សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតអោយ ស្ថាបនិក និងជានាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក ចូលជួបសម្ដែងការគួរសម
ប្រទេសវៀតណាម៖ នៅព្រឹកថ្ងៃទី១៣កញ្ញានេះដែរ បន្ទាប់ពីអញ្ជើញជួបពិភាក្សាការងារទ្វេភាគី ជាមួយនាយករដ្ឋមន្រ្តីវៀតណាម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ ឯកឧត្តមសាស្រ្តាចារ្យ ក្លោស៍ ស្វាប់ ស្ថាបនិក និងជានាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបពិភាក្សាគ្នានោះ ឯកឧត្តមសាស្រ្តាចារ្យ បានមានប្រសាសន៍ស្វាគមន៍ជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ សំដែងនូវការរីករាយដែលបានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចជាថ្មីនៅប្រទេសវៀតណាម ព្រមទាំងបានធ្វើការផ្លាស់ប្តូរទស្សនៈប្រកបដោយផ្លែផ្កា។
ជាមួយគ្នានេះសម្តេចតេជោ បានស្នើសុំឲ្យឯកឧត្តមនាយកធ្វើការចែកចាយនូវឯកសារ ដ៏មានសារៈសំខាន់នេះលើប្រធានបទសម្រាប់ពិភពលោកទាំងមូល។ ឯកឧត្តមសាស្រ្តាចារ្យ សង្ឃឹមថា នឹងអញ្ជើញសម្តេចតេជោ ចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដែលទាក់ទិនទៅនឹងវិស័យកសិកម្ម ដែលកម្ពុជាកំពុងមានសក្តានុពល។ នៅក្នុងកិច្ចពិភាក្សាគ្នានោះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តីក៏បានលើកឡើងពីបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ ដែលកម្ពុជាក៏ដូចជាប្រទេសនានា ក្នុងតំបន់កំពុងមានការចាប់អារម្មណ៍ និងមានការយកចិត្តទុកដាក់ដូចគ្នា។
បន្ទាប់ពីបានអនញ្ញាតអោយ ឯកឧត្តមសាស្រ្តាចារ្យ ក្លោស៍ ស្វាប់ ស្ថាបនិក និងជានាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងាររួចមក នៅព្រឹកថ្ងៃដដែលនេះដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម រ៉ានីល វីក្រេម៉េស៊ីង្ហ (Ranil Wickremesighe) នាយករដ្ឋមន្រ្តីស្រ៊ីលង្កា ដែលធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា សម្តេចធ្លាប់អញ្ជើញទៅប្រទេសស្រ៊ីលង្កាកាលពីឆ្នាំ១៩៧៩ ក្នុងឋានៈជារដ្ឋមន្រ្តីការបរទេស ហើយពេលនោះ ស្ថានភាពនៃប្រទេសទាំងពីរមានស្ថានភាពដូចគ្នាពោលគឺ យើងមិនទាន់អាចធ្វើកិច្ចសហការគ្នាបាន។
តាមរយៈជំនួបនៅពេលនេះ សម្តេចបានស្នើឲ្យ ភាគី ស្រ៊ីលង្កា តាមរយៈក្រសួងការបរទេសនៃប្រទេសទាំងពីរ ធ្វើការសហការគ្នាក្នុងការជំរុញទំនាក់ទំនងលើវិស័យទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលមានសក្តានុពលដូចគ្នា។
សម្តេចក៏បាន ឆ្លើយតបតាមការអញ្ជើញរបស់ឯកឧត្តមនាយករដ្ឋមន្រ្តី ក្នុងការអញ្ជើញទៅបំពេញទស្សនៈកិច្ច នៅប្រទេសស្រ៊ីលង្កា ក្នុងពេលដ៏ខ្លីខាងមុខ។ ក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំទាំងពីរក៏បាន ធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើកការជំរុញទំនាក់ទំនងទ្វេភាគី ពហុភាគី តំបន់ និង អន្តរជាតិអោយកាន់តែល្អប្រសើរឡើបន្ថែមទៀត៕