សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ធ្វើឲ្យក្រុមប្រទេសអឺរ៉ុប របើកក្បាំងមុខ ជុំវិញការគោរពសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន
ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ធ្វើឲ្យក្រុមប្រទេសអឺរ៉ុប ដែលតែងតែជ្រកក្រោម លេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីលូកដៃអន្តរាគមន៍ ទៅក្នុងគ្រប់ទិសតំបន់ នៃពិភពលោក ច្រាសច្រាល់ របើកក្បាំងមុខ ដែលគេពាក់តាំង ពីក្រោយសង្គ្រាមលោកលើកទី២ នោះគឺ ទីមួយ ការគោរពសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន និងទីពីរ សមភាព រវាងប្រជាជាតិនានា ។
នៅលើទំព័រហ្វេសប៊ុកនាថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការគោរពសិទ្ធិបញ្ចេញមតិ និង សេរីភាពសារព័ត៌មាន ដែលគេតែងលើកឡើង នៅពេលនេះ ត្រូវថោកជាងសំរាម បន្ទាប់ពីពួកគេបានសម្រេចបិទ មិនឲ្យមានការផ្សាយរបស់គ្រប់បណ្តាញព័ត៌មានណា ដែលគេយល់ថា គាំទ្រដោយរុស្ស៊ី ។ ឯសមភាពប្រជាជាតិ ក៏ត្រូវរង្គោះរង្គើ នៅពេលដែលគេបើកទ្វារទទួលអ្នកភៀសខ្លួន អ៊ុយក្រែនជិត ១ លាននាក់ តែបង្ហើបតែតិចតួច ទទួលអ្នកភៀសខ្លួនពីមជ្ឈឹមបូព៌ា និង អាហ្វ្រិកតែប៉ុននោះ ៕