ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅឆ្នាំ២០២១ពាណិជ្ជកម្មកម្ពុជា-អឺរ៉ុប កើនដល់ ៤,៥ពាន់លានអឺរ៉ូ

44

 

ភ្នំពេញ ៖ នៅឆ្នាំ២០២១ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អឺរ៉ុប បានកើនឡើងដល់ ៤,៥ពាន់លានអឺរ៉ូ ខណៈភាគីទាំង២ ក៏បានពិភាក្សាពីវិធានការស្តារសេដ្ឋកិច្ចឡើងវិញ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី រួមទាំងការដកជាបណ្តោះអាសន្ន នូវផ្នែកខ្លះនៃការអនុគ្រោះពន្ធ ពាណិជ្ជកម្មរបស់សហភាពអឺរ៉ុប ក្រោមគម្រោងគ្រប់យ៉ាង លើកលែងតែសព្វាអាវុធ (EBA)។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពីកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា និងសហភាពអឺរ៉ុប លើកទី១១ ដែលបានធ្វើឡើងនាថ្ងៃទី១០-១១ ខែមីនា ឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ។

លោក លុយ ដាវីត រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំ កិច្ចប្រជុំនេះ ជាមួយលោកស្រី Paola PAMPALONI អនុប្រធានគ្រប់គ្រង ប្រចាំតំបន់អាស៉ី និងប៉ាស៉ីហ្វិក នៃមន្ទីរកិច្ចការបរទេសសហភាពអឺរ៉ុប។

សេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចប្រជុំអនុក្រុម ស្តីពីពាណិជ្ជកម្ម និងការវិនិយោគ បានពិនិត្យមើលឡើងវិញទៅលើពាណិជ្ជកម្មទ្វេភាគី កម្ពុជា-សហភាពអឺរ៉ុប និងបរិយាកាសវិនិយោគនៅកម្ពុជា។ ក្នុងឆ្នាំ២០២០ និង២០២១ ពាណិជ្ជកម្មទ្វេភាគីរវាងភាគីទាំង២ មានតម្លៃ ៤,៣ ពាន់លានអឺរ៉ូ និង ៤,៥ ពាន់លានអឺរ៉ូ ក្នុងឆ្នាំនីមួយៗ»។

កិច្ចប្រជុំក៏បានពិភាក្សាផងដែរ អំពីវិធានការស្តារសេដ្ឋកិច្ចឡើងវិញ ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី រួមទាំងការដកជា បណ្តោះអាសន្ននូវផ្នែកខ្លះ នៃការអនុគ្រោះពន្ធពាណិជ្ជកម្ម របស់សហភាពអឺរ៉ុប ក្រោមគម្រោងគ្រប់ យ៉ាងលើកលែងតែសព្វាអាវុធ (EBA) កិច្ចសហប្រតិបត្តិការ បច្ចេកទេសបញ្ហា នៃការចូលទៅកាន់ទីផ្សារ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជាបន្ត ដើម្បីធ្វើឱ្យកាន់តែ ប្រសើរឡើងថែមទៀត នូវបរិយាកាសធុរកិច្ច រួមទាំងច្បាប់វិនិយោគថ្មី និងការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។

ភាគីទាំងពីរក៏បាន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីធានាថាបរិយាកាស វិនិយោគរបស់កម្ពុជា នៅតែបើកចំហ មានការសម្របសម្រួលយ៉ាងល្អ មានលក្ខណៈប្រកួតប្រជែង និងអំណោយផល ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព។ កិច្ចប្រជុំ ក៏បានផ្លាស់ប្តូរទស្សនៈអំពីការអភិវឌ្ឍពាណិជ្ជកម្មតំបន់ និងសកល ដែលក្នុងនោះ រួមបញ្ចូលទាំងបច្ចុប្បន្នភាព ស្តីពីសមាហរណកម្មសេដ្ឋកិច្ច នៅក្នុងអាស៊ាន និងនៅទូទាំងតំបន់អាស៉ី-ប៉ាស៉ីហ្វិក ទំនាក់ទំនងពាណិជ្ជកម្ម តំបន់អាស៊ាន-សហភាពអឺរ៉ុប ព្រមទាំងបច្ចុប្បន្នភាព ស្តីពីកំណែទម្រង់ អង្គការពាណិជ្ជកម្មពិភពលោកជាដើម។

សូមជម្រាបថា សហភាពអឺរ៉ុប បានសម្រេចជាស្ថាពរ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្នុងការដក EBA ដោយយកពន្ធលើទំនិញកម្ពុជា ២០ភាគរយ។ តាមការវាយតម្លៃ ការកាត់ផ្នែកខ្លះ នៃប្រព័ន្ធអនុគ្រោះពន្ធនេះ មានទឹកប្រាក់ប្រមាណជាង ១០០លានដុល្លារអាមេរិក លើកផលិតផល ៤០មុខ៕

អត្ថបទដែលជាប់ទាក់ទង