អ៊ុយក្រែន បំផ្លាញភស្ដុតាង កម្មវិធីអាវុធជីវសាស្ត្រ គាំទ្រដោយសហរដ្ឋអាមេរិក
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់ថា រដ្ឋាភិបាលអ៊ុយក្រែន បានបញ្ជាឱ្យយោធារបស់ខ្លួន បំផ្លាញភស្តុតាង នៃអាវុធជីវសាស្ត្រដែល ផ្ដល់ជំនួយដោយ សហរដ្ឋអាមេរិក ក្នុងនោះរួមមានទាំងការបំផ្លាញ ហ្សែននៃវីរុសជាច្រើន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន RT នៅថ្ងៃចន្ទ ទី៧ ខែមីនា ឆ្នាំ២០២២។
ការអះអាងខាងលើរបស់ក្រសួងការពារជាតិរុស្ស៊ី កើតមានឡើង បន្ទាប់ពីសេចក្ដីរាយការណ៍ថា កងទ័ពរុស្ស៊ី បានបើកការវាយប្រហារដោយមាន គោលដៅលើមន្ទីរពិសោធន៍ មួយចំនួននៅក្នុងប្រទេសអ៊ុយក្រែន ដែលដំណើរការក្រោមជំនួយ ហិរញ្ញវត្ថុពីសហរដ្ឋអាមេរិក។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយ កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅនេះ, ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ដូច្នេះថា «យើងទទួលបាន ឯកសារជាច្រើនពីបុគ្គលិក នៃមន្ទីរពិសោធន៍របស់អ៊ុយក្រន ជុំវិញការបំផ្លាញ កាលពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ ជាបន្ទាន់ នូវភស្ដុតាងនានាដែលមាន ជាប់ពាក់ព័ន្ធនឹងហ្សែននៃវីរុស ដ៏កាចសាហាវជាច្រើន ក្នុងនោះរួមមានទាំងវីរុសនៃ ជំងឺអង់ត្រាក់ ជាដើម»។ ប៉ុន្តែទាំងសហរដ្ឋអាមេរិក និងអ៊ុយក្រែន មិនទាន់ធ្វើអត្ថាធិប្បាយឆ្លើយតប ទៅនឹងការចោទប្រកាន់ របស់ទីក្រុងម៉ូស្គូ នៅឡើយទេ៕