុប ជុំវិញការរៀបចំបាញ់បង្ហោះ យានអវកាស ចេញពីមជ្ឈមណ្ឌលអវកាសនៅតំបន់ French Guiana ហើយដកបុគ្គលិកបច្ចេកទេសរុស្ស៉ីទាំងអស់ ចេញពីទីនោះ»។
គួរបញ្ជាក់ថា ក្នុងសប្តាហ៍នេះ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មកម្រិតធ្ងន់ថ្មី លើប្រទេសរុស្ស៉ី បន្ទាប់ពីទីក្រុងម៉ូស្គូ សម្រេចបើកប្រតិបត្តិការ យោធានៅអ៊ុយក្រែន ខណៈទណ្ឌកម្មនោះ ក៏មានការប៉ះពាល់ជាខ្លាំង ដល់វិស័យអវកាសរបស់រុស្ស៉ីផងដែរ៕