ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទេសចររុស្ស៊ី នឹងបង្វែរមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុ កាន់តែច្រើនឡើង

275

 

ព្រះសីហនុ ៖ រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យឯកឧត្តម Alexey Chepa អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិ សភាសហព័ន្ធរុស្ស៊ីចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានមតិស្វាគមន៍ និងជម្រាបជូនឯកឧត្តម Alexey Chepa ពីសក្តានុពលរបស់ខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ មានកំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវដែក ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ ដែលសក្តានុពលនេះបានផ្តល់ឱកាសដល់អ្នកវិនិយោគជាច្រើន មកបណ្តាក់ទុននៅខេត្តព្រះសីហនុ ក្នុងនោះក៏មានអ្នកវិនិយោគរុស្សីផងដែរ ដែលមកវិនិយោគលើវិស័យទេសចរ ជាពិសេសការវិនិយោគនៅកោះក្របី ក្នុងឃុំរាម ស្រុកព្រៃនប់ ដែលមានភាពល្បីល្បាញ ដោយបានរៀបចំយ៉ាងប្រណិត និងការថែទាំបរិស្ថានជាគំរូក្នុងការវិនិយោគនៅខេត្តព្រះសីហនុ។

កន្លងមករដ្ឋាភិបាលរុស្ស៊ី បានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់កម្ពុជា ហើយរាជរដ្ឋាភិបាលកម្ពុជានៅចងចាំនូវអ្វីដែលរុស្ស៊ីបានជួយកម្ពុជាក្នុងការកសាងប្រទេសឡើងវិញ នៅក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩។ រុស្ស៊ីបានជួយសម្ភារៈ បច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សដល់កម្ពុជា ហើយកន្លងមកក៏មានរដ្ឋមន្ត្រី និងអភិបាលខេត្តមួយចំនួន បានទៅទទួលបណ្តុះបណ្តាលនៅប្រទេសរុស្ស៊ីផងដែរ។ ដោយឡែកទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា និងរុស្ស៊ីនៅមានកម្រិតតូចនៅឡើយ តាមរយៈដំណើរទស្សនៈកិច្ចនេះ សូមឯកឧត្តមជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មមកកាន់កម្ពុជាបន្តទៀត។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ទេសចររុស្ស៊ីមកកាន់ខេត្តព្រះសីហនុជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីទេសចរណ៍ចិន និងវៀតណាម ក្រោយពីកូវីដ-១៩មានភាពធូរស្រាល សូមឯកឧត្តម ជួយជំរុញទេសចរណ៍រុស្ស៊ីមកកាន់ព្រះរាជាណាចក្រកម្ពុជា ពិសេសមកកាន់ខេត្តព្រះសីហនុ។ ដោយសារបច្ចុប្បន្នខេត្តព្រះសីហនុ មានអាកាសយានដ្ឋានអន្តរជាតិ អាចឱ្យយន្តហោះ អាចហោះឆ្លងទ្វីបចុះចតបាន សង្ឃឹមថាឯកឧត្តម Alexey Chepa នឹងជួយផ្សព្វផ្សាយដល់អ្នកទេសចររុស្ស៊ី និងអ្នកវិនិយោគរុស្ស៊ីមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុកាន់តែច្រើននាពេលខាងមុខ។
ឯកឧត្តម Alexey Chepa អនុប្រធានទី១ គណៈកម្មាធិការកិច្ចការអន្តរជាតិ សភាសហព័ន្ធរុស្ស៊ីបានថ្លែងអំណរគុណឯកឧត្តមអភិបាលខេត្ត និងសហការីដែលបានអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងវប្បធម៌ ឱ្យកាន់តែល្អថែមទៀត។

ឯកឧត្តម Alexey Chepa បានកោតសរសើរ ដល់ការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្ត ជាពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្បូរបែប និងសំណង់អគារខ្ពស់ជាច្រើន។

ឯកឧត្តមបានបន្តថា កាលពីឯកឧត្តមមកកាន់ខេត្តព្រះសីហនុកាលពីប៉ុន្មានឆ្នាំមុន មិនសូវឃើញមានជនជាតិរុស្ស៊ីច្រើនទេ បន្ទាប់ពីការផ្សព្វផ្សាយរបស់ទេសចររុស្ស៊ី បង្ហាញពីការស្វាគមន៍រាក់ទាក់របស់ប្រជាជនកម្ពុជា ធ្វើឱ្យអ្នកទេសចររុស្ស៊ីចង់មកកម្ពុជាកាន់តែច្រើន។
ឯកឧត្តមសង្ឃឹមថា ទេសចររុស្ស៊ី នឹងបង្វែរមកកាន់កម្ពុជា ពិសេសខេត្តព្រះសីហនុ កាន់តែច្រើនឡើង។

ទន្ទឹមនោះឯកឧត្តម ក៏បានគាំទ្រការហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុ និងខេត្តសៀមរាបផងដែរ។
ឯកឧត្តមបានបញ្ជាក់ថា ក្នុងដំណើរទស្សនៈកិច្ចនាពេលនេះ ក៏មានបំណងអញ្ជើញប្រតិភូខេត្តព្រះសីហនុ ទៅទស្សនៈកិច្ចនៅប្រទេសរុស្ស៊ី និងប្រតិភូរុស្ស៊ីមកទស្សនៈកិច្ចខេត្តព្រះសីហនុ ដើម្បីចងសម្ព័ន្ធភាពទីក្រុងព្រះសីហនុ និងទីក្រុង​ Veliky Novgorod នៃប្រទេសរុស្ស៊ីនៅពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង