ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតកីឡាវាយកូនគោល ដើម្បីអបអរសាទរ សន្និសីទអាស៊ាន ណាប៉ូល លើកទី៤០

284

ភ្នំពេញ- ក្រោយបញ្ចប់សន្និសីទអាស៊ានណាប៉ូល លើកទី៤០ ឆ្នាំ២០២២ (40th ASEANAPOL GOLF TOURNAMENT 2022)កម្ពុជាបានរៀបចំ ការប្រកួតកីឡាវាយកូនគោល ពានរង្វាន់អាស៊ានណាប៉ូល ដើម្បីចូលរួមអបអរសាទរសន្និសីទអាស៊ានណាប៉ូលនេះ
ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជួយលើកកម្ពស់ការផ្សព្វផ្សាយ អំពីកីឡាវាយកូនគោលកម្ពុជា ទៅកាន់បណ្តាប្រទេសដែលជា សមាជិកអាស៊ាន។

អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ បានរៀបចំសន្និសីទអាស៊ានណាប៉ូល លើកទី៤០ ឆ្នាំ២០២២ (The 40th ASEANAPOL CONFERENCE) ក្រោមប្រធានបទ «លើកកម្ពស់សុខដុមនីយកម្ម តំបន់មានសន្តិភាព និងស្ថិរភាពជានិរន្ត»។ សន្និសីទនេះ ប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១-៥ ខែមីនា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ។
ការប្រកួតកីឡាវាយកូនគោលនេះ ត្រូវបានរៀបចំឡើងនៅទីលានវឌ្ឍនៈរីស៊ត ស្ថិតនៅស្រុកគៀនស្វាយ ខេត្តកណ្ដាល នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេងឧប នាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេតសាវឿនអគ្គស្នងការនគរបាលជាតិ និងជាប្រធានសន្និសីទអាស៊ានណាប៉ូល លើកទី៤០ និងមានការចូលរួមពីថ្នាក់ដឹកនាំ បណ្តាប្រទេសសមាជិកអាស៊ាន។

ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ តំណាងនាយឧត្តមសេនីយសន្តិបណ្ឌិត នេត សាវឿន បានឲ្យដឹងថា ការប្រកួតកីឡាវាយកូនគោលនេះ គឺដើម្បីចូលរួមអបអរសាទរ សន្និសីទអាស៊ានណាប៉ូល លើកទី៤០ ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជួយលើកកម្ពស់ផ្សព្វផ្សាយ អំពីកីឡាវាយកូនគោលកម្ពុជា ទៅកាន់បណ្តាប្រទេស ដែលជាសមាជិកអាស៊ាន។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានឲ្យដឹងដែរថា ការជួបជុំក្នុង សន្និសីទអាស៊ានណាប៉ូល លើកទី៤០នេះ ថ្វីដ្បិតមានរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែបានបង្កើតនូវភាពជឿជាក់ លើគ្នាទៅវិញទៅមក ក្នុងឆន្ទៈតែមួយតាមរយៈ ការលេងកីឡាដើម្បីសុខភាព និងផ្សារភ្ជាប់មិត្តភាព ឲ្យកាន់តែល្អបន្ថែមទៀត ក្នុងនាមជាមហាគ្រួសារអាស៊ាន។
ការប្រកួតកីឡាវាយកូនគោល ពានរង្វាន់អាស៊ានណាប៉ូលនេះ មានការបែងចែក ជាក្រុមប្រកួត ចំនួន២ក្រុម៖ ក្រុមទី១ ការប្រកួតសម្រាប់ថ្នាក់ដឹកនាំ VIP ដោយកីឡាករវាយ ចេញពីទីពណ៌ស និងក្រុមទី២ ការប្រកួតសម្រាប់ អ្នកតំណាងប្រទេសនីមួយៗ ដោយក្នុងមួយប្រទេស មានកីឡាករ៤រូប ហើយការវាយកូលគោល គឺវាយចេញពីទីពណ៌មាស។

លទ្ធផលនៃការប្រកួត រួមមាន៖ លទ្ធផលការប្រកួតឯកត្តជន Gross Score៖ លេខ១ បានទៅលើកីឡាករកម្ពុជា សរ សិទ្ធិ, លេខ២ កីឡាករថៃ កមគ្រីត ស៊ុខថៃ (Komkrit SUKTHAI) និងលេខ៣ កីឡាករឥណ្ឌូណេស៊ី នូរដាណា (NURDANA)។
លទ្ធផលការប្រកួតជាក្រុម៖ ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករកម្ពុជា ដែលមានកីឡាករ៤រូប គឺលោកឧត្តមសេនីយ៍ឯក សរ សិទ្ធិ លោកឧត្តមសេនីយ៍ឯក ស ថេត លោក លី ហុង លោក អ៉ីម រាហ៊ុល, ក្រុមលេខ២ បានទៅលើក្រុមកីឡាករឥណ្ឌូណេស៊ី និងលេខ៣ បានទៅលើក្រុមកីឡាករថៃ។

កីឡាករ VIP ដែលឈ្នះពិន្ទុសរុប ឬ Gross Score Winner)៖ លេខ១ បានទៅ លោកឧត្តមសេនីយ៍ឯក ម៉ៅ ពៅ, លេខ២ លោកឧត្តមសេនីយ៍ឯក សូ ខនបញ្ញារិទ្ធ, លេខ៣ លោក មួន សារ៉ន។ សម្រាប់កីឡាករថៃ ចំណាត់ថ្នាក់លេខ១ បានទៅលើលោក វិស្ណុ ប្រាសាទទងឱសថ (VISANU PRASATTONGOSOTH) ចំណាត់ថ្នាក់លេខ២ បានទៅលើ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ និងចំណាត់ថ្នាក់៣ បានទៅលើនាយឧត្តមសេនីយ៍ កែវ វណ្ណថន៕

អត្ថបទដែលជាប់ទាក់ទង