កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ លើសេចក្តីព្រាងផែនទី បង្ហាញផ្លូវការអភិវឌ្ឍវិស័យ យានយន្ត និងអឡិចតូនិកនៅកម្ពុជា ជាមួយអ្នកវិនិយោគ និងតួអង្គពាក់ព័ន្ធ
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ លើសេចក្តីព្រាងផែនទី បង្ហាញផ្លូវការអភិវឌ្ឍវិស័យ យានយន្ត និងអឡិចតូនិកនៅកម្ពុជា ជាមួយអ្នកវិនិយោគ និងតួអង្គពាក់ព័ន្ធ។
នារសៀលថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ ២០២២ នៅ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានការរៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ លើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ក្រោមអធិបតីភាពដឹកនាំរបស់ ឯកឧត្ដម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានអ្នកចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ សរុបប្រមាណ ២០០នាក់ ដែលជាតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ ក៏ដូចជាអ្នកវិនិយោគ និងតួអង្គពាក់ព័ន្ធសំខាន់ៗក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ជាមួយ វិស័យឯកជននាពេលនេះ គឺដើម្បីប្រមូលធាតុចូល និងមតិយោបល់បន្ថែម ក្នុងគោលដៅឱ្យការរៀបចំ សេចក្តីព្រាងនេះមានភាពគ្រប់ជ្រុងជ្រោយ។
សេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ គឺជាសមិទ្ធផលនៃកិច្ចប្រឹងប្រែងរួមគ្នា រវាងក្រសួង ស្ថាប័ន នៃរាជរដ្ឋា ភិបាលកម្ពុជាចំនួន ៨ រួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវះ ក្រសួងរ៉ែនិងថាមពល និងក្រសួងសាធារណការនិងដឹក ជញ្ជូន ក្រោមជំនួយបច្ចេកទេសនៃកម្មវិធីពន្លឿនការគាំទ្រសេដ្ឋកិច្ចក្នុងដំណាក់កាលជំងឺកូវីដ-១៩ (Accelerated COVID-19 Economic Support-ACES) របស់រដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាប្រឹក្សា Boston Consulting Group (BCG) ហើយដែលត្រូវបានចាប់ផ្តើមរៀបចំ ឡើងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក។
វិស័យយានយន្ត និងអេឡិចត្រូនិក ត្រូវបានជ្រើសរើសនិងកំណត់ជាវិស័យអាទិភាព ដើម្បីចូលរួមចំណែក ដល់ការស្ដារសេដ្ឋកិច្ចកម្ពុជា ក្រោយវិបត្តិជំងឺកូវី៨-១៩ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង, ព្រមទាំង ការធ្វើទំនើបកម្ម និងពិពិធកម្ម ដែលមានសង្គតិភាពជាមួយ“គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជាឆ្នាំ ២០១៥-២០២៥” និង “ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣” ដែលត្រូវបាន ប្រកាសឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ។ សេចក្តីព្រាងផែនទីបង្ហាញផ្លូវដែលបានរៀបចំឡើងបាន រំលេចអំពីចក្ខុវិស័យរយះពេលវែង និងតម្រង់ទិសការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅ កម្ពុជា ព្រមទាំងដាក់ចេញនូវផែនការសកម្មភាព សម្រាប់អន្តរក្រសួងអនុវត្តដែលជាគំនិតផ្តួចផ្តើមដោយ ផ្តោតលើលទ្ធផល ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមរបស់អ្នកវិនិយោគក្នុងផ្នែកមួយចំនួន ដូចជា ធនធានមនុស្ស និងនវានុវត្តន៍, ហេដ្ឋារចនាសម្ព័ន្ធ, ការសម្រួលពាណិជ្ជកម្ម, និងភាពអំណោយផលធុរកិច្ច និងវិនិយោគ។
ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តម សុខ ចិន្តាសោភា បានគូសបញ្ជាក់ពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាល តាមរយៈកិច្ចប្រឹងប្រែងរួម របស់ក្រសួងស្ថាប័នពាក់ព័ន្ធនានា ដើម្បីធានាបាននូវភាពគ្រប់ជ្រុងជ្រោយក្នុងការ កំណត់នូវយុទ្ធសាស្ត្រ, ទិសដៅ និងយន្តការចាំបាច់ដើម្បីធ្វើការអភិវឌ្ឍនិងទាក់ទាញការវិនិយោគលើវិស័យ យានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា និងបង្កើនភាពប្រកួតប្រជែងតម្លៃក្នុងប្រតិបត្តិការនៃវិស័យទាំងនេះ។ ឯកឧត្តមរដ្ឋមន្តី ក៏បានលើកឡើងបន្ថែមថា ក្រសួង ស្ថាប័នពាក់ព័ន្ធមើលឃើញពីភាពចាំបាច់ក្នុងការ សហការជាមួយវិស័យឯកជន ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យទាំងនេះ ដោយចាប់ផ្តើមពីការរៀបចំយុទ្ធសាស្ត្រ រួម រហូតដល់ការដាក់ចេញ និងអនុវត្តផែនការសកម្មភាព ហើយកិច្ចប្រជុំនាថ្ងៃនេះត្រូវបានរៀបចំឡើង ក្នុងស្មារតីនៃការពិគ្រោះយោបល់ និងភាពជាដៃគូ ដើម្បីប្រមូលធាតុចូល និងមតិយោបល់បន្ថែមពីវិស័យ ឯកជនលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវ។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គប្រជុំផងដែរថា បន្ទាប់ពីទទួលបានមតិយោបល់ និងធាតុចូលពីអ្នកវិនិយោគ និងតួអង្គពាក់ព័ន្ធក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក សេចក្តីព្រាងផែនទីបង្ហាញផ្លូវនឹងត្រូវបញ្ជូនទៅ គណៈកម្មាធិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍បន្ថែមសម្រាប់ជំហានបន្ទាប់នៃការរៀបចំសេចក្តីព្រាងនេះ មុននឹងដាក់ជូនរាជ រដ្ឋាភិបាលពិនិត្យ និងអនុម័ត។ សូមបញ្ជាក់ថា នៅក្នុងសេចក្តីព្រាងផែនទីបង្ហាញផ្លូវនេះ ក្រសួង ស្ថាប័ន
ពាក់ព័ន្ធនឹងលើកផ្តួចផ្តើមគំនិតឱ្យមានការបង្កើតក្រុមប្រឹក្សា សម្រាប់វិស័យយានយន្ត និងអេឡិចត្រូនិក ដែលមានតំណាងមកពីផ្នែករដ្ឋ និងឯកជន ដើម្បីផ្ដល់ការណែនាំលើការអនុវត្តផែនទីបង្ហាញផ្លូវ។
ការអនុវត្តដោយជោគជ័យនូវផែនទីបង្ហាញផ្លូវក្នុងវិស័យទាំងពីរនេះ នឹងផ្ដល់បច្ច័យយ៉ាងសំខាន់សម្រាប់ កម្ពុជា ដូចជាការអាចបង្កើនទំហំនាំចេញ ក្នុងទឹកប្រាក់លើសពី ២ប៊ីលានដុល្លារអាមេរិក និងអាចបង្កើត ការងារថ្មីជាង ២២ពាន់កន្លែងក្នុងរយៈពេល ៥ឆ្នាំខាងមុខ ក៏ដូចជាបង្កើនកាលានុវត្តភាពថ្មីៗសម្រាប់ សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកក្នុងវិស័យទាំងនេះ។ វិនិយោគិនក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជាក៏នឹងទទួលបាននូវប្រយោជន៍ពីការរៀបចំនេះផងដែរ ដូចជាការបង្កើនធនធានមនុស្ស ប្រកបដោយជំនាញ ការធ្វើឱ្យប្រសើរឡើងថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងភ័ស្តុភារកម្ម ដើម្បីគាំទ្រភាពប្រកួតប្រជែងតម្លៃនៃកម្មន្តសាល និងការផ្តល់នូវកិច្ចសម្របសម្រួលផ្នែកគយ និង ពាណិជ្ជកម្មដែលកាន់តែមានប្រសិទ្ធភាពដល់ការនាំចូល និងនាំចេញផលិតផល។
ជាការគូសបញ្ជាក់នូវកាលានុវត្តភាពដ៍ល្អសម្រាប់កម្ពុជាក្នុងវិស័យទាំងនេះ ឯកអគ្គរាជទូតអង់គ្លេសប្រចាំ ព្រះរាជាណាចក្រកម្ពុជា លោកជំទាវ Tina Redshaw បានមានប្រសាសន៍ថា “ ចក្រភពអង់គ្លេសមានក្តី សោមនស្សក្នុងការចូលរួមចំណែកគាំទ្រ ការរៀបចំពង្រាងផែនទីបង្ហាញផ្លូវ សម្រាប់អភិវឌ្ឍន៍ និងទាក់ទាញ ការវិនិយោគក្នុងវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ-១៩, ការកែទម្រង់សេដ្ឋកិច្ច និងបង្កើនការងារដែល មានភាពធន់នឹងវិបត្តិនិងដែលផ្ដល់ប្រាក់ឈ្នួល ប្រសើរជាងមុនសម្រាប់ពលករកម្ពុជា”៕