លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ចង់ឱ្យ NATO លូកដៃ ដោយផ្ទាល់នៅក្នុងសង្រ្គាម នឹងមិនអាចជួយអ្វីដល់ កិច្ចចរចារវាង ប្រទេសទាំង២ឡើយ
ឡុងដ៍ ៖ លោក ស៊ែរហ្គៃ ឡារ៉ូវ (Sergei Lavrov) រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បាននិយាយថា ការព្យាយាមរបស់ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) ចង់ឱ្យ NATO លូកដៃ ដោយផ្ទាល់នៅក្នុងសង្រ្គាម នឹងមិនអាចជួយអ្វីដល់ កិច្ចចរចារវាង ប្រទេសទាំង២ឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២។
លោក ស៊ែរហ្គៃ ឡារ៉ូវ ធ្វើការកត់សម្គាល់បែបនេះ ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃសៅរ៍នេះ។ លោកបានបញ្ជាក់ដូច្នេះថា «សេចក្ដីថ្លែងការណ៍ពេញ ដោយកំហឹងរបស់លោក ហ្សេលេនស្គី នឹងមិនអាច បង្កើនភាពសុទិដ្ឋិនិយមណាមួយឡើយ»។ លោក ឡារ៉ូវ ក៏បានសង្កត់ធ្ងន់ផងដែរចំពោះ ការ រិះគន់របស់លោក ហ្សេលេនស្គី ទៅលើអង្គការ NATO ដែលបានបដិសេធ ការបង្កើតតំបន់ គ្មានការហោះហើរ នៅអ៊ុយក្រែន។
លោក ឡារ៉ូវ បានបន្ថែមថា «សំណួររបស់ខ្ញុំនោះគឺ ប្រសិនបើគាត់ (លោក ហ្សេលេនស្គី) មានការអន់ចិត្ត ឬខឹងសម្បារដែល NATO មិនព្រមធ្វើ អន្តរាគមន៍តាម អ្វីដែលលោកចង់បាន ព្រោះរំពឹងថា NATO អាចជួយដោះស្រាយជម្លោះទាំងអស់ ដោយមិនចាំបាច់ឆ្លងកាត់ ការចរចាមែនឬ?»
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) នៅថ្ងៃសៅរ៍នេះដែរបានអះអាងថា លោកបើកចំហជានិច្ច ចំពោះកិច្ចចរចាជាមួយលោក ឡារ៉ូវ ប៉ុន្តែលុះត្រា តែវាជាកិច្ចចរចាដ៏មានន័យ៕