រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់អោយដំណើរការភ្លើងស្តុបថ្មី ចំនួន ៤កន្លែង ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ រដ្ឋបាលរាជធានី ភ្នំពេញ ក្រោមកិច្ចសហប្រត្តិការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បាន និងកំពុងតម្លើងភ្លើងស្តុបថ្មីចំនួន ១០០ទីតាំងបន្ថែមទៀត ដើម្បីកាត់បន្ថយការ កកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ ស្របពេលដែលរាជធានីភ្នំពេញកំពុងប្រឈមខ្លាំងនឹងការកកស្ទះខ្លាំង ។ ជាមួយគ្នានេះការបំពាក់កាំមេរ៉ាសុវត្ថិភាពក៏ត្រូវបានបំពាក់ព្រមគ្នាជាមួយភ្លើងស្តុបថ្មីនេះផងដែរ។
ជាក់ស្តែងនៅថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អោយដំណើរការភ្លើងស្តុបថ្មី ចំនួន ៤កន្លែងបន្ថែមទៀត ក្នុងនោះរួមមាន ទី១-ភ្លើងស្តុប ប្រសព្វរវាងផ្លូវលេខ ៣១៥ និងផ្លូវលេខ ៥៦៦ ។ ២-ភ្លើងស្តុប ប្រសព្វរវាងផ្លូវលេខ ៣៥៥ និងផ្លូវលេខ ៥១៦។ ៣-ភ្លើងស្តុប ប្រសព្វរវាងផ្លូវលេខ ៥៩៨ និងផ្លូវលេខ ១៩៨៦ និងទី៤-ភ្លើងស្តុប ប្រសព្វរវាងផ្លូវលេខ ៤៧ និងផ្លូវលេខ ៨០ ។
លោកសាំ ពិសិដ្ឋប្រធាន មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្លាប់បានប្រាប់អោយដឹងហើយថា ការមិនទាន់ដាក់ដំណើរការភ្លើងស្តុបព្រមគ្នាៗនេះ គឺពុំមានបញ្ហារាំងស្ទះអ្វីនោះទេ ការដែលដាក់អោយដើរជាបន្តបន្ទាប់នេះ ដោយសារខាងមន្ទីរ ត្រូវលាបគំនូសថ្មី លុបគំនូស ចាស់ រើ និងរៀបបេតុងទ្រូងផ្លូវថ្មី និងទីតាំងខ្លះ ត្រូវតខ្សែភ្ជាប់ចរន្ត រួមនឹងការរើស្តុបចាស់ ផងដែរ។
ទន្ទឹមនៃការដាក់អោយដំណើរការភ្លើងស្តុបប្រភេទថ្មីនេះ មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏គ្រោងផលិតស្ពតជាវីឌីអូ ដើម្បីពន្យល់ពីរបៀបប្រើប្រាស់ ស្តុបថ្មីនាពេលខាងមុខ ដោយសារភ្លើងស្តុបថ្មីនេះ ទំនើបមានលក្ខណៈពិសេស ខុសប្លែក ពីភ្លើងស្តុបចាស់ ។
សូមជម្រាបថា ប្រទេសជប៉ុន តាមរយៈអង្គការ JICA បានជួយជំនួយបង្គោលភ្លើងស្តុបថ្មី ដំបូងចំនួន ១០០ ដើម្បីតម្លើងក្នុងរាជធានីភ្នំពេញ ហើយបង្គោលភ្លើងស្តុបចាស់ៗ ដែលត្រូវបានដកចេញពីកន្លែងចាស់នោះ នឹងយកទៅតម្លើងនៅតំបន់ក្រៅរាជធានីវិញ ៕