គ្រាប់មីនប្រឆាំងរថក្រោះ ត្រូវយកមកប្រើប្រាស់ ក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ដោយបានផ្ទុះ កម្ទេចរថក្រោះ រថពាសដែក យ៉ាងមានប្រសិទ្ធភាព
ភ្នំពេញ ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) នៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា តាមរយៈប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ គ្រាប់មីនតោន ឬមីនប្រឆាំងរថក្រោះ ត្រូវបានយកមកប្រើប្រាស់ក្នុងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន ដោយបានផ្ទុះកម្ទេចរថក្រោះ រថពាសដែក យ៉ាងមានប្រសិទ្ធភាព ។
ប៉ុន្តែ អ្វីដែលជាការព្រួយបារម្ភនៅក្រោយពេល សង្គ្រាមនេះចប់ទៅ គឺគ្រាប់មីនតោនដែលនៅ សល់កប់ក្នុងដី នឹងបន្តផ្ទុះកម្ទេចត្រាក់ទ័រកសិកម្ម និងបំផ្លិចបំផ្លាញ ទ្រព្យសម្បតិ្តពលរដ្ឋអ៊ុយក្រែនវិញម្តងជាមិនខាន ។
កម្ពុជាមានពិសោធន៍ជាមួយសំណល់យុទ្ធសង្គ្រាម ដូចជាគ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់មីនប្រឆាំង មនុស្ស គ្រាប់មីនតោន ឬមីនប្រឆាំងរថក្រោះ គ្រាប់បែកចង្កោម គ្រាប់បែកគីមី… ដែលសំណល់គ្រឿងផ្ទុះទាំងនោះ មានអាយុកាលជាង ៥០-៦០ ឆ្នាំមកហេីយក៏ដោយ ក៏នៅតែមានប្រសិទ្ធភាព សម្លាប់មនុស្ស និងបំផ្លាញទ្រព្យ សម្បតិ្តប្រជាពលរដ្ឋរហូត មកទល់សព្វថ្ងៃ ។
ជាថតភាព គឺគ្រាប់មីនតោននៅកម្ពុជា នៅតែមាន សមត្ថភាពផ្ទុះបំផ្លាញត្រាក់ទ័រ ម៉ាសុីនច្រូតស្រូវ រថយន្ត និងសម្លាប់ពលរដ្ឋខ្មែរនៅលើដីស្រែ ដីចម្ការដំណាំនៅឡេីយ។
លោក ហេង រតនា អគ្គនាយកអង្គភាពស៊ីម៉ាក់ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានថ្លែងសារលើ បណ្តាញសង្គមហ្វេសប៊ុកថា គ្រាប់មីនតោនក្នុង សង្គ្រាមនៅប្រទេសអ៊ុយក្រែន បានផ្ទុះកំទេច រថក្រោះរថពាសដែក យ៉ាងមានប្រសិទ្ធភាព ប៉ុន្តក្រោយសង្គ្រាមបញ្ចប់ គ្រាប់មីនតោនដែលនៅ សល់កប់ក្នុងដីនឹង បន្តផ្ទុះកំទេចត្រាក់ទ័រ កសិកម្មនិងបំផ្លិចបំផ្លាញ ទ្រព្យសម្បតិ្តពលរដ្ឋ អ៊ុយក្រែនវិញម្តង មិនខានឡេីយ! ។
លោកបានបន្តថា កម្ពុជាមានពិសោធន៍ ជាមួយសំណល់ យុទ្ធសង្គ្រាមដូចជា គ្រាប់បែក ទម្លាក់ពីយន្តហោះ គ្រាប់មីនប្រឆាំងមនុស្ស គ្រាប់មីនតោន គ្រាប់បែកចង្កោម គ្រាប់បែកគីមី មានអាយុជាង៥០-៦០ឆ្នាំមកហេីយ នៅតែមាន ប្រសិទ្ធភាពសម្លាប់មនុស្សនិងបំផ្លាញទ្រព្យសម្បតិ្តប្រជាពលរដ្ឋ ។
ជាពិសេសគ្រាប់មីនតោននៅកម្ពុជា នៅតែមាន ផ្ទុះបំផ្លាញត្រាក់ទ័រ ម៉ាសុីនច្រូតស្រូវ រថយន្ត និងសម្លាប់ពលរដ្ឋខ្មែរនៅឡេីយ ៕