ធនាគារអភិវឌ្ឍន៍ AIIB ផ្អាកសកម្មភាពកម្ចីទាំងអស់ នៅប្រទេសរុស្ស៊ី និងបេឡារុស
ប៉េកាំង៖ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានផ្អាក និងកំពុងពិនិត្យមើលឡើងវិញ ទៅលើសកម្មភាពទាំងអស់ ពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី និងបេឡារុស ក្នុងគ្រាដែលមានសង្គ្រាម រវាងប្រទេសអ៊ុយក្រែន និងរុស្ស៊ី។ នេះបើយោងតាម ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយដោយធនាគារ AIIB ថា ថ្នាក់គ្រប់គ្រងរបស់ធនាគារដែលមាន មូលដ្ឋាននៅទីក្រុងប៉េកាំងនេះ នឹងធ្វើកិច្ចការឱ្យអស់ពីលទ្ធភាពរបស់ខ្លួន ដើម្បីការពារសុចរឹតភាពហិរញ្ញវត្ថុរបស់ ធនាគារពីស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែល កំពុងវិវត្តនេះ។
ធនាគារ AIIB បានឱ្យដឹងថា៖ «ស្ថិតក្នុងកាលៈទេសៈទាំងនេះ និងដើម្បីជាប្រយោជន៍ ប្រសើរបំផុតរបស់ធនាគារ ថ្នាក់គ្រប់គ្រងបានសម្រេចចិត្តថា រាល់សកម្មភាពទាំងអស់ ពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី និងប្រទេសបេឡារុសត្រូវផ្អាក និងស្ថិតក្រោមការពិនិត្យ មើលឡើងវិញ»។
ប្រទេសចិន គឺជាម្ចាស់ភាគហ៊ុនធំបំផុត នៅក្នុងធនាគារអភិវឌ្ឍន៍មួយនេះ ដោយកាន់កាប់ភាគហ៊ុន ២៦,៥ភាគរយនៃភាគហ៊ុន មានសិទ្ធិបោះឆ្នោត របស់ធនាគារនេះ៕