មើលលទ្ធផល នៃការប្រកួតប៉េតង់ ជើងឯកជាតិ
ភ្នំពេញ៖ការប្រកួតកីឡាប៉េតង់ជើងឯកជាតិឆ្នាំ២០២១ បានបញ្ចប់ហើយកាលពីល្ងាច ថ្ងៃទី៦មីនាបន្ទាប់ពីដំណើរការ ប្រកួតរយៈពេល៣ថ្ងៃមកនោះ ។
ការប្រកួតនេះមានក្លិបចំនួន៣១ ចូលរួមដែលមានកីឡាករ១០៧នាក់ កីឡាការិនីចំនួន៨២នាក់ដែល ការប្រកួតមានចំនួន៦វិញ្ញាសា ។
វិញ្ញាសាទាំង៦នោះមាន៣ទល់៣នាក់ បុរសមានចំនួន១៨ក្រុមវិញ្ញាសា ៣នាក់ទល់៣នាក់នារីមាន ចំនួន១៤ក្រុម វិញ្ញាសាវាយយកពិន្ទុ
បុរសមានចំនួន១៦ក្រុម វិញ្ញាសាវាយយក ពិន្ទុនារីមានចំនួន១៣ក្រុម វិញ្ញាសាមួយទល់មួយយុវជន អាយុ១៥ឆ្នាំចុះមានចំនួន១៤ក្រុម និង
វិញ្ញាសាយុវនារី អាយុ១៥ឆ្នាំចុះមានចំនួន១២ក្រុម ។
ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និង ជាអនុប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបាន
អញ្ជើញចូលរួម ក្នុងពិធីបិទការប្រកួតនេះ ។
ចំពោះលទ្ធផលនៃការប្រកួតនោះ ក្លិបប៉េតង់យោធភូមិភាគពិសេស ប្រជែងបានមេដាយមាស២គ្រឿង គឺឈរនៅចំណាត់ថ្នាក់កំពូល
តារាង ។ក្លិបប៉េតង់ទីស្ដីការគណៈរដ្ឋមន្ត្រីដណ្ដើម បានមេដាយមាស១គ្រឿង ។ក្លិបប៉េតង់ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយមាស១គ្រឿង
និងមេដាយប្រាក់១គ្រឿង ។ក្លិបប៉េតង់មន្ទីរអប់រំខេត្តបាត់ដំបង បានមេដាយមាស១គ្រឿង និងក្លិបប៉េតង់សេនារាជសីហ៍ នៃអគ្គស្នងការនគរបាលជាតិបាន មេដាយមាស១គ្រឿងដែរ ។
ជាមួយនឹងការប្រកួតនេះសហព័ន្ធ បានសម្លឹងឃើញថា នេះជាវេទិកាដែលសហព័ន្ធអាច សម្លឹងរកឃើញកីឡាករកីឡាការិនីក្មេងៗ ដែលមានសក្ដានុពល និងឧបនិស្ស័យខាងកីឡាប៊ូល និង ប៉េតង់ដែលពួកគេអាច ទទួលបានឧិកាសចូលរួម ប្រមូលផ្ដុំក្នុងជម្រើសជាតិយុវជន ឬថ្នាលនាឆ្នាំបន្តបន្ទាប់ ៕