កម្ពុជា និងអូស្រ្តាលី រួមគ្នាប្រយុទ្ធប្រឆាំង បទល្មើសបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់
ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ទី១ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម Reece Philip Kershaw ស្នងការនគរបាលសហពន្ធ័អូស្រ្តាលី ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារលើវិស័យ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សម្ដេចក៏បានសម្ដែងការគាំទ្រនូវកិច្ចពិភាក្សារវាងឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងឯកឧត្តមស្នងការនគរបាលសហព័ន្ធអូស្ត្រាលី អំពីការជួយជ្រោមជ្រែងការងារបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងការផ្ទេរជំនាញ និងចំណេះដឹងពីនគរបាលអូស្ត្រាលីដល់នគរបាលកម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសនានា ដែលកំពុងកើតមានក្នុងក្របខណ្ឌតំបន់ និងសាកលោក រួមមានបទល្មើសបច្ចេកវិទ្យា និងប្រឆាំងការសម្អាតប្រាក់ជាដើម។
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងនគរបាលប្រទេសទាំងពីរ កម្ពុជា អូស្ត្រាលី ជាពិសេសទៅលើការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សារណៈនានាដែលកំពុងនៅជាធរមាន និងបានជំរុញឱ្យភាគីទាំងពីរ បន្តអនុវត្តឱ្យមានប្រសិទ្ធភាពបន្តទៀត និងពិនិត្យលទ្ធភាពចុះ កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការបន្ថែម លើវិស័យទាំងឡាយណាដែលយល់ថាចាំបាច់ ដើម្បីបម្រើជាប្រយោជន៍ដល់នគរបាល និងប្រជាជនប្រទេសទាំងពីរ។
សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលអូស្ត្រាលី ដែលបានចូលរួម ចំណែកផ្ដល់នូវជំនួយវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងថាបើទោះបីជាប្រទេសកម្ពុជា ស្ថានភាពកូវីដ-១៩មានការកើនឡើងចំនួនអ្នកឆ្លងនាប៉ុន្មានសប្ដាហ៍នេះក៏ដោយ ក៏ប៉ុន្តែអត្រាអ្នកស្លា.ប់មានចំនួនតិច ដោយសារប្រសិទ្ធភាព នៃការចាក់វ៉ាក់សាំងបានច្រើននៅទូទាំងប្រទេស។
ជាការឆ្លើយ តបឯកឧត្តម Reece Philip Kershaw ស្នងការនគរបាលសហពន្ធ័អូស្រ្តាលី បានថ្លែងអំណរគុណសម្ដេចក្រឡាហោម ដែលបានអនុញ្ញាតជូនឯកឧត្តម និងប្រតិភូបានចូល ជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តម ក៏បានជម្រាបជូនសម្ដេច អំពីលទ្ធផលនៃជំនួបរវាងឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិផងដែរ។
ឯកឧត្តមស្នងការ ក៏បានជម្រាបជូនសម្ដេចក្រឡាហោម អំពីការបន្តជួយផ្ទេរចំណេះដឹង និងជំនាញពីនគរបាលអូស្ត្រាលីជូនដល់នគរបាលជាតិកម្ពុជា ជាពិសេសលើការងារ ប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់។ ឯកឧត្តមស្នងការនគរបាលសហពន្ធ័អូស្រ្តាលី បានជម្រាបជូនសម្ដេចនូវការថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តការទ្វេភាគី រវាងនគរបាលនៃប្រទេសទាំងពីរ កម្ពុជា អូស្រ្តាលី។
ឯកឧត្តមបន្តថាក្នុងកិច្ចសហប្រតិបត្តការជាង២០ឆ្នាំមកនេះ នគរបាលកម្ពុជា និងអូស្ត្រាលី បានបន្សល់ទុកសមិទ្ធិផលជាច្រើន ព្រមទាំងបានធ្វើឱ្យចំណងមិត្តភាពនេះក្លាយទៅជាមិត្តភាពប្រពៃណី ដោយបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អ លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត។ ឯកឧត្តម បានប្តេជ្ញាបន្តសហការ ជាមួយកម្លាំងនគរបាលជាតិកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជាមួយបទឧក្រិដ្ឋនានា ដែលមានអង្គការចាត់តាំង។
ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ថា កន្លងមកសមត្ថកិច្ចកម្ពុជាចាប់បានគ្រឿងញៀន និងសារធាតុផ្សុំរាប់រយតោន និងកំពុងបន្តយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងសកម្ម។ ជាមួយគ្នានេះឯកឧត្តមស្នងការនគរបាលអូស្ត្រាលី ក៏បានជម្រាបជូនសម្ដច អំពីការចូលរួមចំណែក និងជួយជ្រោមជ្រែងរបស់ភាគីនគរបាលអូស្ត្រាលី លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះដែរ៕