ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជាវៀតណាម រួមគ្នាកអភិវឌ្ឍការការពារសន្តិភាព ស្ថេរភាព សន្តិសុខ នៅតាមតំបន់ព្រំដែន

74


ប្រទេសវៀតណាម៖ បន្ទាប់ពីបានពិសារអាហារពេលព្រឹក ជាមួយនាយករដ្ឋមន្រ្តីឡាវ និងនាយករដ្ឋមន្ត្រីវៀតណាម រួចមក នៅព្រឹកថ្ងៃទី១៣កញ្ញានេះ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជួប​ពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ង្វៀន សួនហ្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គម និយមវៀតណាម។

ក្នុងជំនួបពិភាក្សាទ្វេភាគីនោះ ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួន​ហ្វុក មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ​ នាយករដ្ឋមន្រ្តី ដែលបាលចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានលើកទី២៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ឯកឧត្តមនាយក​រដ្ឋ​មន្រ្តី មានប្រសាសន៍បន្តថា វត្តមានរបស់សម្តេចតេជោ​ បានផ្តល់នូវសារៈសំខាន់ខ្លាំងណាស់ ក្នុង​វេទិកាសេដ្ឋកិច្ចពិភពលោក ពិសេសសុន្ទរកថារបស់សម្តេច ក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភព​លោក និងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំកំពូលពេញអង្គ ស្តីពីចក្ខុវិស័យថ្មីសម្រាប់តំបន់មេគង្គ គឺពិតជាមានអត្ថន័យនិងខ្លឹមសារយ៉ាងជ្រាលជ្រៅបំផុត ពិសេសផ្តល់នូវសារសំខាន់ខ្លាំងណាស់​សម្រាប់តំបន់អាស៊ាន និងប្រទេសក្នុង​តំបន់មេគង្គ។

ជាមួយគ្នានេះឯកឧត្តមនាយករដ្ឋមន្រ្តី​វៀត​ណាម ក៏បានថ្លែងនូវការអបអរសារទរ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ​នាយករដ្ឋ​មន្រ្តី ដែលបានទទួលនូវការតែងតាំងសារ​ជាថ្មីម្តងទៀត ក្នុងការបន្តដឹកនាំរាជរដ្ឋាភិបាលនីតិកាលទី​៦ នៃរដ្ឋសភា បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ប្រព្រឹត្តិទៅ កាលពីថ្ងៃទី២៩កក្កដឆ្នាំ២០១៨កន្ល​​​ងទៅ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះភ្លូកទឹក ភ្លូកដី ពីការបោះឆ្នោតដ៏មានសារៈសំខាន់បំផុតនោះ។

​​សម្តេចតេជោ​ នាយករដ្ឋមន្រ្តី មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម ដែលបានផ្ញើនូវសារលិខិតអបអរសាទរជូនចំពោះ សម្តេចដែលទើបត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តី នីតិកាលទី៦ នៃរដ្ឋសភា។ សម្តេចតេជោ​ ​នាយករដ្ឋមន្រ្តីបានមានប្រសាសន៍បន្តថា សម្តេចពិតជាមានការសប្បាយរីករាយ ក្នុងការបន្តធ្វើការជាមួយបណ្តាមេដឹកនាំទាំងអស់របស់អាស៊ាន ដើម្បីបន្តបេសកកម្មរបស់យើងក្នុងការកសាង​សហគមន៍អាស៊ានកាន់តែរឹងមាំ និងរីកចម្រើនទៅមុខ។

ក្នុងជំនួបពិភាក្សាគ្នានោះដែរ ប្រមុខ​ដឹកនាំ នៃប្រទេសទាំងពីរកម្ពុជា វៀតណាម បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ លើការខិតខំបន្តថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ ពិសេសការការពារសន្តិភាព ស្ថេរភាព សន្តិសុខ នៅតាមតំបន់ព្រំដែន នៃប្រទេសទាំងពីរ សំដៅ​ប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់អភិវឌ្ឍ ការសំរួលពាណិជ្ជកម្មឆ្លងដែន ទេសចរណ៍ អប់រំ កីឡា សុខាភិបាល និងការតភ្ជាប់រវាងប្រជាជន​ និងប្រជាជន នៃប្រទេសទាំងពីរកម្ពុជា វៀតណាម។ ក្នុងជំនួបពិភាក្សាគ្នានោះ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានរិះរកគ្រប់មធ្យោបាយក្នុងការជំរុញកំណើន ពាណិជ្ជកម្ម នៃប្រទេសទាំងពីរឲ្យបានសំរេចតាមគោលដៅដែលមេដឹកនាំទាំងពីរចង់បាន។ ទន្ទឹមនឹងនេះមេដឹកនាំនៃប្រទេសទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើទំនាក់ទំនងទ្វេ​ភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

សម្តេចក៏បានអបអរសាទរ ចំពោះទិវាជ័យជម្នះ២​ កញ្ញា របស់ប្រទេសវៀតណាម។ ក្នុងជំនួបពិភាក្សាគ្នានោះ ភាគី ទាំងពីរក៏បានធ្វើការពិភាក្សាយ៉ាងយកចិត្តទុកដាក់ ទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ដែលនឹងត្រូវចុះហត្ថលេខានៅពេលខាងមុន ជាមួយគ្នានេះភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការឈានទៅបោះបង្គោលព្រំដែននៅពេលខាងមុខ។

ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម ក៏ បានជំរាបជូនសម្តេចតេជោ​ នាយករដ្ឋមន្រ្តី ពីការយាងព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ស្តេចយាងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០១៩ខាងមុខផងដែរ។ សម្តេចតេជោ ក៏បានទទួលយកនូវការអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ក្នុងពេលខាងមុខ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម នៃប្រទេសទាំងពីរកម្ពុជា វៀតណាមផងដែរ៕

អត្ថបទដែលជាប់ទាក់ទង