ឯកឧត្តម គួច ចំរើន អញ្ជើញសួរសុខទុក្ខ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងជម្រុញការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក ជាពិសេសការត្រួតពិនិត្យ រកសារធាតុញៀនលើអ្នកបើកបររថយន្តធន់ធំជាប្រចាំ
ព្រះសីហនុ៖ នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានអញ្ជើញសួរសុខទុក្ខកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក និងជម្រុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសការត្រួតពិនិត្យរកសារធាតុញៀនលើអ្នកបើកបររថយន្តធន់ធំជាប្រចាំ។
ជាមួយគ្នានោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអប់រំណែនាំដល់ អ្នកបើកបររថយន្តដែលកងកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើតេស្តរកឃើញនៅសារធាតុញៀនចំនួន០២នាក់ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន ហើយដោយក្នុងនោះឯកឧត្តមអភិបាលខេត្ត បានលើកឡើងថាការប្រើប្រាស់គ្រឿងញៀន ជាអំពើខុសច្បាប់ ជាពិសេសការសេពគ្រឿងញៀន ហើយបើកបររថយន្ត គឺអាចបង្កវិនាសកម្ម និងគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងអាចឈានទៅដល់ការបាត់បង់ អាយុជីវិតខ្លួនឯង និងអ្នកដ៏ទៃទៀតផងដែរ។ បន្ទាប់ពីឯកឧត្តមអភិបាលខេត្តព្រះសីហនុ ធ្វើការអប់រំណែនាំរួចហើយ ដោយឃើញថា ក្រុមគ្រួសាររបស់អ្នកទាំងពីរ គឺមានម្ដាយចាស់ និងកូនតូចដោយមានការយោគយល់ពីស្ថានភាពគ្រួសារអ្នកទាំងពីរ ទើបឯកឧត្តមអភិបាលខេត្តសម្រេច ឱ្យក្រុមគ្រួសារអ្នកបើកបររថយន្ត ទាំង០២នាក់នេះមកធានា និងធ្វើកិច្ចសន្យាបញ្ឈប់ការ ប្រើប្រាស់គ្រឿងញៀនចាប់ពីពេលនេះតទៅ ដោយក្នុងរយៈពេលនេះមិន អនុញ្ញាតឱ្យធ្វើការបើកបររថយន្តទៀតនោះទេ ហើយក្រុមគ្រួសារត្រូវយកអ្នកទាំងពីរនេះ ទៅផ្តាច់សារជាតិឱ្យជាសះស្បើយសិន ហើយក្នុងករណីអ្នកទាំងពីរនេះ មិនរាងចាលនោះទេ នោះកម្លាំង សមត្ថកិច្ចនឹងចាត់ការតាមផ្លូវច្បាប់។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា ការសេពគ្រឿងញៀនគឺនាំមកនូវក្តីវិនាស និងបំផ្លាញទ្រព្យសម្បត្តិរបស់យើង ក្រុមគ្រួសារ និងសង្គមជាតិយើងផងដែរ ហើយឯកឧត្តមសង្ឃឹមថាអ្នកទាំងពីរនេះ នឹងឈប់ប្រើប្រាស់គ្រឿងញៀនពី ពេលនេះតទៅ ត្រូវខំប្រឹងរកស៊ីចិញ្ចឹមគ្រួសារ ព្រមទាំងប្រកបមុខរបរឱ្យស្រប ច្បាប់ដែលអាចធ្វើទៅបាន។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាចំនួន ៥.០០០.០០០រៀល ជូនដល់កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ដែលបានខិតខំបំពេញការងារ ទទួលបានលទ្ធផលល្អជាបន្តបន្ទាប់៕