នាវាចម្បាំង ជប៉ុនពីរគ្រឿង នឹងចូលចតនៅ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ
ព្រះសីហនុ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ បានឱ្យដឹងថា នាវាចម្បាំងជប៉ុនចំនួន ពីរគ្រឿង ប្រចាំតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិកនឹង ចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រយៈពេល ៣ ថ្ងៃ ចាប់ពី ថ្ងៃទី ១៥ -១៧ ខែមីនា ឆ្នាំ ២០២២ ខាងមុខនេះ ដើម្បីបំពេញទស្សនកិច្ចជាមិត្តភាព នៅកម្ពុជា និងជាការរំលឹកអបអរសាទខួបលើកទី ៣០ នៃកិច្ចសហប្រតិបត្តិការរក្សា សន្តិភាពនៅក្នុង ប្រទេស កម្ពុជា ។ ក្នុងពេលបំពេញទស្សនកិច្ច នៅ កម្ពុជាប្រតិភូនាវាស្វ័យការពារជប៉ុន នឹងជួបសម្តែង ការគួរសម ជាមួយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ។
នាវា ទី ១ ឈ្មោះ URAGA – 463 ជាប្រភេទនាវា ប្រឆាំងមីន មានបណ្ដោយប្រវែង ១៤១ ម៉ែត្រ ទទឹង ២២ ម៉ែត្រ ជម្រៅ៥,៤ ម៉ែត្រ មានទំងន់ផ្ទុក ៥.៦៥០ តោន និងមាននាវិកចំនួន ១២៦ នាក់ ។
នាវា ទី ២ ឈ្មោះ HIRADO – 305 មាន បណ្ដោយប្រវែង ៦៧ ម៉ែត្រ ទទឹង ១១ ម៉ែត្រ ជម្រៅ ២,៧ ម៉ែត្រ មានទំងន់ផ្ទុក ៦៩០ តោន និងមាននាវិក ចំនួន ៥៤ នាក់ ។
នាវាទាំងពីរគ្រឿងនេះ ដឹកនាំបញ្ជារួម ដោយ លោក Noguc hi Yasushi មេបញ្ជាការកងពលធំ ទី ១ បោសសំអាតមីនប្រចាំ តំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ៕