ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ធំ ណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ធ្វើបច្ចុប្បន្នភាព នៃការដោះស្រាយទំនាស់ជូនពលរដ្ឋ និងបង្ក្រាបបទល្មើសនេសាទ ប្រើឧបករណ៍ខុសច្បាប់ , មិនត្រូវកន្ទេលធំបន្លំដេក

309

 

កំពង់ធំ ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពនៃ ការដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋ ដើម្បីកំណត់ច្បាស់អំពីប្រភេទនៃទំនាស់ សម្ដៅពន្លឿនការដោះស្រាយបញ្ហាដែលនៅសេសសល់។ អាជ្ញាធរទាំងអស់ ត្រូវពង្រឹងឡើងវិញ នៅកិច្ចការងារស្នូលរបស់ខ្លួន ជាពិសេសការបង្ក្រាបឲ្យខានតែបាន ទៅលើបទល្មើសនេសាទ ប្រើឧបករណ៍ខុសច្បាប់ នៅតាមមូលដ្ឋានរបស់ខ្លួន មិនត្រូវកន្ទេលធំបន្លំដេកនោះទេ។

លោក ងួន រតន: អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានក្រើនរំឭកដល់កងកម្លាំងសមត្ថកិច្ច បន្តរឹតបណ្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសអ្នកបើកបរម៉ូតូដែលមិនពាក់មួកសុវត្ថិភាព ។

លោក ងួន រតនៈ បានថ្លែងក្នុងកិច្ចប្រជុំគណៈគណៈបញ្ជាការឯកភាពខេត្តនៅថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។
នៅក្នុងកិច្ចប្រជុំនេះលោក ងួន រតនៈអភិបាលខេត្តកំពង់ធំបានលើកឡើងថា តាមរយៈរបាយការណ៍ពេលនេះ បានបង្ហាញឲ្យឃើញថាការគោរពច្បាប់ចរាចរណ៍ នៅក្នុងខេត្តកំពង់ធំមានការធ្លាក់ចុះ ដូចនេះលោកបានជំរុញឲ្យសមត្ថកិច្ច មានការរឹតបន្តឹងនឹងដាក់កំហិត ឲ្យបានម៉ឺងម៉ាត់ជាទីបំផុត ចំពោះអ្នកបើកបរទាំងឡាយណា ដែលមិនពាក់មួកសុវត្ថិភាព និងមិនគោរពច្បាប់ចរាចរណ៍។

លោកបានបន្តទៀតថា អាជ្ញាធរទាំងអស់ត្រូវពង្រឹងឡើងវិញ នៅកិច្ចការងារស្នូលរបស់ខ្លួន ជាពិសេសការបង្ក្រាបឲ្យខានតែបាន ទៅលើបទល្មើសនេសាទ ប្រើឧបករណ៍ខុសច្បាប់ នៅតាមមូលដ្ឋានរបស់ខ្លួន មិនត្រូវកន្ទេលធំបន្លំដេកនោះទេ ។

លោកបានបន្តទៀតថាអាជ្ញាធរក្រុងស្រុកទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពនៃការដោះស្រាយ ទំនាស់ ជូនប្រជាពលរដ្ឋនៅ តាមថ្នាក់មូលដ្ឋាន ឲ្យបានទាន់ពេលវេលា ហើយត្រូវកំណត់នៅបញ្ហា ទំនាស់ទាំងនោះ តើវាជាប្រភេទបញ្ហាអ្វីខ្លះ? ហើយដោះស្រាយបានប៉ុន្មានករណី? និងត្រូវមានផែនការដោះស្រាយ នៅពេលបន្ទាប់ទៀតហើយ លោកនឹងតាមដាន នៅកិច្ចការនេះ នៅពេលប្រជុំលើកក្រោយ តើការដោះស្រាយទំនាស់ ជូនប្រជាពលរដ្ឋបាន ដល់កម្រិតណាហើយ? ។

ដោយឡែកចំពោះការប្រមូលផ្ដុំក្នុង ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ អាជ្ញាធរក្រុងស្រុកទាំងអស់ ត្រូវកំណត់ឲ្យបានច្បាស់លាស់ នៅផែនការក្នុងការបន្តចាក់សាំង ជូនប្រជាពលរដ្ឋ និងតាមដានឲ្យបានច្បាស់លាស់ តើប្រជាពលរដ្ឋក្នុងមូលដ្ឋាន វិជ្ជមានកូវីដ19 ប៉ុន្មាននាក់ ដែលតម្រូវអោយមាន ការព្យាបាលនៅផ្ទះឬក៏មានអាការ ធន់ធ្ងរដែលត្រូវបញ្ជូន មកមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា។

លោកបានសំណូមពរដល់អាជ្ញាធរក្រុងស្រុកទាំងអស់ ត្រូវតែពិនិត្យតាមដាននៅសុខទុក្ខ របស់ប្រជាពលរដ្ឋ​ ពិសេសការរីករាលដាល នៃជំងឺកូវីដ១៩ នៅក្នុងតំបន់មូលដ្ឋានរបស់ខ្លួន និងធ្វើរបាយការណ៍ មកមន្ទីរជំនាញ ពាក់ព័ន្ធឲ្យបានទាន់ពេលវេលា៕

អត្ថបទដែលជាប់ទាក់ទង