ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកឧកញ៉ា សុខ គង់ អំពាវនាវ ដល់អ្នកវិនិយោគ មកចូលរួមអភិវឌ្ឍន៍ ទីក្រុងបូកគោ ដើម្បីទទួលផលចំណេញ និងចូលរួមកសាងជាតិកម្ពុជា

222

កំពត៖ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខាអូតែល បានអំពាវនាវដល់អ្នកវិនិយោគជាតិ ជាពិសេសអ្នកវិនិយោគ អន្តរជាតិ មកចូលរួមអភិវឌ្ឍន៍ទីក្រុងបូកគោ ដើម្បីទទួលបានផលចំណេញ និងអាចចូលរួមកសាងជាតិកម្ពុជា។

អ្នកឧកញ៉ា សុខ គង់ បានឲ្យដឹងថា ក្រុមហ៊ុនលោក បាននិងកំពុងកសាងទីក្រុងបូកគោថ្មី ដើម្បីជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ ប៉ុន្តែទំហំចំណាយមានច្រើនណាស់ ដែលទុនវិនិយោគពី១០ ទៅ២០ពាន់លានដុល្លារ។

ជាមួយគ្នានេះ អ្នកឧកញ៉ា សុខ គង់ ក៏សូមស្នើរាជរដ្ឋាភិបាល បន្តគាំទ្រឲ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីក្រុមហ៊ុនលោកមានទឹកចិត្ត ពង្រីកការវិនិយោគកាន់តែលឿន ថែមមួយកម្រិតទៀត។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកឧកញ៉ា សុខ គង់ បានថ្លែងយ៉ាងដូច្នេះថា «យើងត្រូវចំណាយច្រើនណាស់ ពិសេសលើការ សាងសង់ផ្លូវជាតិ ដែលតភ្ជាប់ពីក្រុងបូកគោ ទៅកាន់ផ្លូវជាតិលេខ៤ និងតភ្ជាប់ទៅតំបន់យាយ ម៉ៅពេជ្រនិល ហេតុនេះ ក្រុមហ៊ុន សូមស្នើឲ្យរដ្ឋាភិបាលបន្តគាំទ្រ ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត»

អ្នកឧកញ៉ា សុខ គង់ ចង់បានការចូលមកវិនិយោគ ពីអ្នកវិនិយោគជាតិ ពិសេសអ្នកវិនិយោគអន្តរជាតិ ដើម្បីធ្វើឲ្យទីក្រុងនេះ មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងសម្រេចបាន តាមផែនការមេរបស់ក្រុមហ៊ុន ហើយជនបរទេស ក៏មានសិទ្ធជួលដីបន្ត នៅលើភ្នំបូកគោ ពីក្រុមហ៊ុនសុខាអូតែល និងអាចផ្ទេរឈ្មោះទៅរូបវ័ន្តបុគ្គល ឬនិតិបុគ្គល ដែលជួលបន្តនោះ នៅក្នុងវិញ្ញាបនបត្រសម្គាល់សិទ្ធជួលអចិន្រ្តយ៍។

នាពេលបច្ចុប្បន្ន ទីក្រុងបូកគោថ្មី មានផ្លូវជាតិថ្មីមួយខ្សែ ដែលមានបណ្តោយជាង១២០គីឡូម៉ែត្រ បាននិងកំពុងសាងសង់ យ៉ាងសកម្ម, បុរីចំនួន៣ បាននិងកំពុងផ្តល់លំនៅដ្ឋាន ដល់អតិថិជនបណ្តើរៗ ហើយអាងទប់ទឹក ដែលអាចផ្ទុកទឹកបានរហូត ដល់១លានម៉ែត្រគីប បាននិងកំពុងដំណើរការសាងសង់យ៉ាងសកម្ម។

ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត បាននិងកំពុងរៀបចំឡើង នៅទីក្រុងបូកគោថ្មី ដែលជាទីក្រុងមានទំហំ៣០,០០០ហិកតា ជាផ្ទៃដីដ៏ធំល្វឹងល្វើយ ដែលក្រុមហ៊ុនសុខាអូតែល ទទួលបានសិទ្ធិសម្បទាន រយៈពេល៩០ឆ្នាំ ពីរាជរដ្ឋាភិបាល។

លោក ពៅ វណ្ណថា ប្រធានវិស្វករប្រចាំគំរោងសាងសង់ផ្លូវថ្មីនេះ បានប្រាប់ក្រុមអ្នកសារព័ត៌មានឲ្យដឹងថា រហូតមកទល់ពេលនេះ ការសាងសង់ និងត្រួសត្រាយផ្លូវថ្មីនេះ សម្រេចបានជាង៨គីឡូម៉ែត្រហើយ។

លោក ពៅ វណ្ណថា បានបន្តថា ការសាងសង់ផ្លូវនេះ បានជួបឧបសគ្គច្រើនណាស់ ដោយសារវាជាផ្លូវថ្មីសុទ្ធ និងត្រូវពុះកាត់ភ្នំ និងផ្ទាំងថ្មធំៗ ហេតុនេះ ការសាងសង់ត្រូវចំណាយពេល និងថវិកាច្រើនណាស់។

លោកថា «ផ្លូវថ្មីនេះ មានសារៈសំខាន់ណាស់ ដែលសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពីផ្លូវជាតិលេខ៤ មកកាន់ក្រុងបូកគោ និងជួយលើកកំពស់ជីវភាព សេដ្ឋកិច្ច សង្គមរបស់ប្រជាពលរដ្ឋ នៅតំបន់នេះផងដែរ»

លោក ពៅ វណ្ណថា បានបន្តថា បើគិតពីកន្ទុយផ្លូវវាលស្រែ៥០០ ទៅកាន់ចំការដួងប្រេងឧកញ៉ា ម៉ុង រិទ្ធី ចេញទៅផ្លូវជាតិ លេខ៤ មានចម្ងាយ៦០គីឡូម៉ែត្រ ប៉ុន្តែនៅពេលសាងសង់ ដល់គីឡូម៉ែត្រលេខ៣៣ ផ្លូវមួយខ្សែនេះ នឹងបំបែកជាពីរ ដោយខ្សែមួយទៀត នឹងឆ្ពោះទៅកាន់តំបន់យាយ ម៉ៅ ពេជ្រនិល ដែលជាតំបន់ទីក្រុងថ្មី នៃទីក្រុងបូកគោ។

កំណាត់ផ្លូវនេះ មានប្រវែង៦០គីឡូម៉ែត្របន្ថែមទៀត ដែលធ្វើឲ្យផ្លូវថ្មីនេះ មានប្រវែងសរុប១២០គីឡូម៉ែត្រ។
ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធជាច្រើន បាននិងកំពុងសាងសង់ និងរៀបចំជាបណ្តើរៗ បុរីលំនៅដ្ឋានដ៏ប្រណីតចំនួន៣បាន និងកំពុងសាងសង់ និងលក់ជូនអតិថិជនបណ្តើរៗផងដែរ។

អ្នកនាង ចាន់ រ៉ា នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនសុខារៀលអេស្ទេត បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនសុខារៀលអេស្ទេត កំពុងវិនិយោគបុរីចំនួន៣ ដោយគំរោងទី១ មានឈ្មោះ «អម្រិតឋានសួគ៌» ដែលមានទំហំដីជាង៨០ហិកតា និងមានដី ចំនួនជាង៤២០០ឡូត៍ ដែលគំរោងនេះ មានទីតាំងនៅក្បែរទឹកជ្រោះពពកវិល។

បច្ចុប្បន្នគំរោងនេះ បានលក់អស់ហើយ និងកំពុងសាងសង់ផ្ទះជូនអតិថិជន និងផ្ទះវីឡាជាង៤០កំពុងដាក់លក់លើទីផ្សារ។

ចំណែកគំរោងទី២ ឈ្មោះ «មរកតឋានសួគ៌» ដែលមានផ្ទៃដី៨៨ហិកតា និងមានផ្ទះវីឡាជាង១៣០០វីឡា ដែលបច្ចុប្បន្ន បានលក់អស់ផងដែរ និងកំពុងសាងសង់ផ្ទះជូនអតិថិជន។

ចំណែកទី៣ គឺគំរោង «Crown Real Estate» ជាគំរោងទី៣ មានទំហំដី៥៩០ហិកតា ដែលបច្ចុប្បន្នបានសាងសង់ផ្ទះ បានបីដំណាក់កាលរួចហើយ ដើម្បីលក់ជូនអតិថិជន ដោយមានផ្ទះចំនួន៣ប្រភេទ ដូចជា៖ ផ្ទះល្វែង ដីឡូត៍ វីឡាព្រីន វីឡាឃ្វីន និងវីឡាឃីង ដែលមានតម្លៃជាង១៦ម៉ឺន ដល់ជាង៣៥ម៉ឺនដុល្លារអាមេរិក។

គំរោងនេះ បានទទួលជោគជ័យយ៉ាងខ្លាំង ដោយបច្ចុប្បន្នលក់អស់ជាង៦៣ភាគរយ ដែលផ្ទះល្វែង១៦៨យូនីត និងវីឡាទាំងបីប្រភេទ មានជាង១២០ល្វែង។ អតិថិជនភាគច្រើន មកពីខេត្តកំពត ភ្នំពេញ កំពង់សោម តាកែវ និងរាជធានីភ្នំពេញ។

អ្នកនាង ចាន់ រ៉ា បានឲ្យដឹងទៀតថា ការកសាងកេរ្ត៍ឈ្មោះ បានដ៏ល្អរបស់ក្រុមហ៊ុន បានធ្វើឲ្យអតិថិជនមានទំនុកចិត្ត ចំពោះគំរោងអភិវឌ្ឍន៍នេះ ពិសេសកំពូលភ្នំបូកគោ ដែលមានកំពស់ជា១០០០ម៉ែត្រ បានផ្តល់នូវលក្ខខ័ណ្ឌ អាកាសធាតុត្រជាក់ មនោរម្យ ដូចនៅតំបន់អឺរ៉ុប ពិសេសមានធម្មជាតិព្រៃឈើខៀវស្រងាត់នៅជុំវិញ ដែលធ្វើឲ្យជីវិតអាចផ្សារភ្ជាប់ ជាមួយធម្មជាតិយ៉ាងស្រស់ត្រកាល។

អ្នកនាងបន្តថា «លក្ខខ័ណ្ឌអាកាសធាតុនៅទីនេះ នឹងជួយដល់សុខភាពអ្នករស់នៅឲ្យមានភាពស្រស់ស្រាយ និងអាចជួយព្យាបាលជំងឺសួតផងដែរ»

អ្នកនាងថា «ដោយសារលក្ខខ័ណ្ឌអាកាសធាតុ ទីតាំងអំណោយផលនេះហើយ ទើបគំរោងនេះ បានទាក់ទាញអ្នកទិញ ជាជនជាតិបរទេសជាច្រើន ដែលបានទិញដី និងផ្ទះនៅទីក្រុងបូកគោ ដូចជា ជនជាតិអាមេរិក បារាំង សាំងហ្កាពួរ ចិន និងវៀតណាម»

អ្នកនាង ចាន់ រ៉ា បានបន្តទៀតថា លើសពីនេះ ក្រុមហ៊ុនក៏បាននិងកំពុងត្រៀមសាងសង់មន្ទីរពេទ្យ សាលារៀន ផ្សារ សម្រាប់បំពេញតម្រូវការ ឲ្យអ្នករស់នៅទទួលបានសេវាកម្មចាំបាច់ សម្រាប់ការរស់នៅ និងជីវភាពប្រចាំថ្ងៃ របស់ពួកគាត់ផងដែរ។

គំរោងសាងសង់ទីក្រុងបូកគោ ដ៏ធំសម្បើម នឹងជាទីក្រុងឆ្លាតវៃ សំរាប់ផ្តល់ការរស់នៅដល់ប្រជាពលរដ្ឋ ឲ្យមានផាសុខភាព និងជាការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវសង្គម៕

អត្ថបទដែលជាប់ទាក់ទង