ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសចិន នឹងដើរតួនាទីស្ថាបនា ក្នុងការស្វែងរកដំណោះ ស្រាយប្រកបដោយសន្តិវិធី ចំពោះវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា

44

ភ្នំពេញ៖ លទ្ធផលនៃជំនួបរវាង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង លោកជំទាវ យ៉ាង យ៉ាន់យី តំណាងពិសេសរបស់ ឯកឧត្តម វ៉ាង យី។

នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោកជំទាវ យ៉ាង យ៉ាន់យី តំណាងពិសេសរបស់ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និង លោកជំទាវ យ៉ាង យ៉ាន់យី បានផ្លាស់ប្តូរទស្សនៈគ្នា និងបានកត់ សម្គាល់ដោយពេញចិត្តចំពោះទំនាក់ទំនងដែលកំពុងកើនឡើងរវាងប្រទេសទាំងពីរនៅក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួម។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរប្រទេសចិនដែលបានរៀបចំជោគជ័យនូវ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងារ នៅទីក្រុងប៉េកាំង ឆ្នាំ២០២២ ហើយលោកជំទាវ យ៉ាង យ៉ាន់យី បានពាំនាំនូវការថ្លែងអំណរគុណរបស់ថ្នាក់ដឹកនាំចិនថ្វាយចំពោះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គ បានយាងចូលរួមក្នុងពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡានេះ នៅថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ២០២២។

ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវអំណរអរគុណចំពោះប្រទេសចិនដែលបានបន្តផ្តល់ជំនួយគាំទ្រ ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសង្ឈឹមចង់ឃើញការ ហោះហើរត្រង់រវាងទាំងពីរចាប់ដំណើរការឡើងវិញ សម្រាប់ជាផលប្រយោជន៍ដល់កិច្ចសហប្រតិ បត្តិការក្នុងវិស័យទេសចរណ៍ និងធុរកិច្ច។ លោកជំទាវ យ៉ាង យ៉ាន់យី បានអះអាងជាថ្មីម្តងទៀតនូវ ការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជាមួយ កម្ពុជានៅលើគ្រប់វិស័យ។

ចំពោះបញ្ហាក្នុងតំបន់ និងសកលលោក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ យ៉ាង យ៉ាន់ បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ នៃរវាង ប្រជាជាតិទាំងពីរ ក៏ដូចជារវាងអាស៊ាន-ចិន ដើម្បីជាគុណប្រយោជន៍ដល់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុង និងក្រៅតំបន់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ យ៉ាង យ៉ាន់យី ក៏បាន វាយតម្លៃខ្ពស់ចំពោះការវិវត្តនៃភាពជាដៃគូអាស៊ាន-ចិន ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ហើយបាន សម្តែងនូវការពេញចិត្តចំពោះការប្រារព្ធប្រកបដោយជោគជ័យនូវកិច្ចប្រជុំកំពូលពិសេសអាស៊ាន- ចិន កាលពីឆ្នាំមុន ដើម្បីរំឭកខួបលើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ជាពិសេសការ លើកកម្ពស់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ទៅដល់កម្រិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនគណៈប្រតិភូចិន អំពីហេតុផលដែលនាំឱ្យ រាជរដ្ឋាភិបាលកម្ពុជាសម្រេចចិត្តចូលរួមជាប្រទេសសហស្ថាបនិកនៃសេចក្ដីសម្រេចចិត្តនៃកិច្ចប្រជុំ ពិសេសបន្ទាន់របស់មហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីស្ថានការណ៍នៅក្នុងប្រទេសអ៊ុយក្រែន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជម្រាបជូនគណៈប្រតិភូអំពីគម្រោងដំណើរទស្សនកិច្ច ជាលើកដំបូងរបស់ ឯកឧត្តម ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធាន អាស៊ាន ដែលនឹងគ្រោងធ្វើឡើងនៅចុងខែនេះ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ជាពិសេសដើម្បីបញ្ចប់អំពើហិង្សា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការផ្ដល់ជំនួយមនុស្សធម៌ តាមរយៈការរៀបចំឱ្យមានកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការផ្តល់ជំនួយមនុស្សធម៌ និងបង្កើត បរិយាកាសអំណោយផលដល់កិច្ចសន្ទនានយោបាយក្នុងចំណោមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បី ឈានទៅរកការបង្រួបបង្រួមជាតិ។ លោកជំទាវ យ៉ាង យ៉ាន់យី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងតួនាទីជាប្រធានអាស៊ាន ក្នុងការធ្វើឱ្យ មានវឌ្ឍនភាពលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន តាមរយៈដំណើរ ទស្សនកិច្ចការងាររបស់សម្ដេចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ លោកជំទាវក៏បានគូសបញ្ជាក់អំពីការ គាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសចិនចំពោះតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា និងគាំទ្រដល់ បេសកកម្មរបស់ ឯកឧត្តម ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ ផងដែរ។ លោកជំទាវ បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងដើរតួនាទីស្ថាបនា ក្នុងការស្វែងរកដំណោះ ស្រាយប្រកបដោយសន្តិវិធីចំពោះវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា៕

អត្ថបទដែលជាប់ទាក់ទង