ចុងខែនេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ប្រកួតជើងឯកការាតេ អាស៊ីអាគ្នេយ៍
ភ្នំពេញ៖ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជា មានប្រសាសន៍ តាមគោលការណ៍របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេ កម្ពុជាបានជំរុញឲ្យរៀបចំទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី២១-២៧ ខែមីនា ឆ្នាំ២០២២ ឲ្យបានល្អ និងប្រកបដោយកិត្តិយសជាតិ សេចក្តីថ្លៃថ្នូ ក្នុងឋានៈជាម្ចាស់ផ្ទះជាលើកដំបូងនេះ។
ដោយសារពេលវេលា កាន់តែកៀកនឹងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាមផងនោះ គឺបណ្តាប្រទេសអាស៊ីអាគ្នេយ៍បានស្នើ និងប្រគល់សិទ្ធិជូនកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះ ជើងឯកកីឡាការ៉ាតេនេះ ដើម្បីបង្កើនបាននូវគុណភាពបច្ចេកទេសការ៉ាតេសម្រាប់អត្តពលិក ការ៉ាតេក្នុងអាស៊ីអាគ្នេយ៍ ត្រៀមចូលរួមប្រកួត ស៊ីហ្គេម ២០២២នេះផង ខណៈគោលដៅរបស់កម្ពុជាគឺជាឱកាសល្អបំផុត សម្រាប់បង្កើនគុណភាពបច្ចេកទេសអត្តពលិកការ៉ាតេកម្ពុជា ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះបន្តវេន ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងផងដែរ៕