ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ឃាត់បានយានយន្តចំនួន៣០គ្រឿងថែមទៀតដើម្បីត្រួតពិនិត្យ
ខេត្តព្រះវិហារ៖ អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ នៅលើដងផ្លូវជាតិលេខ៦២ នៅតែបន្តមាន, ក្នុងនោះសម្រាប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញនេះ ក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ឃាត់បានយានយន្តចំនួន៣០គ្រឿងថែមទៀតដើម្បីត្រួតពិនិត្យ។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានអោយដឹងថា អ្នកបើកបរល្មើសច្បាប់ចរាចរណ៍ លើដងផ្លូវជាតិលេខ៦២ នៅតែបន្តមានស្ទើរជារៀងរាល់ថ្ងៃ បើទោះបីជាក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសខេត្ត ចុះសហការជាមួយអាជ្ញាធរស្រុក បានដាក់កម្លាំងប្រចាំការស្ទាក់ចាប់ទាំងយប់ទាំងថ្ងៃក្តី ។
ជាក់ស្តែងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញនេះ ក្រុមការងារខេត្តអនុវត្តន៍ច្បាប់ចរាចរណ៍ ដោយបានសហការជាមួយអាជ្ញាធរស្រុក បានឃាត់យានយន្តចំនួន ៣០គ្រឿង ដើម្បីត្រួតពិនិត្យ និងធ្វើការផាកពិន័យតាមច្បាប់។
យោងតាមរបាយការណ៍របស់ ក្រុមការងារទាំងពីរគោលដៅដែលបានឈរជើងលើដងផ្លូវជាតិលេខ៦២ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រុមការងារខេត្តអនុវត្តន៍ច្បាប់ចរាចរណ៍ ដោយបានសហការជាមួយអាជ្ញាធរស្រុក បានឃាត់យានយន្តចំនួន ៣០គ្រឿង ក្នុងនោះ ពិនិត្យឃើញថាត្រឹមត្រូវចំនួន ១០ គ្រឿងដឹកសំពីងសំពោង ចំនួន ០២ គ្រឿង ខ្វះឯកសារ ចំនួន ១០ គ្រឿង ឯកសារក្លែងក្លាយ ចំនួន ០១ គ្រឿងគ្មានបណ្ណបើកបរ ចំនួន ០៤ នាក់ បណ្ណបើកបរក្លែងក្លាយ ចំនួន ០១នាក់រថយន្តគ្មានផ្លាកលេខ ចំនួន ០២ គ្រឿង។
បច្ចុប្បន្នយានយន្តទាំងនោះ ក្រុមការងារបានធ្វើការផាកពិន័យ និងធ្វើការអប់រំណែនាំតាមនីតិវិធី។
គួររំលឹកថា កាលពីថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែរអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែនបានដាក់ឱសានវាទ ចាប់ពីម៉ោង០០យប់ថ្ងៃទី៩កុម្ភៈ តទៅ គ្មានវត្តមានឡាន តទ្រុង លើដងផ្លូវទៀតឡើយ។ បើមាននៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្ត និងក្រុងនោះ ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ាឬអ្នកកាង ទោះជាឋានៈណាក៏ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់ និងបញ្ចូលព្រៃសតែម្តង៕