ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្នាក់បំប៉ន Think!Think! នឹងជួយបណ្តុះ ការគិតវិភាគស៊ីជម្រៅ បំណិនសង្គម ភាពច្នៃប្រឌិត ការលើកទឹកចិត្ត ទំនុកចិត្តលើខ្លួនឯង

40

 

ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (JICA) បានធ្វើកិច្ចជំនួបពិភាក្សាស្ដីពីលទ្ធផល និងទិសដៅនៃ គម្រោងកម្មវិធី Think!Think! ដែលជាកម្មវិធីសិក្សា STEM បែបបច្ចេកវិទ្យាថ្មីមួយ ជួយអភិវឌ្ឍជំនាញ គិតពិចារណា គិតស៊ីជម្រៅ ទំនាក់ទំនងសង្គម ភាពច្នៃប្រឌិត ការលើកទឹកចិត្ត និងជំនាញទន់សិស្សានុសិស្ស ដែលជាបំណិនដ៏មានសារៈសំខាន់ នៅក្នុងសតវត្សន៍ទី២១។ ជំនួបនេះធ្វើឡើងនៅថ្ងៃទី ០៤ មីនា ២០២២ ទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចជំនួបពិភាក្សានេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក ស៊ីនជី យ៉ាណាហ្គាវ៉ា តំណាងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ បានលើកសរសើរកម្មវិធី Think!Think! ថាជាកម្មវិធីដ៏ល្អមួយ ក្នុងការបណ្តុះការគិតស៊ីជម្រៅ និងបំណិនទន់ ជួយសិស្សក្នុងការរៀនបំណិនថ្មីៗ ដែលចាំបាច់ក្នុងសតវត្សទី២១។

ឯកឧត្តមបានបន្ថែមទៀតថា នៅក្នុងការស្ទង់មតិលទ្ធផលបាន បង្ហាញថាការប្រើប្រាស់កម្មវិធីនេះ មានប្រសិទ្ធភាពជាវិជ្ជមានលើពិន្ទុគណិតវិទ្យា ភាពឆ្លាតវៃ ការលើកទឹកចិត្ត និងភាពជឿជាក់លើខ្លួនឯង។ ឯកឧត្តមបានណែនាំឲ្យប្រើប្រាស់កម្មវិធីនេះ និងបានថ្លែងអំណរគុណ ចំពោះការគាំទ្ររបស់ JICA ដែលផ្តល់ឳកាសដល់សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ អាចសិក្សាកម្មវិធីដ៏មានគុណភាពរបស់ជប៉ុន។

ដោយឡែក លោក ស៊ីនជី យ៉ាណាហ្គាវ៉ា បានមានប្រសាសន៍ថា Think!Think! គឺជាកម្មវិធី សិក្សាលេខ១ របស់ប្រទេសជប៉ុន ហើយបានទទួល ពានរង្វាន់កម្មវិធីល្អបំផុតរបស់ Google សម្រាប់កុមារ។ កម្មវិធីនេះនឹងត្រូវបានដាក់ឲ្យប្រើប្រាស់ នៅសាលាបឋមសិក្សាព្រះនរោត្តម ក្នុងរាជធានីភ្នំពេញដែល ជាសាលាមួយស្ថិតនៅក្នុង ចំណោមសាលាគោលដៅចំនួន ៨ក្នុងខេត្តចំនួន ៦ នៅខែមីនា ឆ្នាំ២០២២ ក្នុងគម្រោងភាពជាដៃគូ ឯកជន និង សាធារណៈរវាង JICA ក្រសួងអប់រំ និង ក្រុមហ៊ុនវ័នឌើលេប។

សូមជម្រាបថា ភ្នាក់ងារ JICA បាននឹងកំពុងបើកដំណើរការថ្នាក់ សិក្សាបំប៉នបន្ថែមនៅ តំបន់ទួលគោក ដែលមាន ឈ្មោះថា Think!Think! Learning Lab ដើម្បីផ្តល់ឱកាសឲ្យសាធារណៈជន អាចចូលរៀនកម្មវិធីនេះបាន។ ថ្នាក់បំប៉ន Think!Think! នឹងជួយបណ្តុះ ការគិតវិភាគស៊ីជម្រៅ បំណិនសង្គម ភាពច្នៃប្រឌិត ការលើកទឹកចិត្ត ទំនុកចិត្តលើខ្លួនឯង និងការស្រឡាញ់ឲ្យតម្លៃដល់ខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង