ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដាយអន្តរជាតិ ៣៧០គ្រឿង នឹងកើនឡើងបន្ទាប់ពីស៊ីហ្គេម នៅវៀតណាមនិងឆ្នាំ២០២៣

82

ភ្នំពេញ៖ប្រភេទកីឡាប៊ូលនិងប៉េតង់កម្ពុជា ដណ្តើមបានមេដាយពីលើឆាកអន្តរជាតិសរុបចំនួន៣៧០គ្រឿងក្នុងនោះមេដាយមាស ១០៨គ្រឿង ប្រាក់១៣១គ្រឿង និងសំរឹទ្ធ១៣១គ្រឿង។
នេះជាសមិទ្ធផលមិនអាចកាត់ថ្លៃ បានហើយបើប្រៀបធៀបទៅនឹង សហព័ន្ធកីឡាជាតិដទៃៗទៀតគឺវិស័យ កីឡាប៉េតង់កំពុងឈានមុខគេក្នុងការដណ្តើម មេដាយច្រើនជាងគេយកមកជូនជាតិ។បើនិយាយពីការចូលរួមប្រកួតកីឡាស៊ីហ្គេម គឺប្រភេទកីឡាប៉េតង់ធ្លាប់ដណ្តើម បានមេដាយមាស ១១គ្រឿង។
ប្រភេទកីឡាមិនមែនអូឡាំពិកមួយនេះ មិនត្រឹមតែធ្វើឲ្យប្រទេសក្នុងតំបន់ និង ក្នុងទ្វីបរអែងប៉ុណ្ណោះទេតែប្រភេទកីឡា
មួយនេះបានរាតត្បាត ពិភពលោកតែម្ដង ។ប្រទេសបារាំងដែលជាស្ថាបនិកនៃប្រភេទកីឡានេះ ក៏ធ្លាប់ចាញ់កម្ពុជាហើយថែមទាំងបានចាត់ទុក
កម្ពុជាគឺជាយក្សានៃប្រភេទកីឡាប៊ូល និង ប៉េតង់ក្នុងពិភពលោក ។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡានិងជាប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជាបានលើកឡើងថា សមិទ្ធផលមេដាយដែលសហព័ន្ធដណ្តើមបានពីឆាកអន្តរជាតិក្រោមការដឹកនាំរបស់អតីតថ្នាក់ដឹកនាំជាច្រើនរូបបានបន្សល់ទុកនូវកេរ្តិ៍ដំណែលដ៏មានសារសំខាន់មិនអាចកាត់ថ្លៃបាន ដើម្បីបន្តពូជទៅថ្ងៃអនាគត ជាពិសេសគឺគោលដៅស៊ីហ្គេមពីរលើកចំពោះមុខ គឺស៊ីហ្គេម ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ប្រមុខកីឡាប៊ូលនិងប៉េតង់រួបនេះបង្ហាញនូវជំនឿចិត្តថាយើងនឹងបន្តប្រជែងបានមេដាយជាបន្តបន្ទាប់ទៀតជាពិសេសគឺការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជាតែម្តង។ស្ថិតិនៃមេដាយរបស់កម្ពុជាមិននៅទ្រឹងតែត្រឹមនេះទេ
តែចំនួននេះនឹងបន្តកើនឡើងពិសេសស៊ីហ្គេមនៅវៀតណាមនាឆ្នាំនេះនិងឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។
ចក្ខុវិស័យដើម្បីបន្តដំណើរការអភិវឌ្ឍវិស័យកីឡាប៉េតង់ កម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀតសហព័ន្ធនឹងរៀបចំធ្វើតារាងប៊ូលឲ្យបាន៤ ក្នុងខេត្តនីមួយៗ ហើយប្រមាណ១០០តារាង សម្រាប់២៥រាជធានី-ខេត្ត ជាបន្តបន្ទាប់ សហព័ន្ធស្នើឲ្យក្លិប-សមាគមប៊ូល និងប៉េតង់នានា សុំមកសហព័ន្ធ ដើម្បីសហព័ន្ធពិនិត្យ និងសម្រេចតាមការស្នើសុំ។

ការរៀបចំសាងសង់តារាងប៊ូលនេះនឹងរៀបចំនូវការកំណត់ស្តង់ដាររួមមួយដូចសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលសាងសង់ទីលានបាល់ទាត់នៅគ្រប់រាជធានី-ខេត្ត ដើម្បីការអភិវឌ្ឍដូចគ្នា។ គម្រោងតារាងប៊ូលនេះ អាចនឹងធ្វើរួចរាល់ ក្នុងរយៈពេល១ឆ្នាំ ដោយមិនទាន់បំពាក់ដំបូលនោះទេ ហើយសម្រាប់ឆ្នាំបន្ទាប់អាចនឹងសាងសង់ដំបូល១ ឬ២ ក្នុងចំណោមតារាងចំនួន៤។
ជាមួយគ្នានេះសហព័ន្ធបើកឱកាសឲ្យ បណ្តាក្លិបសមាគមតាមរាជធានីខេត្តចូលរួម ប្រកួតប្រជែងឲ្យបានច្រើនជាពិសេស គឺសហព័ន្ធជំរុញទឹកចិត្តដល់យុវជន យុវនារី តាមប្រភេទអាយុ ឲ្យចូលរួមប្រកួតដែរ ដើម្បីអភិវឌ្ឍកម្រិតយុវជនឲ្យបានល្អប្រសើរ ដូចក្រុមឈុតធំទៀតផង៕

អត្ថបទដែលជាប់ទាក់ទង